ភ្នំពេញ៖ គ្រូបង្វឹកកីឡាហែលទឹកកម្ពុជាចំនួន២៥នាក់បានចូលរួមវគ្គវគ្គសាមគ្គីអូឡាំពិកស្តីពី គ្រូបង្វឹកកីឡាហែលទឹក កម្រិត១ (OLYMPIC SOLIDARITY COACHING COURSE OF SWIMMING IN LEVEL 1) ក្រោមការចែករំលែកពីគ្រូឧទ្ទេសអន្តរជាតិមកពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ រយៈពេល៧ថ្ងៃពីថ្ងៃទី០៩-១៥ ខែធ្នូ ឆ្នាំ២០២៤ នៅសហព័ន្ធខ្មែរកីឡាហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកនេះ យើងផ្តោតលើកម្រិត១ ដែលពួកគាត់ធ្លាប់ទទួលបានការបណ្តុះបណ្តាលកម្រិតបឋមរួចហើយៗគោលដៅសហព័ន្ធចង់ឱ្យគ្រូបង្វឹកទាំងនោះយកចំណេះដឹងទៅហ្វឹកហាត់បន្តដល់កីឡាករ កីឡាការិនីវ័យក្មេងៗ។ វគ្គនេះមានរយៈពេល១សប្តាហ៍ ដោយគ្រូឧទ្ទេសនឹងចែករំលែកចំណេះដឹងក្នុងថ្នាក់ និងអនុវត្តផ្ទាល់ដោយនឹងយកកីឡាករ កីឡាការិនីក្មេងៗមកចូលរួមហ្វឹកហាត់ជាមួយ។ នៅពេលដែលមានកំហុសឆ្គងក្នុងអំឡុងវគ្គសិក្សានេះ គ្រូឧទ្ទេសនឹងជួយកែតម្រូវនូវរាល់កំហុសឆ្គងមួយចំនួនដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកផងដែរ។
លោក ហែម គីរី បានបង្ហាញក្តីសង្ឃឹមថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ សិក្ខាកាម ដែលជាគ្រូបង្វឹកកម្រិត១ទាំង២៥នាក់នឹងយកចំណេះដឹងទាំងអស់ទៅបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនី នៅតាមអង្គភាព ក្លឹបនានាឱ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព នាថ្ងៃអនាគត។ លោកបន្ថែមថា គ្រូបង្វឹកទាំងអស់មានវ័យក្មេងៗ ដែលសហព័ន្ធខ្មែរកីឡាហែលទឹកបានផ្តល់ឱកាសជូនដល់ពួកគាត់ ដើម្បីអភិវឌ្ឍសមត្ថភាពពួកគាត់ ក្នុងគោលដៅពង្រីកធនធានថ្នាលយុវជនហែលទឹកឱ្យកាន់តែសម្បូរបែប និងប្រកបដោយគុណភាពនាថ្ងៃអនាគតផងដែរ។
គួរបញ្ជាក់ថា វគ្គសាមគ្គីអូឡាំពិកស្តីពី គ្រូបង្វឹកកីឡាហែលទឹក កម្រិត១នេះ បង្រៀនដោយគ្រូឧទ្ទេស លោក Lopez Akvarado Miguel Angel ជាជនជាតិអេស្ប៉ាញមកពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ មានសិក្ខាកាមចូលរួមចំនួន ២៥នាក់មកពីមន្ទីអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ មន្ទីអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ក្លឹបកីឡាហែលទឹកនាគរាជកំពង់ចាម ក្លឹបហែលទឹកកោះធំខេត្តកណ្តាល ក្លឹបហែលទឹកកោះធំខេត្តកណ្តាល សមាគមកីឡាហែលទឹកកងយោធពលខេមរភូមិន្ទ ក្លឹបក្រសួងមហាផ្ទៃ ក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លឹបក្រសួងសាធារណការ និងដឹកជញ្ជូន និងសហព័ន្ធខ្មែរកីឡាហែលទឹកផងដែរ៕