គ្រូបង្វឹកហែលទឹកកម្ពុជា២៥នាក់ទទួលបានការបណ្តុះបណ្តាលពីគ្រូជំនាញមកពីសហព័ន្ធហែលទឹកអន្តរជាតិ

ភ្នំពេញ៖ គ្រូបង្វឹក​កីឡាហែលទឹក​កម្ពុជា​ចំនួន​២៥​នាក់​បាន​ចូលរួម​វគ្គ​វគ្គ​សាមគ្គី​អូ​ឡាំ​ពិ​ក​ស្តី​ពី គ្រូបង្វឹក​កីឡាហែលទឹក កម្រិត​១ (OLYMPIC SOLIDARITY COACHING COURSE OF SWIMMING IN LEVEL 1) ក្រោម​ការ​ចែករំលែក​ពី​គ្រូឧទ្ទេស​អន្តរជាតិ​មក​ពី​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ រយៈពេល​៧​ថ្ងៃ​ពី​ថ្ងៃ​ទី​០៩-១៥ ខែធ្នូ ឆ្នាំ​២០២៤ នៅ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

លោក ហែម គី​រី អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​លើក​ឡើង​ថា វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡាហែលទឹក​នេះ យើង​ផ្តោត​លើ​កម្រិត​១ ដែល​ពួក​គាត់​ធ្លាប់​ទទួល​បានការ​បណ្តុះបណ្តាល​កម្រិត​បឋម​រួច​ហើយ​ៗ​គោលដៅ​សហព័ន្ធ​ចង់ឱ្យ​គ្រូបង្វឹក​ទាំងនោះ​យកចំណេះ​ដឹង​ទៅ​ហ្វឹកហាត់​បន្ត​ដល់​កីឡាករ កីឡាការិនី​វ័យក្មេង​ៗ​។ វគ្គ​នេះ​មាន​រយៈពេល​១​ស​ប្តា​ហ៍ ដោយ​គ្រូឧទ្ទេស​នឹង​ចែករំលែក​ចំណេះដឹង​ក្នុង​ថ្នាក់ និង​អនុវត្ត​ផ្ទាល់​ដោយ​នឹង​យក​កីឡាករ កីឡាការិនី​ក្មេង​ៗ​មក​ចូលរួម​ហ្វឹកហាត់​ជាមួយ​។ នៅ​ពេល​ដែល​មាន​កំហុសឆ្គង​ក្នុង​អំឡុង​វគ្គ​សិក្សា​នេះ គ្រូឧទ្ទេស​នឹង​ជួយ​កែតម្រូវ​នូវ​រាល់​កំហុសឆ្គង​មួយ​ចំនួន​ដល់​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក​ផង​ដែរ​។

លោក ហែម គី​រី បាន​បង្ហាញ​ក្តី​សង្ឃឹមថា ក្រោយ​ពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ​ទៅ សិក្ខាកាម ដែល​ជា​គ្រូបង្វឹក​កម្រិត​១​ទាំង​២៥​នាក់​នឹង​យកចំណេះ​ដឹង​ទាំងអស់​ទៅ​បង្ហាត់បង្រៀន​ដល់​កីឡាករ កីឡាការិនី នៅ​តាម​អង្គភាព ក្លឹ​ប​នានា​ឱ្យ​មានការ​រីក​ចម្រើន​ទាំង​បរិមាណ និង​គុណភាព នា​ថ្ងៃ​អនាគត​។ លោក​បន្ថែម​ថា គ្រូបង្វឹក​ទាំងអស់​មាន​វ័យក្មេង​ៗ ដែល​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​ផ្តល់​ឱកាស​ជូន​ដល់​ពួក​គាត់ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ពួក​គាត់ ក្នុង​គោលដៅ​ពង្រីក​ធនធាន​ថ្នាល​យុវជន​ហែល​ទឹក​ឱ្យ​កាន់តែ​សម្បូរ​បែប និង​ប្រកបដោយ​គុណភាព​នា​ថ្ងៃ​អនាគត​ផង​ដែរ​។

គួរ​បញ្ជាក់​ថា វគ្គ​សាមគ្គី​អូ​ឡាំ​ពិ​ក​ស្តី​ពី គ្រូបង្វឹក​កីឡាហែលទឹក កម្រិត​១​នេះ បង្រៀន​ដោយ​គ្រូឧទ្ទេស លោក Lopez Akvarado Miguel Angel ជា​ជនជាតិ​អេ​ស្ប៉ា​ញ​មក​ពី​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ ក្រោម​ការ​សម្របសម្រួល​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC)​។ មាន​សិក្ខាកាម​ចូលរួម​ចំនួន ២៥​នាក់​មក​ពី​មន្ទី​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ មន្ទី​អប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង ក្លឹ​ប​កីឡាហែលទឹក​នាគរាជ​កំពង់ចាម ក្លឹ​ប​ហែល​ទឹក​កោះធំ​ខេត្តកណ្តាល ក្លឹ​ប​ហែល​ទឹក​កោះធំ​ខេត្តកណ្តាល សមាគម​កីឡាហែលទឹក​កង​យោធពលខេមរភូមិន្ទ ក្លឹ​ប​ក្រសួងមហាផ្ទៃ ក្លឹ​ប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្លឹ​ប​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ផង​ដែរ​៕

Previous articleAdrien Rabiot ហៅ Pogba អោយមកចូលរួមជាមួយខ្លួននៅ Marseille
Next articleឯកឧត្តម ប៊ុយ សុភ័ណ្ឌ៖ វគ្គសាមគ្គីអូឡាំពិកគ្រូបង្វឹកវាយកូនឃ្លីលើតុ នឹងជាចំណែកផលិតធនធានថ្នាលឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ២០២៩