ភ្នំពេញ៖ កីឡាករ កីឡាការិនីមកពីបណ្តាក្លឹបកីឡាវាយកូនគោលរាជធានីខេត្តចំនួន ២៥នាក់ បានចូលរួមប្រកួតកីឡាវាយកូនគោល ជ្រើសរើសជើងឯកសហព័ន្ធ ប្រចាំឆ្នាំ២០២៤ ដើម្បីប្រជែងដណ្តើមកៅអីជម្រើសជាតិឆ្នាំ២០២៥ ក្នុងគោលដៅហ្វឹកហាត់ត្រៀមចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។ ការប្រកួតនេះ មានរយៈ៣ថ្ងៃចាប់ពីថ្ងៃទី២២-២៥ ខែធ្នូ ឆ្នាំ២០២៤ នៅលើទីលានកីឡាវាយកូនគោល ហ្គ្រែនភ្នំពេញ ។
លោកឧកញ៉ា ឡោក ដារិទ្ធ អគ្គលេធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជាទទួលបន្ទុកក្រុមជម្រើសជាតិ និងក្រុមថ្នាលយុវជនបានមានប្រសាស៍ថា នេះជាការប្រកួតជ្រើសរើសកីឡាករកីឡាការិនីកូនគោលជុំដំបូង ដើម្បីសម្រិតសម្រាំងរកអ្នកមានសមត្ថភាពប្រមូលហ្វឹកហាត់បំប៉នបច្ចេកទេសជាមួយគ្រូសហព័ន្ធកីឡាវាយកូនគោលក្នុងដំណាក់កាលទី១ ហើយអ្នកជាប់ក្នុងវគ្គទី១នេះ នឹងត្រូវធ្វើតេសចម្រាញ់ជាបន្តបន្ទាប់ទៀត រហូតដល់រកឃើញ កីឡាករ កីឡាការិនីឆ្នើមៗចុងក្រោយ ៤នាក់ ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសថៃ នាចុងឆ្នាំឆ្នាំ២០២៥ខាងមុខតែម្តង។
លោកឧកញ៉ា ឡោក ដារិទ្ធ បានគូសបញ្ជាក់ទៀតថា រយៈពេល៣ថ្ងៃនៃការប្រកួតនេះ គណៈកម្មការនឹងពិនិត្យវាយតម្លៃយ៉ាងលម្អិតមុននឹងជាប់ក្នុងវគ្គជម្រុះជុំទី១។កីឡាករកីឡាការិនីប្រកួត៣ថ្ងៃនេះ គឺពិន្ទុរបស់ពួកគេដែលធ្វើបានល្អនឹងមានឱកាសជាប់ក្នុងតារាងចំណាត់កូនគោលពិភពលោក ដែលជួយឱ្យកីឡាករ កីឡាការិនីឆ្នើមៗទទួលបានឱកាសច្រើនចេញទៅប្រកួតនៅអន្តរជាតិ ដោយមិនបាច់ស្នើសុំ។
សម្រាប់ការប្រកួតកីឡាវាយកូនគោលជ្រើសរើសជើងឯកសហព័ន្ធកីឡាវាយកូនគោលប្រចាំឆ្នាំ២០២៤នេះ នៅទីលានកីឡាវាយកូនគោលហ្គ្រែនភ្នំពេញ ផ្តល់ជូនទីលាន និងទឹកបរិសុទ្ធកម្ពុជាជូនដល់កីឡាករឥតគិតថ្លៃ។ ជាមួយគ្នានោះ ក៏មានការឧបត្ថម្ភពី BESTA ផ្តល់ជូនទីលានហ្វឹកសម្រាប់កីឡាករថ្នាល និងបង្វឹកកីឡាថ្នាលរៀងរាល់ថ្ងៃអាទិត្យ និងក្រុមហ៊ុន TITLEIST បញ្ចុះតម្លៃពិសេស សម្រាប់សម្ភារ និងខោអាវកីឡាករកីឡាការិនី ក្នុងការប្រកួត។
គួរបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលជ្រើសរើសជើងឯកសហព័ន្ធកីឡាវាយកូនគោលប្រចាំឆ្នាំ២០២៤នេះ កីឡាករជ័យលាភីចំណាត់លេខ១អាចឈានទៅទទួលបានសិទ្ធ ក្នុងការដាក់បញ្ជូលក្នុងតារាចំណាត់ World Ranking ៣ជុំមានពិន្ទុមិនលើសពីបូក៦នោះទេ ។ ដោយឡែកសម្រាប់កីឡាការិនីវិញ មានពិន្ទុមិនលើសពីបូក៨នោះទេ។
សូមរម្លឹកថា កាលពីការប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ កីឡាករកីឡាការិនីដែលបានពិន្ទុជាប់នៅក្នុងតារាង World Amateur Golf Ranking មានកីឡាករ ពៅ ពេជ្រមេត្តា និងកីឡាការិនី យិន ហាម៉ានី៕