ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ីបានចែកគ្នាម្នាក់១ពិន្ទុ ក្រោយរក្សាលទ្ធផលស្មើគ្នា ២-២ នៅក្នុងការប្រកួតបើកឆាកវគ្គសន្សំពិន្ទុក្នុងពូល A កាលពីយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ាន (ASEAN Mitsubishi Electric Cup 2024)។
នៅក្នុងការប្រកួតដ៏ជក់ចិត្តនេះ ក្រុមភ្ញៀវម៉ាឡេស៊ី បានបើកការនាំមុខគ្រាប់មុន នៅនាទីទី៣៥ ដោយកីឡាករ Stuart John Wilkin លើក្រមម្ចាស់ផ្ទះកម្ពុជា។ ចូលដល់វគ្គទី២ នៅនាទីទី៥២ កីឡាករកម្ពុជា Coulibaly Abdel Kader ធ្វើសម្រេចបាន១គ្រាប់តាមស្មើ ១ទល់១ ជាមួយក្រុមម៉ាឡេស៊ី ហើយនៅនាទី៦០ កីឡាករខ្សែប្រយុទ្ធកម្ពុជា សាទី ធ្វើសម្រេចបានគ្រាប់ទី២ ដោយបើកការនាំមុខវិញលើក្រុមម៉ាឡេស៊ី។ ក្តីរីករាយរបស់កម្ពុជាក្នុងការនាំមុខនេះបានត្រឹម១៤នាទីប៉ុណ្ណោះ ត្រូវកីឡាករ Fergus Tierney របស់ម៉ាឡេស៊ី ទាត់បញ្ជូលទីពីចម្ងាយបានយ៉ាងល្អ ដែលជាគ្រាប់តាមស្មើ ២ទល់២ ជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា។ លទ្ធផល ២ទល់២នេះ រក្សាបានរហូតដល់បញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី។ ដូច្នេះក្រុមកម្ពុជារកបាន១ពិន្ទុ ខណៈម៉ាឡេស៊ីរកបាន១ពិន្ទុដែរ ក្នុងការប្រកួតបើកឆាកដំបូងរបស់ក្រុមទាំងពីរ។
លោក KOJI GYOTOKU គ្រូបង្វឹកក្រុមជម្រើសកម្ពុជាបានថ្លែងក្រោយបញ្ចប់ការប្រកួត ASEAN Mitsubishi Electric Cup 2024 ជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេស៊ី ថា ៖«សម្រាប់ខ្ញុំ គឺមានរឿងត្រូវតែកែប្រែច្រើន ដោយសារការកោះហៅប្រមូលផ្តុំ មានតែចំនួន ៥ថ្ងៃទេ មុនការប្រកួត។ ដូច្នេះហើយ ទាក់ទងនឹងការលេង គឺមិនទាន់ស៊ីចង្វាក់គ្នាទេ ប៉ុន្តែការលេងរបស់កីឡាករនៅថ្ងៃនេះធ្វើបានដូចអ្វីដែលខ្ញុំចង់បាន តែក៏នៅមានចំណុចកែប្រែការលេងផងដែរ»។
គួររម្លឹកថា នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ក្រុមទាំងពីរ ជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ី ដែលប្រកួតជាមួយគ្នា ចំនួន ១៨ប្រកួតកន្លងមក គិតចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៥៦ មកដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ គឺក្រុមកម្ពុជាធ្លាប់ឈ្នះម៉ាឡេស៊ី ២លើក និងស្មើ១លើក និងចាញ់១៥លើក។ ក្រុមកម្ពុជាបានឈ្នះម៉ាឡេស៊ី ចុងក្រោយ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៧០ ដោយលទ្ធផល ២-០ ក្នុងពានរង្វាន់ King’s Cup 1970 ដោយចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ២០២៤នេះ ក្រុមកម្ពុជាមិនធ្លាប់ឈ្នះម៉ាឡេស៊ីនោះទេ ដែលមានរយៈពេល ៥៤ឆ្នាំ។ (នេះបើយោងតាមកំណត់ត្រារបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC)
ដោយឡែក១ប្រកួតផ្សេងទៀត ក្នុងវគ្គសន្សំពិន្ទុក្នុងពូលA នេះដែរ គឺក្រុមជម្រើសជាតិថៃ រកបាន៣ពិន្ទុ ក្រោយយកឈ្នះក្រុមទីម័រខាងកើត ដោយលទ្ធផល ១០-០។ តារាងលទ្ធផលបណ្តោះអាសន្ន ក្នុងពូល A គឺថៃ ឈរលេខ១ មាន៣ពិន្ទុ, កម្ពុជា ឈរលេខ២ មាន១ពិន្ទុ ខណៈម៉ាឡេស៊ី ឈរលេខ៣ មាន១ពិន្ទុដែរ។
គួរបញ្ជាក់ថា ប្រកួតបន្ទាប់ចំនួន ៣ទៀតរបស់ក្រុមជម្រើសជាតិកម្ពុជា ប្រចាំពូល A នេះ គឺក្រុមកម្ពុជានឹងធ្វើដំណើរទៅប្រកួតជាមួយក្រុមម្ចាស់ផ្ទះ សិង្ហបុរី នាវេលាម៉ោង ១៦:០០ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅកីឡដ្ឋានជាតិសិង្ហបុរី, ក្រុមកម្ពុជាបន្តជួបប្រកួតក្នុងនាមជាម្ចាស់ផ្ទះជាមួយក្រុមទីម័រខាងកើត នាវេលាម៉ោង ១៧:៤៥ នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈ១ប្រកួតចុងក្រោយក្រុមកម្ពុជានឹងធ្វើដំណើរទៅប្រកួតជាមួយម្ចាស់ផ្ទះ ថៃ នាវេលាម៉ោង ២០:០០ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤៕