សៀមរាប៖ លោក ឡេង តុង ជាកីឡាកររត់ប្រណាំង ដើម្បីសុខភាពមួយរូបនៅ រាជធានីភ្នំពេញ ដែលតែងតែបង្ហាញខ្លួនចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌នានា ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បានបំបែកកំណត់ត្រារបស់ខ្លួនគួឱ្យភ្ញាក់ផ្អើល ដោយការរត់លើកដំបូងរបស់លោកលើវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រទទួលបានចំណាត់លេខ២ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន នៅខេត្តសៀមរាប ថ្មីៗនេះ ក្រោមកិច្ចសហការរៀបចំ៣ប្រទេស មានកម្ពុជាឡាវ និងវៀតណាម។
ភាគច្រើន បុរសវ័យ៥២ឆ្នាំរូបនេះតែងតែរត់ប្រណាំងលើវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ និង២១គីឡូម៉ែត្រ ខណៈព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិធំៗ ដូចជាទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ និងទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ ខេត្តសៀមរាប លោកបានចូលរួមមិនដែលអាក់ខានឡើយ។ កំណត់ត្រាថ្មី ក្នុងចុងខែធ្នូ ឆ្នាំ២០២៤ របស់កីឡាកររត់ក្រៅអាជីពរូបនេះបានបំបែកកំណត់ត្រារបស់ខ្លួន សម្រាប់ការចូលរួមលើកដំបូងលើវិញ្ញាសារត់ចម្ងាយឆ្ងាយ ៤២គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន កាលពីចុងខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
ជ័យលាភីលេខ២ ក្នុងចម្ងាយ៤២គីឡូម៉ែត្រ ដែលជាកំណត់ត្រាថ្មីរបស់លោក ឡេង តុង គឺលោកបានប្រើថិរវេលា ៣:២៩:០២ លើប្រភេទអាយុ ៤៦ឆ្នាំឡើង ដែលមានកីឡាករ កីឡាការិនី ២២នាក់ ខណៈចំណាត់ថ្នាក់រួម លោកបានជាប់ចំណាត់ថ្នាក់លេខ ១៥ ក្នុងចំណោមកីឡាករជាតិ-អន្តរជាតិចូលរួមចំនួន ២០០នាក់។
លោក ឡេង តុង បានគូសបញ្ជាក់ថា សមិទ្ធផលល្អ ដែលទទួលបានក្នុងព្រឹត្តិការណ៍រត់ចម្ងាយ ៤២គីឡូម៉ែត្រ ដែលលោកបានសម្រេចចិត្តចូលរួមរត់ប្រណាំងជាលើកដំបូងរបស់លោក បានជំរុញលើកទឹកចិត្តឱ្យលោកកាន់តែបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីបោះជំហានចូលរួមរត់ក្នុងព្រឹត្តិការណ៍ធំៗជាលក្ខណៈអន្តរជាតិ ក្នុងនាមជាកីឡាករកម្ពុជា។ តាមគម្រោង នៅក្នុងឆ្នាំ២០២៥នេះ លោកនឹងបន្តការចូលរួមរត់នៅប្រទេសក្រៅប្រទេស ដូចជាការរត់ប្រណាំងនៅតំបន់អឺរ៉ុប ដែលជាការបង្ហាញខ្លួនលើកដំបូង។
គួរបញ្ជាក់ថា លោក ឡេង តុង ជាអ្នករត់សប្បុរសធម៌មួយរូប ដែលតែងតែចូលរួមរត់ក្នុងព្រឹត្តិការណ៍សប្បុរសធម៌នានា នៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងនៅកម្ពុជាជារៀងរាល់ឆ្នាំ ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងគោលដៅស្វែងរកមូលនិធិជួយដល់កិច្ចការសង្គមសប្បុរសធម៌ ជាពិសេសមន្ទីរពេទ្យកុមារអង្គរ និងមន្ទីពេទ្យគន្ធបុប្ជាជាដើម។ ការចូលរួមរត់ប្រណាំងរបស់លោក ភាគច្រើនរត់ចម្ងាយ ១០គីឡូម៉ែត្រ និង២១គីឡូម៉ែត្រ ។ លោក ឡេង តុង បច្ចុប្បន្នមានវ័យ៥២ឆ្នាំហើយៗលោកមានកូនប្រុស ឈ្មោះ ឡេង សារិនរាជ ដែលជាកីឡាករជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជា ដោយកូនប្រុសរបស់លោក គឺជាកីឡាករឆ្នើមមួយរូប ក្នុងចំណោមកីឡាករកម្ពុជា៤រូប ដែលបានប្រជែងឈ្នះកៅអីវាយកូនបាល់ពិភពលោក (DAVIS CUP) ឆ្នាំ២០២៤ ដោយកម្ពុជាឡើងមកកាន់ក្រុមទី៣ សម្រាប់ការប្រកួត DAVIS CUP ក្នុងឆ្នាំ២០២៥នេះ៕