ការប្រកួតកីឡាជិះសេះផ្លោះរបារជើងឯកថ្នាក់ជាតិ ២០២៤ បានបញ្ចប់ដោយលទ្ធផលល្អប្រសើរ

ភ្នំពេញ៖ ការ​ប្រកួត​កីឡា​ជិះសេះ​លើ​វិញ្ញាសា​លោត​ផ្លោះ​របារ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២៤ នៅ​ទីលាន Genius Resort រាជធានី​ភ្នំពេញ បាន​បញ្ចប់​ដោយ​ជោគជ័យ​ជាមួយនឹង​លទ្ធផល​ល្អ​ប្រសើរ​របស់​កីឡាករ កីឡាការិនី​ចូលរួម​។ ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ព្រះ​អង្គ​ម្ចាស់ នរោត្តម ណា​ន​ដា​ទេវី ប្រធាន​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ និង​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​តំណាង Genius Resort កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី​០១ ខែធ្នូ ឆ្នាំ​២០២៤​។

លោកស្រី ស៊ា​ង ស្រី​ពៅ អគ្គលេខាធិការ សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ​បាន​គូសបញ្ជាក់​ថា ការ​ប្រកួត​កីឡា​ជិះសេះ លើ​វិញ្ញាសា​លោត​ផ្លោះ​របារ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២៤ នៅ Genius Resort រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​នេះ គឺ​កីឡាករ កីឡាការិនី​ជិះសេះ​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ បើ​ប្រៀបធៀប​នឹង​ព្រឹត្តិការណ៍​ដូច​គ្នា កាលពី​ឆ្នាំ​មុន ដោយ​ធ្វើ​បាន​ត្រឹម​កម្ពស់ ១​ម៉ែត្រ ហើយ​នៅ​ឆ្នាំ​២០២៤​នេះ ពួក​គាត់​ធ្វើ​សម្រេច​បាន ១,២០​ម៉ែត្រ​។

ជាមួយនឹង​សមិទ្ធផល​ថ្មី ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ អគ្គលេខាធិការ​សហព័ន្ធ​រូប​នេះ​ដាក់​ក្តី​សង្ឃឹម​ខ្ពស់​ថា ជម្រើសជាតិ​ជិះសេះ​កម្ពុជា​នឹង​ត្រូវ​ចូលរួម​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ថៃ ឆាប់​ៗ​ខាង​មុខ​នេះ​នឹង​ទទួល​បាន​លទ្ធផល​ជូន​ជាតិ ជា​ពិសេស​គោលដៅ​ចម្បង ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ នា​ឆ្នាំ​២០២៥​ខាង​មុខ ដោយ​ក្រុម​ជម្រើសជាតិ​ជិះសេះ​កម្ពុជា​នឹង​ដណ្តើម​បាន​លទ្ធផល​ល្អ​សម្រាប់​ប្រទេស​ជាតិ​ផង​ដែរ​។ ចំពោះ​ទីលាន Genius Resort ដែល​មាន​ដំបូល និង​ក្រៅ​ដំបូល ដែល​សហព័ន្ធ​កំពុង​សហការ​រួម​គ្នា​ក្នុង​កិច្ចការ​អភិវឌ្ឍ​កីឡា​ជិះសេះ​នេះ គឺ​មាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ សម្រាប់​បម្រើ​ដល់​ការ​ប្រកួត​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​ផង​ដែរ​។

លោក យាន គី​ស៊ី​វត្ថា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​តំណាង​ឯកឧត្តម ប៉ុន សុខ អគ្គនាយក អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រៀបចំ​របស់​សហព័ន្ធ និង​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​ទាំងអស់ ដែល​បាន​បញ្ចេញ​អស់ពី​សមត្ថភាព ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​នេះ ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​ប្រកួត​អន្តរជាតិ​នានា នា​ពេល​ខាង​មុខ​។

ជាមួយ​គ្នា​នេះ ព្រះ​នាង នរោត្តម អ​ម្រិ​តា កីឡាការិនី​ជម្រើសជាតិ​កីឡា​ជិះសេះ​កម្ពុជា ដែល​ជា​ម្ចាស់​មេដាយ​ប្រាក់ លើ​វិញ្ញាសា​ជិះសេះ​ផ្លោះ​របារ ១,២០​ម៉ែត្រ​បាន​បង្ហាញ​ក្តី​រីករាយ ដែល​ធ្វើ​បាន​ល្អ ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​នេះ ខណៈ​សេះ​ធ្វើ​ក៏​បាន​ល្អ​ដូច​គ្នា​។ កីឡាការិនី​រូប​នេះ​បន្ថែម​ថា ចំពោះ​ទីលាន​ថ្មី​នេះ​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន​ដែរ ដែល​ធ្វើ​ឱ្យ​សេះ​លោត​ផ្លោះ​របារ​បាន​ល្អ​ដោយ​រលូន​៕

Previous articleជម្រើសជាតិនារីកម្ពុជាត្រូវប្រជែងជើងឯកជាមួយឥណ្ឌូណេស៊ី AFF Women’s Cup 2024
Next articleJames ទំនង់ជាទៅចូលរួមជាមួយ Inter Miami នៅអាមេរិក