ឯកឧត្តម ប៊ូ ជុំសេរី ៖ កម្លាំងគណៈកម្មការបច្ចេកទេសជាង ២០០នាក់ បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រណាំងទូក រយៈពេល៣ថ្ងៃ

ភ្នំពេញ៖ ឆ្លងកាត់​ការ​ប្រជុំ​ត្រួតពិនិត្យ​សមា​ភាស​គណៈកម្មការ​បច្ចេកទេស ការ​បែងចែក​ភារកិច្ច​តាម​ផ្នែក​បច្ចេកទេស​នីមួយ​ៗ ត្រូវ​បាន​ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ អនុ​គណៈកម្មការ​បច្ចេកទេស​ប្រណាំងទូក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ​បាន​អះអាង​ថា កម្លាំង​ក្រុមការងារ​បច្ចេកទេស​ជាង ២០០​នាក់​បាន​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ការ​ប្រណាំងទូក ក្នុង​ព្រះរាជ​ពិធីបុណ្យ​ទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ នៅ​មុខ​ព្រះ​មរ​ម​រាជវាំង​។

នេះ​ជា​ការ​អះអាង​របស់​ឯកឧត្តម ប៊ូ ជុំ​សេរី ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP នៅ​ក្នុង​ឱកាស​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការងារ​ប្រណាំងទូក កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤​។

ឯកឧត្តម​អនុប្រធាន​អចិន្ត្រៃយ៍​បាន​សង្កត់ធ្ងន់​ថា ៖«​មក​ដល់​ពេល​នេះ គឺ​ក្រុម​គណៈកម្មការ​បច្ចេកទេស​បាន​ត្រៀមលក្ខណៈ​រួចរាល់​អស់ហើយ ដោយ​មាន​ក្រុមការងារ​បច្ចេកទេស​ជាង​២០០​នាក់ ដែល​ត្រៀម​នៅ​ចំណុច​គោលដៅ​ទាំងអស់​ដូច​ជាទី​ចេញដំណើរ ទី​ផ្តាច់ព្រ័ត្រ​ជាដើម​។ ក្រៅពី​នេះ​ការ​ត្រៀមលក្ខណៈ​លើ​ឧបករណ៍ សម្ភារ​គ្រប់​ផ្នែក​ទាំងអស់​ក៏​រួចរាល់​ដូច​គ្នា​ផង​ដែរ​»​។

ជា​រួម គណៈកម្មការ​បច្ចេកទេស​រៀបចំ​ប្រណាំងទូក​គ្រប់​ផ្នែក​ទាំងអស់​បាន​ត្រៀមលក្ខណៈ​ល្អ​ប្រសើរ តាម​ផែនការ ដែល​បាន​គ្រោងទុក ដើម្បី​ជំរុញ​ឱ្យ​ការ​ប្រណាំងទូក​នៃ​ព្រះរាជ​ពិធីបុណ្យ​ទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ នៅ​មុខ​ព្រះ​មរ​ម​រាជវាំង រយៈពេល​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​១៤-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​ឱ្យ​ដំណើរការ​ដោយ​រលូន និង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

គួរ​បញ្ជាក់​ថា ការ​ប្រណាំងទូក ឆ្នាំ​២០២៤​នេះ​មាន​ទូក​ចូលរួម​សរុប ចំនួន ៣៤៨​ទុក ក្នុង​នោះ​មាន​ចំនួន​ទូក​អុំ​បុរស​ចំនួន ១៧១​ទូក ចែវ​បុរស​ចំនួន ៤៤​ទូក ទូក​ខ្នាត​អន្តរជាតិ​បុរស ១៣០​ទូក ខ្នាត​អន្តរជាតិ​នារី ៣​ទូក​។ កម្លាំង​ចំណុះ​ទូក​ជា​កីឡាករ កីឡាការិនី​សរុប ២២ ០៤២​នាក់ ក្នុង​នោះ​ចំនួន​ចំណុះ​ទូក​ពេញ​សិទ្ធិ​បុរស ១ ៧៥៤​នាក់ និង​នារី​១០៦​នាក់ ខណៈ​ចំណុះ​ទូក​បម្រុង​បុរស ៤ ២៩៤​នាក់ និង​នារី ១០២​នាក់​។ ចំនួន​ទូក និង​ចំណុះ​ទូក ឆ្នាំ​២០២៤​នេះ​បាន​កើនឡើង​ច្រើន​ជាង​ព្រឹត្តិការណ៍​ដូច​គ្នា កាលពី​ឆ្នាំ​២០២៣ កន្លង​ទៅ ដោយ​មាន​ទូក​អុំ​-​ទូក​ចែវ សរុប ៣៣៧​ទូក និង​មាន​ចំណុះ​ទូក​ជា​កីឡាករ កីឡាការិនី​សរុប ២០ ៤១៧ នាក់​។

ចំពោះ​រាជធានី​-​ខេត្ត និង​ក្រសួង ស្ថាប័ន អង្គភាព​ចូលរួម​ក្នុង​ឆ្នាំ​២០២៤​នេះ​ក៏​មានការ​កើនឡើង​ដែរ សរុប​២៧​ស្ថាប័ន ដោយ​កាលពី​ឆ្នាំ​២០២៣ កន្លង​ទៅ​សរុប​មាន​ចំនួន​២៥​ក្រសួង​ស្ថាប័ន​អង្គភាព​សមាគម​។ សម្រាប់​រាជធានី​-​ខេត្ត ដែល​បាន​បញ្ជូន​ទូក​មក​ចូលរួម​ប្រណាំងទូក​ច្រើន​ជាងគេ​ឈរ​នៅ​លំដាប់ថ្នាក់​ពី​លេខ​១​ដល់​លេខ​៤ ក្នុង​ឆ្នាំ​២០២៤​នេះ រួម​មាន​៖ ខេត្តព្រៃវែង ខេត្តកណ្តាល រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ចាម​៕

Previous articleក្រុមកីឡាករ កីឡាការិនីអុំទូកកំពុងធ្វើការហាត់សមត្រៀមប្រកួតនៅព្រះរាជពិធីបុណ្យអុំទូក ក្នុងខេត្តសៀមរាប
Next articleRuud van Nistelrooy ផ្តាំទៅកាន់កីឡាករ Man Utd យ៉ាងនេះ! មុនពេលគាត់ចាកចេញ