ឯកឧត្តម ប៊ូ ជុំសេរី៖ ចំនួនទូក និងកីឡាករ កីឡាការិនីចំណុះទូក ឆ្នាំ២០២៤ កើនឡើងច្រើនជាងពិធីបុណ្យអុំទូក ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ អនុ​គណៈកម្មការ​បច្ចេកទេស​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ​បញ្ជាក់​ថា នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ មាន​ទូក​អុំ និង​ទូក​ចែវ សរុប ៣៤៨​ទូក និង​មាន​ចំណុះ​ទូក​ជា​កីឡាករ កីឡាការិនី ២២០៤២​នាក់ ដោយ​ចំនួន​នេះ​បាន​កើនឡើង​ច្រើន​ជាង​ព្រឹត្តិការណ៍​ដូច​គ្នា កាលពី​ឆ្នាំ​២០២៣​កន្លង​ទៅ​។

ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP នៅ​ទីធ្លា​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ប៊ូ ជុំ​សេរី បាន​សង្កត់ធ្ងន់​ថា ក្នុង​ចំណោម​ទូក​សរុប ចំនួន ៣៤៨​ទុក ក្នុង​នោះ​មាន​ចំនួន​ទូក​អុំ​បុរស​ចំនួន ១៧១​ទូក ចែវ​បុរស​ចំនួន ៤៤​ទូក ទូក​ខ្នាត​អន្តរជាតិ​បុរស ១៣០​ទូក ខ្នាត​អន្តរជាតិ​នារី ៣​ទូក​។ កម្លាំង​ចំណុះ​ទូក​ជា​កីឡាករ កីឡាការិនី​សរុប ២២០៤២​នាក់ ក្នុង​នោះ​ចំនួន​ចំណុះ​ទូក​ពេញ​សិទ្ធិ​បុរស ១៧៥៤​នាក់ និង​នារី​១០៦​នាក់ ខណៈ​ចំណុះ​ទូក​បម្រុង​បុរស ៤២៩៤​នាក់ និង​នារី ១០២​នាក់​។

ចំនួន​ទូក និង​ចំណុះ​ទូក​នេះ​មក​ពី​ក្រសួង រាជធានី​-​ខេត្ត អង្គភាព​ស្ថាប័ន សមាគម​សរុប​ចំនួន ២៧ ក្នុង​នោះ​ខេត្ត​ដែល​បាន​បញ្ជូន​ទូក​មក​ចូលរួម​ប្រណាំងទូក​ច្រើន​ជាងគេ​ឈរ​នៅ​លំដាប់ថ្នាក់​ពី​លេខ​១​ដល់​លេខ​៤ រួម​មាន​ខេត្តព្រៃវែង ខេត្តកណ្តាល រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ចាម​។

កត្តា​សំខាន់​ៗ ដែល​ធ្វើ​ឱ្យ​ចំនួន​ទូក និង​ចំណុះ​ទូក​កើនឡើង​ច្រើន​ជាង ឆ្នាំ​២០២៣​កន្លង​ទៅ ត្រូវ​បាន​ឯកឧត្តម​ប្រធាន​គណៈមេប្រយោគ​រូប​នេះ​កត់សម្គាល់​លើ​មូលហេតុ​ចម្បង​មួយ​ចំនួន ដូច​ជា​កត្តា​សុខ​សន្តិភាព​ពេញលេញ​ទូ​ទាំង​ប្រទេស និង​ការ​រីក​ចម្រើន ដែល​ជា​ឱកាស​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ ដោយ​មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​។ យើង​អាច​វាយតម្លៃ​បាន​ថា ប្រជាពលរដ្ឋ​កាន់តែ​មាន​ជំនឿ​ទុកចិត្ត​កាន់តែ​ខ្លាំង ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​គោលនយោបាយ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​។ ម្យ៉ាងទៀត គឺ​ប្រជាពលរដ្ឋ​មាន​ឆន្ទៈ​ខ្ពស់ ក្នុង​ការ​ចូលរួម​លើក​ស្ទួយ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​យើង​កាន់តែ​ខ្លាំង​ឡើង​ៗ ដែល​ជា​ការ​គាំទ្រ​ដល់​ការ​អភិរក្ស​នៃ​ពិធីបុណ្យ​ជាតិ​ដ៏​ធំ​នេះ​ផង​ដែរ​៕

Previous articleកម្ពុជាត្រៀមដាក់៤០ប្រភេទកីឡាប្រកួតប្រជែងមេដាយ ក្នុងកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥
Next articleក្រុមកីឡាករ កីឡាការិនីអុំទូកកំពុងធ្វើការហាត់សមត្រៀមប្រកួតនៅព្រះរាជពិធីបុណ្យអុំទូក ក្នុងខេត្តសៀមរាប