ភ្នំពេញ៖ ការប្រកួតកីឡាជិះសេះលើវិញ្ញាសាលោតផ្លោះរបារ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ នៅទីលាន Genius Resort រាជធានីភ្នំពេញ បានបញ្ចប់ដោយជោគជ័យជាមួយនឹងលទ្ធផលល្អប្រសើររបស់កីឡាករ កីឡាការិនីចូលរួម។ ព្រឹត្តិការណ៍នេះបានធ្វើឡើងក្រោមអធិបតីភាពព្រះអង្គម្ចាស់ នរោត្តម ណានដាទេវី ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងតំណាង Genius Resort កាលពីល្ងាចថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០២៤។
លោកស្រី ស៊ាង ស្រីពៅ អគ្គលេខាធិការ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានគូសបញ្ជាក់ថា ការប្រកួតកីឡាជិះសេះ លើវិញ្ញាសាលោតផ្លោះរបារ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ នៅ Genius Resort រាជធានីភ្នំពេញ នៅឆ្នាំនេះ គឺកីឡាករ កីឡាការិនីជិះសេះធ្វើបានល្អខ្លាំងណាស់ បើប្រៀបធៀបនឹងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំមុន ដោយធ្វើបានត្រឹមកម្ពស់ ១ម៉ែត្រ ហើយនៅឆ្នាំ២០២៤នេះ ពួកគាត់ធ្វើសម្រេចបាន ១,២០ម៉ែត្រ។
ជាមួយនឹងសមិទ្ធផលថ្មី ក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះ អគ្គលេខាធិការសហព័ន្ធរូបនេះដាក់ក្តីសង្ឃឹមខ្ពស់ថា ជម្រើសជាតិជិះសេះកម្ពុជានឹងត្រូវចូលរួមប្រកួតអន្តរជាតិនៅប្រទេសថៃ ឆាប់ៗខាងមុខនេះនឹងទទួលបានលទ្ធផលជូនជាតិ ជាពិសេសគោលដៅចម្បង ក្នុងការប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ខាងមុខ ដោយក្រុមជម្រើសជាតិជិះសេះកម្ពុជានឹងដណ្តើមបានលទ្ធផលល្អសម្រាប់ប្រទេសជាតិផងដែរ។ ចំពោះទីលាន Genius Resort ដែលមានដំបូល និងក្រៅដំបូល ដែលសហព័ន្ធកំពុងសហការរួមគ្នាក្នុងកិច្ចការអភិវឌ្ឍកីឡាជិះសេះនេះ គឺមានលក្ខណៈស្តង់ដាអន្តរជាតិ សម្រាប់បម្រើដល់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិផងដែរ។
លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាតំណាងឯកឧត្តម ប៉ុន សុខ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរៀបចំរបស់សហព័ន្ធ និងកីឡាករ កីឡាការិនីចូលរួមប្រកួតទាំងអស់ ដែលបានបញ្ចេញអស់ពីសមត្ថភាព ក្នុងការប្រកួតថ្នាក់ជាតិនេះ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតអន្តរជាតិនានា នាពេលខាងមុខ។
ជាមួយគ្នានេះ ព្រះនាង នរោត្តម អម្រិតា កីឡាការិនីជម្រើសជាតិកីឡាជិះសេះកម្ពុជា ដែលជាម្ចាស់មេដាយប្រាក់ លើវិញ្ញាសាជិះសេះផ្លោះរបារ ១,២០ម៉ែត្របានបង្ហាញក្តីរីករាយ ដែលធ្វើបានល្អ ក្នុងការប្រកួតថ្នាក់ជាតិនេះ ខណៈសេះធ្វើក៏បានល្អដូចគ្នា។ កីឡាការិនីរូបនេះបន្ថែមថា ចំពោះទីលានថ្មីនេះក៏មានលក្ខណៈល្អប្រសើរច្រើនដែរ ដែលធ្វើឱ្យសេះលោតផ្លោះរបារបានល្អដោយរលូន៕