កីឡាការិនី ប៉ាល់ ឆរស្មី ឈ្នះមេដាយមាស២ និងប្រាក់២ ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី នៅឥណ្ឌូណេស៊ី

ឥណ្ឌូនេស៊ី៖ កីឡាការិនី ប៉ា​ល់ ឆរ រស្មី នៅ​តែ​បង្ហាញ​ភាព​ឆ្នើម​របស់​ខ្លួន ដោយ​ប្រកួត​លើ​៤​វិញ្ញាសា ឈ្នះ​មេដាយ​ទាំង​៤​វិញ្ញាសា គឺ​មេដាយមាស​២​វិញ្ញាសា និង​មេដាយ​ប្រាក់​២​វិញ្ញាសា នៅ​ក្នុង​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជ្រើសរើស​ជើងឯក​អាស៊ី លើក​ទី​៥ ឆ្នាំ​២០២៤ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។

កីឡាការិនី ប៉ា​ល់ ឆរ​ស្មី បាន​គូសបញ្ជាក់​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤​នេះ​ថា រូបគេ​បាន​ចូលរួម​ប្រកួត​លើ​៤​វិញ្ញាសា ហើយ​បាន​បញ្ចប់​ទាំង​៤​វិញ្ញាសា​នេះ​ហើយ កាលពី​ថ្ងៃ​ទី​១៩-២០ ខែធ្នូ ដោយនៅ​ថ្ងៃ​ទី​មួយ ដណ្តើម​បាន​មេដាយមាស​១​គ្រឿង និង​មេដាយ​ប្រាក់​២​គ្រឿង ហើយ​នៅ​ថ្ងៃ​ទី​ពីរ ដណ្តើម​បាន​មេដាយមាស​១​គ្រឿង​។

មេដាយ​ទាំង​៤​គ្រឿង​របស់​កីឡាការិនី ប៉ា​ល់ ឆរ​ស្មី រួម​មាន​៖ មេដាយមាស​១​លើ​វិញ្ញាសា​កំ​បិត​ភ្លោះ និង​វិញ្ញាសា​ក្រុម ស្រី​៣​នាក់​-​បុរស​៣​នាក់ ខណៈ​មេដាយ​ប្រាក់​១ បាន​លើ​វិញ្ញាសា​ស្រី​១​ប្រុស​១ និង​មេដាយ​ប្រាក់​១​គ្រឿង ដណ្តើម​បាន​លើ​វិញ្ញាសា ស្រី​១ ប្រុស​៣​។ ក្រៅពី​នេះ អត្ត​ព​លិ​ក​កម្ពុជា​ផ្សេង​ៗ​ទៀត​ក៏​ដណ្តើម​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ជា​ច្រើន​គ្រឿង​ទៀត​ផង​ដែរ ដោយ​បំពាក់​មេដាយ​ជា​ផ្លូវការ​ត្រឹម​៤​វិញ្ញាសា នៅ​ថ្ងៃ​ដំបូង​ប៉ុណ្ណោះ​។ ចំពោះ​វិញ្ញាសា​ផ្សេង​ទៀត ដែល​បាន​បញ្ចប់ ប៉ុន្តែ​ពុំ​ទាន់​ប្រារព្ធ​ធ្វើ​ពិធី​បំពាក់​មេដាយ​នៅឡើយ ដោយ​រង់ចាំ​បំពាក់​មេដាយ នៅ​ថ្ងៃ​ចុង​ក្រោយ​បញ្ចប់​នៃ​ព្រឹត្តិការណ៍​។

កីឡាការិនី​វ៉ូ​វី​ណា​ម​កម្ពុជា​រូប​នេះ​បាន​លើក​ឡើង​ថា សម្រាប់​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជ្រើសរើស​ជើងឯក​អាស៊ី លើក​ទី​៥ ឆ្នាំ​២០២៤​នេះ គឺ​ចំនួន​ប្រទេស និង​អត្ត​ព​លិ​ក​ចូលរួម​តិច​ជាង​ឆ្នាំ​មុន​ៗ ដោយ​មាន​ត្រឹម​១៥​ប្រទេស​ចូលរួម​ប្រកួត​ប៉ុណ្ណោះ​។ ជា​ការ​កត់សម្គាល់​របស់​ជម្រើសជាតិ ប៉ា​ល់ ឆរ​ស្ម៊ី បានឱ្យ​ដឹង​ទៀត​ថា បណ្តា​ប្រទេស​ដែល​ចូលរួម​ទោះជា​មាន​ចំនួន​តិច​ជា​រាល់​ឆ្នាំ​ក៏​ពិតមែន ប៉ុន្តែ​បណ្តា​ប្រទេស​ទាំងនោះ​បាន​សម្រិតសម្រាំង​កីឡាករ កីឡាការិនី​ជម្រើស​ខ្លាំង​ៗ​របស់​ខ្លួន​មក​ចូលរួម​ប្រកួតប្រជែង ហើយ​កីឡាករ កីឡាការិនី​ម្នាក់​ៗ​ប្រកួត​ច្រើន​វិញ្ញាសា ហើយ​កីឡាករ កីឡាការិនី​កម្ពុជា​សុទ្ធតែ​ជួប​អ្នក​ខ្លាំង​ៗ ដោយ​ធ្វើ​ឱ្យ​កម្ពុជា​មាន​ភាព​តានតឹង​ក្នុង​ការ​ប្រកួត​ដែរ​។ បើ​ទោះបីជា អត្ត​ព​លិ​ក​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​ជួប​នូវ​ការ​លំបាក ក្នុង​ការ​ប្រកួត​យ៉ាងណា​ក្តី ក៏​ពួក​គេ​នៅ​តែ​អាច​ប្រកួតប្រជែង​បាន ហើយ​កម្ពុជា​យើង​មាន​សក្តានុពល​លើ​បណ្តា​ប្រទេស​មួយ​ចំនួន​ដែរ ដោយសារ​តែ​ការ​ហ្វឹកហាត់​ត្រៀម​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ ហើយ​ទទួល​បាន​ជោគជ័យ​ច្រើន​ផង​ដែរ​៕

Previous articleDiego Leon នឹងក្លាយជាកីឡាករដំបូងដែលមកចូលរួមជាមួយក្រុមលោក Amorim
Next articlePep Guardiola៖ មិនសូវល្អ ៤៥ថ្ងៃ ប៉ុន្តែយើងបានទទួលបានលទ្ធផលមិនគួរឱ្យជឿសម្រាប់រយៈពេល ៨ឆ្នាំ