ភ្នំពេញ៖ ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឈ្នះជើងឯក ការប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង រដូវកាល២០២៤ បន្ទាប់ពីបានយកក្រុមសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣សិតទល់២សិត នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
ពិធីបិទការប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី។
ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលឈ្នះជើងនេះទទួលបានពានរង្វាន់១ មេដាយមាស អមដោយប្រាក់រង្វាន់ ៥០លានរៀល, ក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ២ ទទួលបានប្រាក់រង្វាន់ ២០លានរៀល ខណៈក្រុមបញ្ជាការដ្ឋានអង្គរក្សA ទទួលបានចំណាត់ថ្នាក់លេខ៣ ប្រាក់រង្វាន់ ១២លានរៀល។
ចំពោះជ័យលាភីឯកត្តជន រួមមាន៖ កីឡាករបិទកណ្តាលល្អបំផុត៖ ឈាង ជីវែង មកបញ្ជាការដ្ឋានអង្គរក្ស (A), កីឡាករបិទកណ្តាលល្អបំផុត៖ ផល រតនៈ មកពីក្រុមខេត្តតាកែវ, កីឡាករប៉ះសេល្អបំផុត៖ សួន ចាន់ណារ៉ួ មកពីក្រុមខេត្តស្វាយរៀង, កីឡាករលីប៊ើរ៉ូល្អបំផុត៖ ឃឹម សុវណ្ណដារ៉ា មកពីក្រុមខេត្តស្វាយរៀង, កីឡាករវាយផ្តាច់ស្តាំល្អបំផុត៖ Herera មកពីក្រុមខេត្តស្វាយរៀង, កីឡាករវាយផ្តាច់ស្តាំល្អបំផុត៖ គួន ម៉ុម មកពីក្រុមខេត្តតាកែវ, កីឡាករវាយផ្តាច់ឆ្វេងល្អបំផុត៖ ធី ម៉េងហួង មកពីក្រសួងមហាផ្ទៃ ខណៈកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍បានទៅលើកីឡាករ ធី ម៉េងហួង មកពីកក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤នេះត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ដោយមានការចូលរួមប្រកួតពីសមាគម-ក្លឹប ចំនួន ៣១ក្រុម បែងចែកជា៨ពូល ដោយដំណើការចាប់ពីថ្ងៃទី០៩-២៣ ខែធ្នូ ឆ្នាំ២០២៤៕