ឯកឧត្តម ប៊ុយ សុភ័ណ្ឌ៖ វគ្គសាមគ្គីអូឡាំពិកគ្រូបង្វឹកវាយកូនឃ្លីលើតុ នឹងជាចំណែកផលិតធនធានថ្នាលឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ២០២៩

ភ្នំពេញ៖ ឯកឧត្តម ប៊ុ​យ សុ​ភ័​ណ្ឌ តំណាង​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​លើក​ឡើង​ថា វគ្គ​សាមគ្គី​អូ​ឡាំ​ពិ​ក​ស្តី​ពី​គ្រូបង្វឹក​កីឡាវាយកូនឃ្លីលើតុ​កម្រិត​១​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​កីឡាវាយកូនឃ្លីលើតុ​នៅ​កម្ពុជា និង​អភិវឌ្ឍ​ធនធាន​អត្ត​ព​លិ​ក​ថ្នាល​យុវជន ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩​។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម ប៊ុ​យ សុ​ភ័​ណ្ឌ នៅ​ក្នុង​ឱកាស​បិទ​វគ្គ​សាមគ្គី​អូ​ឡាំ​ពិ​ក​ស្តី​ពី​គ្រូបង្វឹក​កីឡាវាយកូនឃ្លីលើតុ​កម្រិត​១ នៅ​ល្ងាច​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២៤ ក្រោម​ការ​ចែករំលែក​ពី​លោក TREVOR JAMES គ្រូឧទ្ទេស​អន្តរជាតិ (ITTF) នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ក្រោយ​ដំណើរការ​អស់​រយៈពេល​៩​ថ្ងៃ​។

ឯកឧត្តម ប៊ុ​យ សុ​ភ័​ណ្ឌ បាន​សង្កត់ធ្ងន់​ថា ៖«​វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​កីឡាវាយកូនឃ្លីលើតុ​នៅ​កម្ពុជា ហើយ​ខ្ញុំ​សង្ឃឹមថា សិក្ខាកាម​ទាំងអស់​នឹង​យកចំណេះ​ដឹង និង​បច្ចេកទេស​ថ្មី​ៗ ដែល​បាន​សិក្សា​ទៅ​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍ​ធនធាន​អត្ត​ព​លិ​ក ឈាន​ឆ្ពោះទៅ​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​ប្រកួត​កីឡា​កម្រិត​ជាតិ និង​អន្តរជាតិ ជា​ពិសេស​ក្នុង​ការ​ចូលរួម​ជាមួយ​សហព័ន្ធ ដើម្បី​អភិវឌ្ឍ​ធនធាន​អត្ត​ព​លិ​ក​យុវជន​-​ថ្នាល ត្រៀម​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

ជាមួយ​គ្នា​នេះ​តំណាង​ឯកឧត្តម វ៉ា​ត់ ចំរើន ក៏​បាន​បង្ហាញ​ក្តី​រីករាយ​ដោយ​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ វគ្គ​សាមគ្គី​អូ​ឡាំ​ពិ​ក ស្តី​ពី​គ្រូបង្វឹក​កីឡាវាយកូនឃ្លីលើតុ​កម្រិត​១ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​គម្រោង​សាមគ្គី​អូ​ឡាំ​ពិ​ក នា​ពេល​នេះ​។ ក្រោយ​ពី​បាន​ស្តាប់​ការ​វាយតម្លៃ​របស់​លោកគ្រូ​ឧទ្ទេស​អន្តរជាតិ​រួច​មក តាង​នាម​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ឯកឧត្តម ប៊ុ​យ សុ​ភ័​ណ្ឌ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​យកចិត្តទុកដាក់​របស់​សិក្ខាកាម​ទាំងអស់ ក្នុង​ការ​ស្រូប​យកចំណេះ​ដឹង​ថ្មី​ៗ ពី​គ្រូឧទ្ទេស​កម្រិត​អន្តរជាតិ​របស់ ITTF ពាក់ព័ន្ធ​នឹង​គោលការណ៍​គ្រឹះ​នៃ​ការ​បង្វឹក​កីឡាវាយកូនឃ្លីលើតុ​។

ជាមួយ​គ្នា​នេះ ក្នុង​នាម​ឯកឧត្តម​ជា​អតីត​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា ១​រូប​បាន​បង្ហាញ​ការ​កោតសរសើរ​ចំពោះ ឯកឧត្តម សន្តិ​បណ្ឌិត គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា និង​គណៈកម្មាធិការ​ប្រតិបត្តិ ចំពោះ​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ប៉ិន​ប្រសប់ និង​ឆន្ទៈ​ខ្ពស់ ក្នុង​ការ​អភិវឌ្ឍ​កីឡាវាយកូនឃ្លីលើតុ​ឱ្យ​ក្លាយជា​ប្រភេទ​កីឡា​ដ៏​មាន​សក្តានុពល និង​ប្រជាប្រិយភាព​នៅ​កម្ពុជា​។ បន្ថែម​ពីលើ​នេះ តាង​នាម​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក TREVOR JAMES ដែល​បាន​ដឹកនាំ​វគ្គ​សាមគ្គី​អូ​ឡាំ​ពិ​ក ស្តី​ពី គ្រូបង្វឹក​កីឡាវាយកូនឃ្លីលើតុ​កម្រិត​១ ឱ្យ​ទទួល​បាន​ជោគជ័យ នា​ពេល​នេះ​៕

Previous articleគ្រូបង្វឹកហែលទឹកកម្ពុជា២៥នាក់ទទួលបានការបណ្តុះបណ្តាលពីគ្រូជំនាញមកពីសហព័ន្ធហែលទឹកអន្តរជាតិ
Next articleAncelotti បញ្ជាក់ពីមូលហេតុដែល Endrick មិនសូវបានបង្ហាញខ្លួន