ថ្នាក់ដឹកនាំសហព័ន្ធហាប់គីដូលើកទឹកចិត្តដល់កីឡាករ កីឡាការិនីប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤

ភ្នំពេញ៖ លោក គួ​ច ហុង​ជៀក ប្រធាន​ស្តីទី​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​បាន​សំណេះសំណាល​លើកទឹកចិត្ត និង​លើក​សរសើរ​ជូន​ដល់​កីឡាករ កីឡាការិនី​ហាប់​គី​ដូ​ទាំងអស់ ដែល​បាន​ខិតខំ​ហ្វឹកហាត់​បង្កើន​គុណភាព​បច្ចេកទេស​របស់​ខ្លួន ត្រៀម​ចូលរួម​ប្រកួត​កីឡា​ហាប់​គី​ដូ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ លើក​ទី​២ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ពី​ពី​ថ្ងៃ​ទី​២១-២២ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

នៅ​ក្នុង​ពិធី​សំណេះសំណាល់​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ប្រធាន​ស្តីទី​មាន​ប្រសាសន៍​ថា ទោះបីជា​ការ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ជើងឯក​ថ្នាក់​ជាតិ នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​ទទួល​បាន​លទ្ធផល​ល្អ ឬ​មិនសូវ​ល្អ​ក្តី ក៏​កុំ​បាក់ទឹកចិត្ត ដោយ​ត្រូវ​ពង្រឹងស្មារតី​ប្រកួតប្រជែង​ឱ្យ​បាន​ល្អ ហើយ​ត្រូវ​ដុសខាត់​សមត្ថភាព​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។ ពិធី​សំណេះសំណាល​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក គង់ ចាន់​ធី​ណា អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ និង​លោកគ្រូ អ្នកគ្រូ និង​កីឡាករ កីឡាការិនី​ជា​ច្រើន​នាក់​ដែរ​។

លោក​បន្ថែម​ថា ជា​ធម្មតា ការ​ប្រកួត​តែងតែមាន​ឈ្នះ មាន​ចាញ់ ហើយ​ជា​ការ​វាស់​ស្ទង់​នូវ​ការ​ហ្វឹកហាត់ ឬ​គុណភាព​សមត្ថភាព​របស់​កីឡាករ កីឡាការិនី​ម្នាក់​ៗ ពីព្រោះ​ថា ការ​ប្រកួត​មាន​គោលដៅ​បង្កើន​សមត្ថភាព កសាង​មិត្តភាព សាមគ្គីភាព ព្រមទាំង​អភិវឌ្ឍ​បច្ចេកទេស​របស់​ខ្លួន​ផង​ដែរ​។ លោក គួ​ច ហុង​ជៀក ក៏​បាន​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ឱ្យ​បាន​ច្រើន ពីព្រោះ​នេះ​ជា​ទិស​ដៅ​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ ដើម្បី​ជំរុញ និង​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​ធនធាន​កីឡាករ កីឡាការិនី​ល្អ​ៗ ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ នា​ឆ្នាំ​២០២៥​ខាង​មុខ​។

បន្ថែម​ពីលើ​នេះ ប្រធាន​ស្តីទី​រូប​នេះ​ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អាណាព្យាបាល​របស់​សិស្ស​គុន​ទាំងអស់​ដែល​តែងតែ​យល់​ដឹង និង​លើកទឹកចិត្ត​ដល់​កូន​ៗ​របស់​ខ្លួន​ឱ្យ​ចូលរួម​ហ្វឹកហាត់​កីឡា​ដើម្បី​សុខភាព​ល្អ និង​អាច​ក្លាយជា​ធនធាន​សម្រាប់​ជាតិ ក្នុង​វិស័យ​កីឡា​ផង​ដែរ​។ លោក​ចាត់​ទុក​ថា នេះ​ជា​ការ​រួមចំណែក​ដ៏​សំខាន់​របស់​អាណាព្យាបាល​ទាំងអស់ ក្នុង​ការ​លើក​ត​ម្កើ​ន​ដល់​សុខភាព​របស់​សង្គម​ជាតិ ដោយ​កាលណា​ប្រជាជន​យើង​មាន​សុខភាព​ល្អ មាន​ន័យ​ថា ប្រទេស​ជាតិ​យើង​សម្បូរ​ទៅ​ដោយ​ធនធានមនុស្ស​ច្រើន​ប្រកបដោយ​គុណភាព​ជីវិត​កាន់តែ​ល្អ​ប្រសើរ ហើយ​ជា​ការ​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​របស់​ក្រុម​គ្រួសារ រួម​ទាំង​សង្គម​ជាតិ​យើង​ផង​ដែរ​។

ជាមួយ​គ្នា​នេះ ក្នុង​នាម​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ លោក​ក៏​បាន​គូសបញ្ជាក់​ទៀត​ថា ការ​រៀបចំ​ការ​ប្រកួត​កីឡា​ហាប់​គី​ដូ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ កាលពី​លើក​ទី​១ ឆ្នាំ​២០២៣​កន្លង​ទៅ និង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២៤​នេះ​មិន​មានការ​គាំទ្រ​ជា​ថវិកា​ពី​ស្ថាប័ន​ណា​នោះ​ទេ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​គាំទ្រ​រៃ​អង្គាស​របស់​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​សហព័ន្ធ​ផ្ទាល់ខ្លួន​ម្នាក់​ៗ បូក​រួម​ជាមួយនឹង​សប្បុរសជន និង​ក្រុមហ៊ុន​នានា ដែល​បាន​ផ្តល់​ការ​គាំទ្រ​ប៉ុណ្ណោះ​។

លោក គួ​ច ហុង​ជៀក ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ​ជា​ស្មារតី ក្នុង​ការ​លើកកម្ពស់​សកម្មភាព​អភិវឌ្ឍ​ជំនាញ​កីឡា​ហាប់​គី​ដូ​នៅ​ប្រទេស​កម្ពុជា និង​ការ​ចេញ​ទៅ​ប្រកួត​អន្តរជាតិ​កន្លង​ទៅ​។ ជាមួយ​គ្នា​នេះ ប្រធាន​សហព័ន្ធ​ស្តីទី​រូប​នេះ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម យិ​ត ភី​រៈ អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ដែល​តែងតែ​ផ្តល់​ទីតាំង និង​សម្ភារ​ផ្សេង​ៗ ក្នុង​ន័យ​គាំទ្រ​ដល់​ការ​រៀបចំ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​ផង​ដែរ​៕

Previous articleម្ចាស់ផ្ទះកម្ពុជាយកឈ្នះទីម័រខាងកើត ២-១ វគ្គជម្រុះពូល A ASEAN Mitsubishi Electric Cup 2024
Next articleក្លឹប Galatasaray ចង់បានខ្សែប្រយុទ្ធរបស់ Roma មកជំនួសកន្លែងរបស់កីឡាករ Mauro Icardi