លោក ឡេង តុង ជាប់ជ័យលាភីលេខ២ លើវិញ្ញាសា៤២គីឡូម៉ែត្រ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន អាយុ៤៦ឆ្នាំឡើង

សៀមរាប៖ លោក ឡេ​ង តុង ជា​កីឡាករ​រត់ប្រណាំង ដើម្បី​សុខភាព​មួយ​រូប​នៅ រាជធានី​ភ្នំពេញ ដែល​តែងតែ​បង្ហាញខ្លួន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​សប្បុរសធម៌​នានា ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា បាន​បំបែក​កំណត់​ត្រា​របស់​ខ្លួន​គួ​ឱ្យ​ភ្ញាក់ផ្អើល ដោយ​ការ​រត់​លើក​ដំបូង​របស់​លោក​លើ​វិញ្ញាសា​រត់​ចម្ងាយ ៤២​គីឡូម៉ែត្រ​ទទួល​បាន​ចំណាត់​លេខ​២ ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ឥណ្ឌូចិន នៅ​ខេត្តសៀមរាប ថ្មី​ៗ​នេះ ក្រោម​កិច្ចសហការ​រៀបចំ​៣​ប្រទេស មាន​កម្ពុជា​ឡាវ និង​វៀតណាម​។

ភាគច្រើន បុរស​វ័យ​៥២​ឆ្នាំ​រូប​នេះ​តែងតែ​រត់ប្រណាំង​លើ​វិញ្ញាសា​រត់​ចម្ងាយ ១០​គីឡូម៉ែត្រ និង​២១​គីឡូម៉ែត្រ ខណៈ​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ធំ​ៗ ដូច​ជា​ទិវា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​ភ្នំពេញ និង​ទិវា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ ខេត្តសៀមរាប លោក​បាន​ចូលរួម​មិន​ដែល​អាក់ខាន​ឡើយ​។ កំណត់​ត្រា​ថ្មី ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២៤ របស់​កីឡាករ​រត់​ក្រៅ​អាជីព​រូប​នេះ​បាន​បំបែក​កំណត់​ត្រា​របស់​ខ្លួន សម្រាប់​ការ​ចូលរួម​លើក​ដំបូង​លើ​វិញ្ញាសា​រត់​ចម្ងាយ​ឆ្ងាយ ៤២​គីឡូម៉ែត្រ ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ឥណ្ឌូចិន កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ខេត្តសៀមរាប​។

ជ័យ​លា​ភី​លេខ​២ ក្នុង​ចម្ងាយ​៤២​គីឡូម៉ែត្រ ដែល​ជា​កំណត់​ត្រា​ថ្មី​របស់​លោក ឡេ​ង តុង គឺ​លោក​បាន​ប្រើ​ថិរវេលា ៣:២៩:០២ លើ​ប្រភេទ​អាយុ ៤៦​ឆ្នាំ​ឡើង ដែល​មាន​កីឡាករ កីឡាការិនី ២២​នាក់ ខណៈ​ចំណាត់ថ្នាក់​រួម លោក​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១៥ ក្នុង​ចំណោម​កីឡាករ​ជាតិ​-​អន្តរជាតិ​ចូលរួម​ចំនួន ២០០​នាក់​។

លោក ឡេ​ង តុង បាន​គូសបញ្ជាក់​ថា សមិទ្ធផល​ល្អ ដែល​ទទួល​បាន​ក្នុង​ព្រឹត្តិការណ៍​រត់​ចម្ងាយ ៤២​គីឡូម៉ែត្រ ដែល​លោក​បាន​សម្រេចចិត្ត​ចូលរួម​រត់ប្រណាំង​ជា​លើក​ដំបូង​របស់​លោក បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​លោក​កាន់តែ​បង្កើន​ការ​ហ្វឹកហាត់​បន្ថែម​ទៀត ដើម្បី​បោះ​ជំហាន​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​ជា​លក្ខណៈ​អន្តរជាតិ ក្នុង​នាម​ជា​កីឡាករ​កម្ពុជា​។ តាម​គម្រោង នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ លោក​នឹង​បន្ត​ការ​ចូលរួម​រត់​នៅ​ប្រទេស​ក្រៅប្រទេស ដូច​ជា​ការ​រត់ប្រណាំង​នៅ​តំបន់​អឺរ៉ុប ដែល​ជា​ការ​បង្ហាញខ្លួន​លើក​ដំបូង​។

គួរ​បញ្ជាក់​ថា លោក ឡេ​ង តុង ជា​អ្នក​រត់​សប្បុរសធម៌​មួយ​រូប ដែល​តែងតែ​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​សប្បុរសធម៌​នានា នៅ​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​នៅ​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ ក្រោម​ការ​រៀបចំ​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ក្នុង​គោលដៅ​ស្វែងរក​មូលនិធិ​ជួយ​ដល់​កិច្ចការ​សង្គម​សប្បុរសធម៌ ជា​ពិសេស​មន្ទីរពេទ្យ​កុមារ​អង្គរ និង​មន្ទី​ពេទ្យ​គន្ធ​បុ​ប្ជា​ជាដើម​។ ការ​ចូលរួម​រត់ប្រណាំង​របស់​លោក ភាគច្រើន​រត់​ចម្ងាយ ១០​គីឡូម៉ែត្រ និង​២១​គីឡូម៉ែត្រ ។ លោក ឡេ​ង តុង បច្ចុប្បន្ន​មាន​វ័យ​៥២​ឆ្នាំ​ហើយ​ៗ​លោក​មានកូន​ប្រុស ឈ្មោះ ឡេ​ង សា​រិ​ន​រាជ ដែល​ជា​កីឡាករ​ជម្រើសជាតិ​កីឡា​វាយ​កូន​បាល់​កម្ពុជា ដោយ​កូនប្រុស​របស់​លោក គឺជា​កីឡាករ​ឆ្នើម​មួយ​រូប ក្នុង​ចំណោម​កីឡាករ​កម្ពុជា​៤​រូប ដែល​បាន​ប្រជែង​ឈ្នះ​កៅអី​វាយ​កូន​បាល់​ពិភពលោក (DAVIS CUP) ឆ្នាំ​២០២៤ ដោយ​កម្ពុជា​ឡើង​មក​កាន់​ក្រុម​ទី​៣ សម្រាប់​ការ​ប្រកួត DAVIS CUP ក្នុង​ឆ្នាំ​២០២៥​នេះ​៕

Previous articleក្រុមព្រះខ័នរាជស្វាយរៀងត្រូវប្រជែងជាមួយក្រុម PSM Makassar របស់ឥណ្ឌូណេស៊ី វគ្គជម្រុះ ក្លឹបជើងឯកអាស៊ាន Shopee Cup
Next articleក្លឹបចំនួន ៤នៅអារ៉ាប៊ីសាអូឌីតចាប់អារម្មណ៍ចង់បាន Casemiro