ក្រុមព្រះខ័នរាជស្វាយរៀងត្រូវប្រជែងជាមួយក្រុម PSM Makassar របស់ឥណ្ឌូណេស៊ី វគ្គជម្រុះ ក្លឹបជើងឯកអាស៊ាន Shopee Cup

ភ្នំពេញ៖ ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ត្រៀម​ប្រកួតប្រជែង​ជាមួយ​ក្រុម PSM Makassar របស់​ឥណ្ឌូ​ណេ​ស៊ី នា​វេលា​ម៉ោង ៧:៣០ នាទី​យប់ ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដែល​ជា​ប្រកួត​ទី​៣​របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ពូ​ល A ពានរង្វាន់​ក្លឹ​ប​ជើងឯក​អាស៊ាន (ASEAN Club Championship Shopee Cup) រដូវ​កាល ២០២៤-២០២៥​។

ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ក្លឹ​ប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​ប្រកាស​ដល់​អ្នកគាំទ្រ​កីឡាបាល់ទាត់​កម្ពុជា ចូលរួម​លើកទឹកចិត្ត​ដល់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ដែល​យើង​នឹង​លេង​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ប្រកួត​ជាមួយ​ក្លឹ​ប​បាល់ទាត់ PSM Makassar មក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នា​ថ្ងៃ​ពុធ ទី​០៨ ខែមករា ឆ្នាំ​២០២៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​អ្នកគាំទ្រ​ទទួល​បានការ​បញ្ចុះតម្លៃ ១០%​ភ្លាម​ៗ សម្រាប់​ការ​ជាវ​សំបុត្រ​នៅ​លើ​អេប និង​នៅ​បញ្ជរ​លក់​សំបុត្រ​ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​រហូត​ដល់​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៥​។ ក្លឹ​ប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​ចាត់​ទុក​ថា ការ​គាំទ្រ​របស់​អ្នកគាំទ្រ​គ្រប់​ៗ​គ្នា គឺជា​កម្លាំងចិត្ត​ដ៏​អស្ចារ្យ​ជួយ​ឱ្យ​ក្លឹ​ប​តំណាង​កម្ពុ​ជាមួយ​នេះ​មាន​ឆន្ទៈ និង​ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង ដើម្បី​បាល់ទាត់​កម្ពុជា ក្នុង​ពានរង្វាន់ ASEAN Club Championship Shopee Cup នេះ​។

ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០២៣-២០២៤ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​ឆ្លងកាត់​២​ប្រកួត ក្នុង​ពូ​ល A នៃ ASEAN Club Championship Shopee Cup កន្លង​មក ដោយ​ឈ្នះ​១​ប្រកួត និង​ចាញ់​១​ប្រកួត មាន​៣​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤​បណ្តោះអាសន្ន ក្នុង​ពូ​ល A ក្នុង​ចំណោម​៦​ក្រុម​។

ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​របស់​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្គោល លោក Pep Muñoz នៅ​សល់​៣​ប្រកួត​ទៀត​ក្នុង​ដៃ ដោយ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ក្រុម PSM Makassar របស់​ឥណ្ឌូ​ណេ​ស៊ី នា​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៥ (​ម្ចាស់ផ្ទះ​), បន្ត​ជួប​ប្រកួត​ជាមួយ​ក្រុម Dong A Thanh Hoa FC របស់​វៀតណាម នា​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៥ (​ក្រៅ​ផ្ទះ​) និង​ចុង​ក្រោយ​ប៉ះ​ក្រុម Shan United FC របស់​មី​យ៉ា​ន់​ម៉ា នា​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៥ (​ម្ចាស់ផ្ទះ​)​។ ក្នុង​ចំណោម​៥​ប្រកួត​របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង គឺ​មាន​តែ​២​ប្រកួត​ប៉ុណ្ណោះ ដែល​ត្រូវ​លេង​ក្នុង​ដី គឺ​ប៉ះ​ក្រុម PSM Makassar របស់​ឥណ្ឌូ​ណេ​ស៊ី នា​ថ្ងៃ​ទី​០៨ ខែមករា និង​ចុង​ក្រោយ​ប៉ះ​ក្រុម Shan United FC របស់​មី​យ៉ា​ន់​ម៉ា នា​ថ្ងៃ​ទី​០៥ ខែកុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ ដូច​ៗ​គ្នា​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​រួចរាល់ គឺ​ក្រុម​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២​នៃ​ពូ​ល​ទាំង​ពីរ នឹង​បាន​ឡើង​ទៅ​ប្រកួត​ខ្វែង​ពូ​ល សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នា​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៥ (​ជើង​ទី​១) ហើយ​២​ប្រកួត​នេះ​នឹង​ត្រូវ​បន្ត​ការ​ប្រកួត​នៅ​ជើង​ទី​២​ជាមួយ​គ្នា នា​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៥​។ ក្រុម​ឈ្នះ​ៗ​ទាំង​ពីរ​ក្រុម នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ដណ្តើម​ម្ចាស់​ដំណែង​ជើងឯក​ជាមួយ​គ្នា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៥ សម្រាប់​ជើង​ទី​១ ហើយ​ក្រុម​ទាំង​ពីរ​ត្រូវ​ប្រកួត​ជាមួយ​គ្នា​ម្តងទៀត សម្រាប់​ជើង​ទី​២ កាត់សេចក្តី នា​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥​ខាង​មុខ​។

គួរ​បញ្ជាក់​ថា ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង ត្រូវ​ប្រកួត​ក្នុង​ពានរង្វាន់​ក្លឹ​ប​ជើងឯក​អាស៊ាន (ASEAN Club Championship-Shopee Cup) ដោយ​ស្ថិត​ក្នុង​ពូ​ល A មាន​៦​ក្រុម រួម​មាន​៖ ក្រុម BG Pathum United (​ថៃ​), Terengganu (​ម៉ា​ឡេ​ស៊ី​), PSM Makassar (​ឥណ្ឌូ​ណេ​ស៊ី​), Dong A Thanh Hoa (​វៀតណាម​), ព្រះ​ខ័ន​រាជ​ស្វាយ​រៀង (​កម្ពុជា​) និង​ក្រុម Shan United (​មី​យ៉ា​ន់​ម៉ា​)​។ រីឯ​៦​ក្រុម​ផ្សេង​ទៀត ក្នុង​ពូ​ល B រួម​មាន​៖ ក្រុម Buriram United (​ថៃ​), Kuala Lumpur City (​ម៉ា​ឡេ​ស៊ី​), Cong An Ha Noi (​វៀតណាម​), Borneo (​ឥណ្ឌូ​ណេ​ស៊ី​), Kaya FC—Iloilo (​ហ្វី​លី​ពី​ន​) និង​ក្រុម Lion City Sailors (​សិង្ហ​បុរី​)៕

Previous articleLa Liga សម្រេចដកឈ្មោះ Dani Olmo ជាពីក្រុម Barcelona ហើយ!
Next articleលោក ឡេង តុង ជាប់ជ័យលាភីលេខ២ លើវិញ្ញាសា៤២គីឡូម៉ែត្រ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន អាយុ៤៦ឆ្នាំឡើង