ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជានឹងត្រូវប្រកួតដណ្តើមម្ចាស់ជើងឯកជាមួយក្រុមឥណ្ឌូណេស៊ី នាវេលាម៉ោង ៧:៣០នាទីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅកីឡដ្ឋាន New Laos National Stadium ប្រទេសឡាវនៃការប្រកួតបាល់ទាត់ពានរង្វាន់នារីជើងឯកអាស៊ាន (AFF Women’s Cup 2024)។
បេក្ខភាពរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ បន្ទាប់ពីក្រុមនារីកម្ពុជាធ្វើបានល្អយ៉ាងល្អ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបានយកឈ្នះក្រុមនារីទីម័រខាងកើត ដោយលទ្ធផលបច្ចេកទេស ៣ទល់០ កាលពីល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ នៅកីឡដ្ឋានប្រទេសឡាវដូចគ្នា។ ៣គ្រាប់របស់ក្រុមកម្ពុជាធ្វើសម្រេចដោយកីឡាការិនី សឿន វិផា នៅនាទី៣៦ ដោយប៉ាល់ពិន័យ១១ម៉ែត្រ ខណៈ២គ្រាប់ទៀតធ្វើសម្រេចដោយកីឡាការិនី ពឿន គន្ធា នៅនាទី៧៤ និងនៅនាទី ៩០។ នេះជាប្រវត្តិសាស្ត្រថ្មីរបស់ក្រុមបាល់ទាត់នារីកម្ពុជា ក្រោមការដឹកនាំរបស់ លោក ឃួន ឡាបូរ៉ាវី គ្រូបង្គោលក្រុមជម្រើសជាតិនារីកម្ពុជា ដែលបានធ្វើបានល្អតាំងពីវគ្គជម្រុះក្នុងពូល រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយកំពុងត្រៀមខ្លួនប្រកួតដណ្តើមម្ចាស់ដំណែងជើងឯកជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ។
គួររម្លឹកថា ២ប្រកួតនៅវគ្គពូលB គឺក្រុមកម្ពុជាបានប្រកួតស្មើជាមួយក្រុមឥណ្ឌណេស៊ី ដោយលទ្ធផល ០ទល់០ ហើយបានយកឈ្នះក្រុមម៉ាឡេស៊ី ដោយលទ្ធផល ២ទល់០ ដោយជ័យជម្នះ១ និងស្មើ១ប្រកួតនេះបានធ្វើឱ្យក្រុមនារីកម្ពុជា ឈរលេខ១ ក្នុងពូល B។ ក្រុមនារីកម្ពុជាបានឡើងមកប្រកួតជាមួយក្រុមទីម័រខាងកើត ដែលជាក្រុមចំណាត់ថ្នាក់លេខ២ មកពីពូល A ដោយលទ្ធផល ៣ទល់០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដោយឡែក ក្រុមឥណ្ឌូណេស៊ី បានយកឈ្នះក្រុមសិង្ហបុរី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣ទល់០ កាលពីយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤។
ដូច្នេះព្រឹត្តិការណ៍កីឡាបាល់ទាត់នារីអាស៊ាន AFF Women’s Cup 2024 នៅសល់២ប្រកួតចុងក្រោយ ដោយក្រុមនារីទីម័រខាងកើតត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ជាមួយក្រុមសិង្ហបុរី នាវេលាម៉ោង ១៥:០០ នាថ្ងៃទី០៥ ខែធ្នូ ខណៈក្រុមនារីកម្ពុជាត្រូវប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ជើងឯកជាមួយក្រុមនារីឥណ្ឌណេស៊ី នាវេលាម៉ោង ១៩:៣០ នាទីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤៕