ឥណ្ឌូនេស៊ី៖ កីឡាករ កីឡាការិនីជម្រើសជាតិវ៉ូវីណាមកម្ពុជាដណ្តើមបានមេដាយសរុប៤គ្រឿង នៅក្នុងការប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ី លើកទី៥ ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
មន្ត្រីសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានឱ្យដឹងថា មេដាយចំនួន៤គ្រឿងរបស់កម្ពុជា ដែលដណ្តើមបានក្នុងការប្រកួតជើងឯកអាស៊ីនេះ គឺមេដាយមាស ១ និងប្រាក់ ៣ ដោយមេដាយមាស១វិញ្ញាសា ដណ្តើមបានដោយកីឡាករ ម៉េត សុភ័ក្ដ្រា និង ម៉េត សារី លើវិញ្ញាសាមេគុនដាវបុរស។ ចំណែកឯមេដាយប្រាក់៣វិញ្ញាសាទៀត ដណ្តើមបានលើវិញ្ញាសាបច្ចេកទេសការពារខ្លួន ដោយកីឡាករ ម៉េត សុភ័ក្ដ្រា និងកីឡាការិនី ប៉ាល់ ឆរស្ម៊ី, កីឡាការិនី ពៅ សុខា មេដាយប្រាក់ លើវិញ្ញាសាមេគុនដាវឯកត្តជននារី និងកីឡាករ នី នីហ្សា ឈ្នះមេដាយប្រាក់ លើវិញ្ញាសាមេគុនដាវឯកត្តជនបុរស។
ប្រតិភូកីឡាវ៉ូវីណាមកម្ពុជាបានចេញដំណើរទៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមប្រជែងមដាយជូនជាតិ ក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៥ ឆ្នាំ២០២៤ ពីថ្ងៃទី១៧-២២ ខែធ្នូ ឆ្នាំ២០២៤។ គួរបញ្ជាក់ថា បេសកកម្មនេះ ដឹកនាំដោយលោកស្រី ញឹម ម៉ី អគ្គហេរញ្ញិក សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ទទួលបន្ទុកប្រធានប្រតិភូ អមជាមួយគ្រូបង្វឹក និងគ្រូជំនួយ ៤នាក់ ព្រមទាំងកីឡាករ-កីឡាការិនី ១៩នាក់ ដែលត្រូវប្រកួតជាង ៣០វិញ្ញាសា។
បើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា មុនពេលចេញដំណើរទៅប្រកួតបានឱ្យដឹង ជើងឯកវ៉ូវីណាមអាស៊ីឆ្នាំនេះ មានប្រទេសចូលរួមច្រើនជាងមុន ខណៈកម្ពុជាបានផ្ដល់ឱកាសដល់យុវជនបន្ដវេណជាច្រើនចូលរួម ដោយឯកឧត្តមជឿជាក់យ៉ាងមុតមាំថា កីឡាករ-កីឡាការិនីកម្ពុជា នឹងព្យាយាមអស់ពីលទ្ធភាព ដើម្បីដណ្ដើមមេដាយមាស ប្រាក់ និងសំរឹទ្ធ ជូនប្រទេសជាតិ។ ឯកឧត្តមផ្ដល់ឱកាសដល់អត្តពលិកវ័យក្មេង ដែលជាយុវជនបន្ដវេនចូលរួមការប្រកួត ជាមួយនឹងក្តីសង្ឃឹមថា ពួកគាត់នឹងអាចធ្វើបានល្អជាក់ជាមិនខាន៕