ភ្នំពេញ៖ ឆ្លងកាត់ការប្រជុំត្រួតពិនិត្យសមាភាសគណៈកម្មការបច្ចេកទេស ការបែងចែកភារកិច្ចតាមផ្នែកបច្ចេកទេសនីមួយៗ ត្រូវបានឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការបច្ចេកទេសប្រណាំងទូកនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានអះអាងថា កម្លាំងក្រុមការងារបច្ចេកទេសជាង ២០០នាក់បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅមុខព្រះមរមរាជវាំង។
នេះជាការអះអាងរបស់ឯកឧត្តម ប៊ូ ជុំសេរី ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការងារប្រណាំងទូក កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍បានសង្កត់ធ្ងន់ថា ៖«មកដល់ពេលនេះ គឺក្រុមគណៈកម្មការបច្ចេកទេសបានត្រៀមលក្ខណៈរួចរាល់អស់ហើយ ដោយមានក្រុមការងារបច្ចេកទេសជាង២០០នាក់ ដែលត្រៀមនៅចំណុចគោលដៅទាំងអស់ដូចជាទីចេញដំណើរ ទីផ្តាច់ព្រ័ត្រជាដើម។ ក្រៅពីនេះការត្រៀមលក្ខណៈលើឧបករណ៍ សម្ភារគ្រប់ផ្នែកទាំងអស់ក៏រួចរាល់ដូចគ្នាផងដែរ»។
ជារួម គណៈកម្មការបច្ចេកទេសរៀបចំប្រណាំងទូកគ្រប់ផ្នែកទាំងអស់បានត្រៀមលក្ខណៈល្អប្រសើរ តាមផែនការ ដែលបានគ្រោងទុក ដើម្បីជំរុញឱ្យការប្រណាំងទូកនៃព្រះរាជពិធីបុណ្យទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅមុខព្រះមរមរាជវាំង រយៈពេល៣ថ្ងៃពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ឱ្យដំណើរការដោយរលូន និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
គួរបញ្ជាក់ថា ការប្រណាំងទូក ឆ្នាំ២០២៤នេះមានទូកចូលរួមសរុប ចំនួន ៣៤៨ទុក ក្នុងនោះមានចំនួនទូកអុំបុរសចំនួន ១៧១ទូក ចែវបុរសចំនួន ៤៤ទូក ទូកខ្នាតអន្តរជាតិបុរស ១៣០ទូក ខ្នាតអន្តរជាតិនារី ៣ទូក។ កម្លាំងចំណុះទូកជាកីឡាករ កីឡាការិនីសរុប ២២ ០៤២នាក់ ក្នុងនោះចំនួនចំណុះទូកពេញសិទ្ធិបុរស ១ ៧៥៤នាក់ និងនារី១០៦នាក់ ខណៈចំណុះទូកបម្រុងបុរស ៤ ២៩៤នាក់ និងនារី ១០២នាក់។ ចំនួនទូក និងចំណុះទូក ឆ្នាំ២០២៤នេះបានកើនឡើងច្រើនជាងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០២៣ កន្លងទៅ ដោយមានទូកអុំ-ទូកចែវ សរុប ៣៣៧ទូក និងមានចំណុះទូកជាកីឡាករ កីឡាការិនីសរុប ២០ ៤១៧ នាក់។
ចំពោះរាជធានី-ខេត្ត និងក្រសួង ស្ថាប័ន អង្គភាពចូលរួមក្នុងឆ្នាំ២០២៤នេះក៏មានការកើនឡើងដែរ សរុប២៧ស្ថាប័ន ដោយកាលពីឆ្នាំ២០២៣ កន្លងទៅសរុបមានចំនួន២៥ក្រសួងស្ថាប័នអង្គភាពសមាគម។ សម្រាប់រាជធានី-ខេត្ត ដែលបានបញ្ជូនទូកមកចូលរួមប្រណាំងទូកច្រើនជាងគេឈរនៅលំដាប់ថ្នាក់ពីលេខ១ដល់លេខ៤ ក្នុងឆ្នាំ២០២៤នេះ រួមមាន៖ ខេត្តព្រៃវែង ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តកំពង់ចាម៕