កម្ពុជាត្រៀមដាក់៤០ប្រភេទកីឡាប្រកួតប្រជែងមេដាយ ក្នុងកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥

ភ្នំពេញ៖ កម្ពុជា​បាន​ត្រៀម​ចាត់​បញ្ជូន​ប្រតិភូ​កីឡា​លើ​៤០​ប្រភេទ​កីឡា ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ នា​ខែធ្នូ ឆ្នាំ​២០២៥​ខាង​មុខ ខណៈ​ម្ចាស់ផ្ទះ ថៃ បាន​ប្រកាស​ដាក់​ប្រភេទ​កីឡា​សរុប​ចំនួន ៥០​។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ NOCC​។

ឯកឧត្តម វ៉ា​ត់ ចំរើន គូសបញ្ជាក់​ថា កិច្ចប្រជុំ​នេះ​ផ្ដោត​សំខាន់​លើ​ការ​ផ្សព្វផ្សាយ​ប្រភេទ​កីឡា និង​វិញ្ញាសា​ជូន​ដល់​សហព័ន្ធ​កីឡា​ជាតិ​នានា​របស់​កម្ពុជា ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត និង​ត្រៀមខ្លួន​ទាំង​ការ​ហ្វឹកហាត់ យុទ្ធសាស្ដ្រ ពិសេស​បង្កើន​គុណ​ផល​កម្រិត​ខ្ពស់ ឆ្ពោះទៅ​ប្រជែង​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម លើក​ទី​៣៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​០៩-២០ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ​។

ប្រតិបត្តិ​ករ​កីឡា​កម្ពុជា​រូប​នេះ​សង្កត់ធ្ងន់​ថា ក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ កាលពី​ពេល​ថ្មី​ៗ បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ថៃ​បាន​សម្រេច​ដាក់​ប្រភេទ​កីឡា​ចំនួន ៥០ ស្មើនឹង ៥៦៩​វិញ្ញាសា​។ ចំពោះ​ប្រទេស​កម្ពុជា គឺ​បាន​ត្រៀម​កីឡា​ចន្លោះ​ពី​ជាង ៣០ ទៅ ៤០​ប្រភេទ​កីឡា ដើម្បី​ចូលរួម​ការ​ប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ រៀង​រាល់​២​ឆ្នាំ​ម្តង​មួយ​នេះ​។

បន្ថែម​ពីលើ​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន ក៏​បាន​ក្រើនរម្លឹក​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​ធ្វើការ​រួម​គ្នា ត្រៀម​យុទ្ធសាស្ត្រ​បែប​ណាខ្លះ និង​កម្រិត​ណា ដើម្បី​រក្សា​នូវ​សមិទ្ធផល​ដូច​ពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ កាលពី​ឆ្នាំ​២០២៣​។ ជាក់ស្ដែង ឆ្នាំ​២០២៣ លើ​ទឹកដី​ខ្លួន កម្ពុជា​ទទួល​បាន​មេដាយមាស​ដល់​ទៅ ៨១​គ្រឿង​។ នេះ​ជា​បញ្ហា​សំខាន់​ដែល​ត្រូវ​ត្រៀម​យុទ្ធសាស្ត្រ​ក្នុង​ការ​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​។ ប្រសិនបើ​ចំនួន​មេដាយ​ធ្លាក់​ចុះ គឺ​ដោយសារ​តែ​ប្រភេទ​កីឡា​ដែល​ធ្លាប់​មាន​សក្តានុពល​ដូច​ជា​វ៉ូ​វី​ណា​ម ដែល​ធ្លាប់​ឈ្នះ​មេដាយមាស ១៥​គ្រឿង ក្នុង​នាម​ជា​ម្ចាស់ផ្ទះ គឺ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ថៃ មិន​បាន​ដាក់​ប​ញ្ជូ​ល​នូវ​ប្រភេទ​កីឡា​នេះ​ឡើយ​។ មូលហេតុ​មួយទៀត គឺ​ដោយសារ​ម្ចាស់​មេដាយមាស​របស់​កម្ពុជា ទាំង​ពីរ​នាក់ ដូច​ជា កីឡាការិនី​តេ​ក្វា​ន់​ដូ WT ស៊ន សៀវ​ម៉ី និង​កីឡាការិនី​ជឺ​ជី​តស៊ូ ខាន់ ចេ​សា បាន​ចូល​និវត្តន៍​ហើយ​។ យ៉ាងណា​ឱ្យ​តែ​មានការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ កីឡាការិនី​ប្រឹងប្រែង​អស់ពី​លទ្ធភាព និង​អាច​ទទួលយក​បាន​សម្រាប់​កិត្តិយស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​៕

Previous articleSpurs ដាក់គោលដៅយកកីឡាករ Jack Grealish នៅទីផ្សារដោះដូររដូវក្តៅ
Next articleឯកឧត្តម ប៊ូ ជុំសេរី៖ ចំនួនទូក និងកីឡាករ កីឡាការិនីចំណុះទូក ឆ្នាំ២០២៤ កើនឡើងច្រើនជាងពិធីបុណ្យអុំទូក ឆ្នាំ២០២៣