ភ្នំពេញ៖ ក្រុមព្រះខ័នរាជស្វាយរៀងត្រៀមប្រកួតប្រជែងជាមួយក្រុម PSM Makassar របស់ឥណ្ឌូណេស៊ី នាវេលាម៉ោង ៧:៣០ នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាប្រកួតទី៣របស់ព្រះខ័នរាជស្វាយរៀង នៅក្នុងការប្រកួតវគ្គជម្រុះពូល A ពានរង្វាន់ក្លឹបជើងឯកអាស៊ាន (ASEAN Club Championship Shopee Cup) រដូវកាល ២០២៤-២០២៥។
ក្នុងនាមជាម្ចាស់ផ្ទះ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្រកាសដល់អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា ចូលរួមលើកទឹកចិត្តដល់ព្រះខ័នរាជស្វាយរៀង ដែលយើងនឹងលេងតំណាងឱ្យប្រទេសកម្ពុជា ប្រកួតជាមួយក្លឹបបាល់ទាត់ PSM Makassar មកពីប្រទេសឥណ្ឌូណេស៊ី នាថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយអ្នកគាំទ្រទទួលបានការបញ្ចុះតម្លៃ ១០%ភ្លាមៗ សម្រាប់ការជាវសំបុត្រនៅលើអេប និងនៅបញ្ជរលក់សំបុត្រចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានចាត់ទុកថា ការគាំទ្ររបស់អ្នកគាំទ្រគ្រប់ៗគ្នា គឺជាកម្លាំងចិត្តដ៏អស្ចារ្យជួយឱ្យក្លឹបតំណាងកម្ពុជាមួយនេះមានឆន្ទៈ និងខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីបាល់ទាត់កម្ពុជា ក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup នេះ។
ក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៣-២០២៤ ព្រះខ័នរាជស្វាយរៀង បានឆ្លងកាត់២ប្រកួត ក្នុងពូល A នៃ ASEAN Club Championship Shopee Cup កន្លងមក ដោយឈ្នះ១ប្រកួត និងចាញ់១ប្រកួត មាន៣ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្ន ក្នុងពូល A ក្នុងចំណោម៦ក្រុម។
ក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្គោល លោក Pep Muñoz នៅសល់៣ប្រកួតទៀតក្នុងដៃ ដោយត្រូវប្រកួតជាមួយក្រុមក្រុម PSM Makassar របស់ឥណ្ឌូណេស៊ី នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ (ម្ចាស់ផ្ទះ), បន្តជួបប្រកួតជាមួយក្រុម Dong A Thanh Hoa FC របស់វៀតណាម នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ (ក្រៅផ្ទះ) និងចុងក្រោយប៉ះក្រុម Shan United FC របស់មីយ៉ាន់ម៉ា នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ (ម្ចាស់ផ្ទះ)។ ក្នុងចំណោម៥ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង គឺមានតែ២ប្រកួតប៉ុណ្ណោះ ដែលត្រូវលេងក្នុងដី គឺប៉ះក្រុម PSM Makassar របស់ឥណ្ឌូណេស៊ី នាថ្ងៃទី០៨ ខែមករា និងចុងក្រោយប៉ះក្រុម Shan United FC របស់មីយ៉ាន់ម៉ា នាថ្ងៃទី០៥ ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដូចៗគ្នា។
ក្រោយបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលរួចរាល់ គឺក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២នៃពូលទាំងពីរ នឹងបានឡើងទៅប្រកួតខ្វែងពូល សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ (ជើងទី១) ហើយ២ប្រកួតនេះនឹងត្រូវបន្តការប្រកួតនៅជើងទី២ជាមួយគ្នា នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ ក្រុមឈ្នះៗទាំងពីរក្រុម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវឡើងទៅប្រកួតដណ្តើមម្ចាស់ដំណែងជើងឯកជាមួយគ្នា នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ សម្រាប់ជើងទី១ ហើយក្រុមទាំងពីរត្រូវប្រកួតជាមួយគ្នាម្តងទៀត សម្រាប់ជើងទី២ កាត់សេចក្តី នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ខាងមុខ។
គួរបញ្ជាក់ថា ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតក្នុងពានរង្វាន់ក្លឹបជើងឯកអាស៊ាន (ASEAN Club Championship-Shopee Cup) ដោយស្ថិតក្នុងពូល A មាន៦ក្រុម រួមមាន៖ ក្រុម BG Pathum United (ថៃ), Terengganu (ម៉ាឡេស៊ី), PSM Makassar (ឥណ្ឌូណេស៊ី), Dong A Thanh Hoa (វៀតណាម), ព្រះខ័នរាជស្វាយរៀង (កម្ពុជា) និងក្រុម Shan United (មីយ៉ាន់ម៉ា)។ រីឯ៦ក្រុមផ្សេងទៀត ក្នុងពូល B រួមមាន៖ ក្រុម Buriram United (ថៃ), Kuala Lumpur City (ម៉ាឡេស៊ី), Cong An Ha Noi (វៀតណាម), Borneo (ឥណ្ឌូណេស៊ី), Kaya FC—Iloilo (ហ្វីលីពីន) និងក្រុម Lion City Sailors (សិង្ហបុរី)៕