សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមកីឡាករ កីឡាការិនីអុំទូក បានកំពុងតែធ្វើការហាត់សមយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមប្រកួតយកជ័យជំន្នះ។
លោក លី វណ្ណៈ អ្នកនាំពាក្យ និងនាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា រហូតមកដល់ពេលនេះ ការរៀបចំតាមទីតាំងនីមួយៗ គឺស្ទើរតែរួចរាល់ទាំងស្រុងហើយ ដោយនៅសល់ការងារតិចតួចក្រុមការងារកំពុងតែបង្ហើយ។ ដោយសារតែនៅក្នុងខេត្តសៀមរាប ឆ្នាំនេះក៏មានការរៀបចំព្រះរាជពិធីបុណ្យអុំទូកដូចនៅរាជធានីដែរ ភ្ញៀវទេសចរអាចនឹងមកកម្សាន្តច្រើន ព្រោះថា ក្រៅពីបានទស្សនាកម្សាន្តកម្មវិធីប្រណាំងទូក នៅតាមដងស្ទឹងសៀមរាប និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀតផងនោះ ភ្ញៀវទេសចរ ក៏បានទៅកម្សាន្តនៅតំបន់ប្រាសាទបុរាណ តំបន់ភ្នំគូលែន តំបន់បឹងទន្លេសាប និងសហគមន៍ទេសចរណ៍ជាច្រើនផងដែរ។
ជាមួយគ្នានេះអាជ្ញាធរក៏បានធ្វើការណែនាំឱ្យម្ចាស់កន្លែងផ្តល់សេវាកម្មទេសចរណ៍ទាំងអស់ដូចជា សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូន មិនឱ្យធ្វើការដំឡើងថ្លៃនោះទេ ដើម្បីធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរដែលមានមកកម្សាន្តនៅខេត្តសៀមរាបបានសប្បាយ និងពេញចិត្តចំពោះការផ្តល់សេវាទេសចរណ៍។
ទន្ទឹមនឹងនេះ លោក លី វណ្ណៈ បានបង្ហាញក្ដីរំពឹងថា កម្មវិធីប្រណាំងទូកនៅស្ទឹងសៀមរាបនេះនឹងមានភ្ញៀវទេសចរមកកម្សាន្តច្រើន និងបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសប្រតិបត្តិករទេសចរណ៍៕