FIFA បញ្ជាក់ពីកីឡាករចូលសញ្ជាតិខ្មែរ៣នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការប្រកួតឱ្យក្រុមជម្រើសជាតិកម្ពុជា

ភ្នំពេញ៖ សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) បាន​ប្រកាស​ពី​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​របស់​កីឡាករ​បរទេស​ចូលសញ្ជាតិ​ខ្មែរ​ចំនួន​៣​នាក់ អាច​លេង​តំណាង​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​។

នេះ​បើ​តាម​ការ​ប្រកាស​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) តាម​ទំព័រ​ផ្លូវការ​របស់​ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៤​។ FFC បាន​បញ្ជាក់​ថា តប​តាម​សំណើរ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ជាមួយ​ឯកសារ​ដែល​បាន​ផ្ញើ​ទៅ​ចំពោះ​កីឡាករ ឃូ​លី​បាលី អាប​ឌែ​ល តាម​រយៈ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) និង​ចំពោះ​កីឡាករ អូ​សិ តា​កា​កិ និង នេ​តូ រ៉ុ​ន​ដុន តាម​រយៈ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា មាន​លក្ខណៈ​បុគ្គលិក​គ្រប់គ្រាន់ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លេង​តំណាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ដូច្នេះ​ចាប់ពី​ពេល​នេះ​តទៅ កីឡាករ​ចំណូល​ថ្មី ទាំង​៣​នាក់​នេះ អាច​លេង​តំណាង​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បានជា​ផ្លូវការ ហើយនឹង​ត្រូវ​ចូលរួម​លេង​ក្នុង​ពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ខាង​មុខ​នេះ​។ FFC បាន​បើក​ការ​ស្វាគមន៍​កីឡាករ អូ​សិ តា​កា​កិ​, នេ​តូ រ៉ុ​ន​ដុន និង​ឃូ​លី​បាលី អាប​ឌែ​ល ជា​ផ្លូវការ​ចូល​មក​កាន់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។

សម្រាប់​ការ​ប្រកួត​ពានរង្វាន់ AFF Mitsubishi Electric Cup 2024 ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​មាន​សមាជិក​សរុប​ចំនួន​២៦​នាក់​ត្រូវ​បាន​កោះហៅ និង​ប្រមូលផ្តុំ​ហ្វឹកហាត់​បាន​រយៈពេល​៣​ថ្ងៃ​ហើយ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​។ ព្រឹត្តិការណ៍​នេះ មានការ​ប្រកួត​ក្នុងផ្ទះ និង​ក្រៅ​ផ្ទះ ដោយ​ក្រុម​កម្ពុជា​ត្រូវ​ប្រកួត​បើក​ឆាក​ពូ​ល​A នឹង​ត្រូវ​ជួប​ម៉ា​ឡេ​ស៊ី នា​ថ្ងៃ​ទី​០៨ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក បន្ទាប់​មក​ក្រុម​កម្ពុជា ប៉ះ​សិង្ហ​បុរី​, ប៉ះ ទី​ម័​រ​ខាងកើត និង​ចុង​ក្រោយ​បញ្ចប់​ពូ​ល ប៉ះ​ម្ចាស់ផ្ទះ​ថៃ នា​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤​។ ចំពោះ​ពូ​ល B ក៏​មាន​៥​ក្រុម​ដែរ រួម​មាន​៖ វៀតណាម ឥណ្ឌូ​ណេ​ស៊ី ហ្វី​លី​ពី​ន មី​យ៉ា​ន់​ម៉ា និង​ក្រុម​ឡាវ​។

យោង​តាម​បញ្ជី​ផ្លូវការ​របស់ FFC ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្គោល​កម្ពុជា លោក Gyotoku Koji គឺ​មាន​កីឡាករ​ចូលសញ្ជាតិ​ខ្មែរ​ចំនួន​៣​នាក់ ដែល​ប្រកប​អាជីព​ក្នុង​ក្រប​លក្ខខណ្ឌ​លី​គ​កំពូល​កម្ពុជា ដូច​ជា​ខ្សែការពារ Ose Takaki (​ជប៉ុន​) និង​ខ្សែប្រយុទ្ធ Andres Neito (​កូ​ឡុំ​ប៊ី​) របស់​ក្លឹ​ប​ភ្នំពេញ​ក្រោ​ន និង​ខ្សែប្រយុទ្ធ Abdel Kader Coulibaly (​កូ​ឌឺ​វ័​រ​) ប្រធាន​ក្រុម ISI ដង្កោ​សែន​ជ័យ​។ ដូច្នេះ​សរុប​កីឡាករ​ចូលសញ្ជាតិ ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា លើក​នេះ​មាន​ចំនួន ៦​នាក់ គឺ​មាន​ខ្សែការពារ​ជាតិ កាន់ ម៉ូ សញ្ជាតិ​ដើម​អាហ្វ្រិក​ខាងត្បូង មក​ពី​វិសាខា​, យូ​ឌៃ អូ​កា​វ៉ា សញ្ជាតិ​ដើម​ជប៉ុន ក្លឹ​ប​ភ្នំពេញ​ក្រោ​ន និង មី​ហ្ស៊ូ​ណូ ហ៊ី​កា​រ៉ុ សញ្ជាតិ​ដើម​ជប៉ុន មក​ពី​ក្លឹ​ប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​៕

Previous articleMan Utd ចាប់អារម្មណ៍ខ្សែបម្រើវ័យក្មេងរបស់ Frankfurt ដែលមានតម្លៃ ៥០លានអឺរ៉ូ
Next articleកីឡាករកូឡុំប៊ីចូលសញ្ជាតិខ្មែរ Andres Nieto រីករាយក្លាយជាសមាជិកក្រុមជម្រើសជាតិកម្ពុជា ដែលសុបិនក្លាយជាការពិត