ជម្រើសជាតិនារីកម្ពុជាត្រូវប្រជែងជើងឯកជាមួយឥណ្ឌូណេស៊ី AFF Women’s Cup 2024

ភ្នំពេញ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ដណ្តើម​ម្ចាស់​ជើងឯក​ជាមួយ​ក្រុម​ឥណ្ឌូ​ណេ​ស៊ី នា​វេលា​ម៉ោង ៧:៣០​នាទី​យប់​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៤ នៅ​កីឡដ្ឋាន New Laos National Stadium ប្រទេស​ឡាវ​នៃ​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​នារី​ជើងឯក​អាស៊ាន (AFF Women’s Cup 2024)​។

បេក្ខភាព​របស់​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ បន្ទាប់​ពី​ក្រុម​នារី​កម្ពុជា​ធ្វើ​បាន​ល្អ​យ៉ាង​ល្អ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​បាន​យកឈ្នះ​ក្រុម​នារី​ទី​ម័​រ​ខាងកើត ដោយ​លទ្ធផល​បច្ចេកទេស ៣​ទល់​០ កាលពី​ល្ងាច​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២៤ នៅ​កីឡដ្ឋាន​ប្រទេស​ឡាវ​ដូច​គ្នា​។ ៣​គ្រាប់​របស់​ក្រុម​កម្ពុជា​ធ្វើ​សម្រេច​ដោយ​កីឡាការិនី សឿ​ន វិ​ផា នៅ​នាទី​៣៦ ដោយ​ប៉ា​ល់​ពិន័យ​១១​ម៉ែត្រ ខណៈ​២​គ្រាប់​ទៀត​ធ្វើ​សម្រេច​ដោយ​កីឡាការិនី ពឿ​ន គ​ន្ធា នៅ​នាទី​៧៤ និង​នៅ​នាទី ៩០​។ នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​របស់​ក្រុមបាល់ទាត់​នារី​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ លោក ឃួ​ន ឡា​បូ​រ៉ា​វី គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា ដែល​បាន​ធ្វើ​បាន​ល្អ​តាំងពី​វគ្គ​ជម្រុះ​ក្នុង​ពូ​ល រហូត​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​កំពុង​ត្រៀមខ្លួន​ប្រកួត​ដណ្តើម​ម្ចាស់​ដំណែង​ជើងឯក​ជាមួយ​ក្រុម​ជម្រើសជាតិ​នារី​ឥណ្ឌូ​ណេ​ស៊ី នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

គួរ​រម្លឹក​ថា ២​ប្រកួត​នៅ​វគ្គ​ពូ​ល​B គឺ​ក្រុម​កម្ពុជា​បាន​ប្រកួត​ស្មើ​ជាមួយ​ក្រុម​ឥ​ណ្ឌ​ណេ​ស៊ី ដោយ​លទ្ធផល ០​ទល់​០ ហើយ​បាន​យកឈ្នះ​ក្រុម​ម៉ា​ឡេ​ស៊ី ដោយ​លទ្ធផល ២​ទល់​០ ដោយ​ជ័យជម្នះ​១ និង​ស្មើ​១​ប្រកួត​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​នារី​កម្ពុជា ឈរ​លេខ​១ ក្នុង​ពូ​ល B​។ ក្រុម​នារី​កម្ពុជា​បាន​ឡើង​មក​ប្រកួត​ជាមួយ​ក្រុម​ទី​ម័​រ​ខាងកើត ដែល​ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​២ មក​ពី​ពូ​ល A ដោយ​លទ្ធផល ៣​ទល់​០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ដោយឡែក ក្រុម​ឥណ្ឌូ​ណេ​ស៊ី បាន​យកឈ្នះ​ក្រុម​សិង្ហ​បុរី នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល ៣​ទល់​០ កាលពី​យប់​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២៤​។

ដូច្នេះ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​នារី​អាស៊ាន AFF Women’s Cup 2024 នៅ​សល់​២​ប្រកួត​ចុង​ក្រោយ ដោយ​ក្រុម​នារី​ទី​ម័​រ​ខាងកើត​ត្រូវ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ​ក្រុម​សិង្ហ​បុរី នា​វេលា​ម៉ោង ១៥:០០ នា​ថ្ងៃ​ទី​០៥ ខែធ្នូ ខណៈ​ក្រុម​នារី​កម្ពុជា​ត្រូវ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ពានរង្វាន់​ជើងឯក​ជាមួយ​ក្រុម​នារី​ឥ​ណ្ឌ​ណេ​ស៊ី នា​វេលា​ម៉ោង ១៩:៣០ នាទី​យប់​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៤៕

Previous articleគ្រូបង្គោលកម្ពុជា៖ ក្រុមកម្ពុជានឹងប្រឹងប្រែងឱ្យបានល្អបំផុត ក្នុងការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric
Next articleការប្រកួតកីឡាជិះសេះផ្លោះរបារជើងឯកថ្នាក់ជាតិ ២០២៤ បានបញ្ចប់ដោយលទ្ធផលល្អប្រសើរ