ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងឈ្នះជើងឯក កីឡាបាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤

ភ្នំពេញ៖ ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បាន​ឈ្នះ​ជើងឯក ការ​ប្រកួត​កីឡាបាល់ទះ ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេ​ង រដូវ​កាល​២០២៤ បន្ទាប់​ពី​បាន​យក​ក្រុម​សមាគម​កីឡាបាល់ទះ​ក្រសួងមហាផ្ទៃ ដោយ​លទ្ធផល ៣​សិត​ទល់​២​សិត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​យប់​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

ពិធី​បិទ​ការ​ប្រកួត​កីឡាបាល់ទះ ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេ​ង ឆ្នាំ​២០២៤ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា និង​លោក​ជំទាវ កែ សួន​សុ​ភី​។

ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដែល​ឈ្នះ​ជើង​នេះ​ទទួល​បាន​ពានរង្វាន់​១ មេដាយមាស អម​ដោយ​ប្រាក់​រង្វាន់ ៥០​លាន​រៀល​, ក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​ប្រាក់​រង្វាន់ ២០​លាន​រៀល ខណៈ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​A ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ ប្រាក់​រង្វាន់ ១២​លាន​រៀល​។

ចំពោះ​ជ័យ​លា​ភី​ឯកត្តជន រួម​មាន​៖ កីឡាករ​បិទ​កណ្តាល​ល្អ​បំផុត​៖ ឈាង ជី​វែង មក​បញ្ជាការដ្ឋាន​អង្គរក្ស (A), កីឡាករ​បិទ​កណ្តាល​ល្អ​បំផុត​៖ ផល រតនៈ មក​ពី​ក្រុម​ខេត្តតាកែវ​, កីឡាករ​ប៉ះ​សេ​ល្អ​បំផុត​៖ សួន ចាន់​ណា​រ៉ួ មក​ពី​ក្រុម​ខេត្តស្វាយរៀង​, កីឡាករ​លី​ប៊ើ​រ៉ូ​ល្អ​បំផុត​៖ ឃឹម សុវណ្ណ​ដា​រ៉ា មក​ពី​ក្រុម​ខេត្តស្វាយរៀង​, កីឡាករ​វាយ​ផ្តាច់​ស្តាំ​ល្អ​បំផុត​៖ Herera មក​ពី​ក្រុម​ខេត្តស្វាយរៀង​, កីឡាករ​វាយ​ផ្តាច់​ស្តាំ​ល្អ​បំផុត​៖ គួ​ន ម៉ុម មក​ពី​ក្រុម​ខេត្តតាកែវ​, កីឡាករ​វាយ​ផ្តាច់​ឆ្វេង​ល្អ​បំផុត​៖ ធី ម៉េ​ង​ហួង មក​ពី​ក្រសួងមហាផ្ទៃ ខណៈ​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​បាន​ទៅ​លើ​កីឡាករ ធី ម៉េ​ង​ហួង មក​ពី​ក​ក្រសួងមហាផ្ទៃ​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡាបាល់ទះ ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេ​ង ឆ្នាំ​២០២៤​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ដោយ​មានការ​ចូលរួម​ប្រកួត​ពី​សមាគម​-​ក្លឹ​ប ចំនួន ៣១​ក្រុម បែងចែក​ជា​៨​ពូ​ល ដោយ​ដំណើ​ការ​ចាប់ពី​ថ្ងៃ​ទី​០៩-២៣ ខែធ្នូ ឆ្នាំ​២០២៤៕

Previous articleកីឡាករកីឡាការិនី ២៥នាក់ចូលរួមប្រជែងដណ្តើមកៅអីជម្រើសជាតិ ឆ្នាំ២០២៥
Next articleអតីតខ្សែបម្រើឆ្នើមរបស់ហង្សក្រហមជឿជាក់ថាលោក Pep Guardiola អាចនឹងទៅដឹកនាំក្លឹប Real Madrid