ឯកឧត្តមបណ្ឌិត មាស សារិន ផ្តល់អនុសាសន៍៧ចំណុច ដើម្បីការអភិវឌ្ឍកីឡាសីដក់ ត្រៀមឆ្ពោះទៅស៊ីហ្គេម និងយុវជនអាស៊ី ២០២៩

ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត មាស សា​រិ​ន ប្រធាន​សហព័ន្ធ​កីឡា​សីដក់ និង​ឈិ​ន​ឡូ​ន​កម្ពុជា​បាន​ផ្តល់​អនុសាសន៍​៧​ចំណុច​សំខាន់​ៗ ក្នុង​ការ​ជំរុញ​ដល់​ដំណើរការ​អភិវឌ្ឍ​ធនធាន​កីឡាករ កីឡាការិនី​កីឡា​សីដក់ និង​ឈិ​ន​ឡូ​ន​កម្ពុជា​ឱ្យ​មាន​វឌ្ឍនភាព​ទាំង​បរិមាណ និង​គុណភាព​បច្ចេកទេស​ខ្ពស់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ នា​ខែធ្នូ ឆ្នាំ​២០២៥ និង​ត្រៀម​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជន​អាស៊ី នា​ឆ្នាំ​២០២៩ នៅ​កម្ពុជា​។

នៅ​ក្នុង​ឱកាស​បិទ​ការ​ប្រកួត​ដោយ​ជោគជ័យ ព្រឹត្តិការណ៍​កីឡា​សីដក់ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២៤ កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ឯកឧត្តម​បណ្ឌិត មាស សា​រិ​ន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ប្រភេទ​កីឡា​សីដក់ និង​ឈិ​ន​ឡូ​ន​នៅ​កម្ពុជា​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង និង​មានការ​គាំទ្រ​ជា​បណ្តើរ​ៗ​ពី​ថ្នាក់ដឹកនាំ និង​មហាជន​ទូទៅ​ផង​ដែរ​។ ទន្ទឹម​គ្នា​នេះ សមត្ថភាព​របស់​កីឡាករ កីឡាការិនី ក៏​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ជា​ពិសេស​មានការ​ចូលរួម​ពី​កីឡាករ កីឡាការិនី​ជា​យុវជន ដែល​ជា​ថ្នាល និង​ជា​កម្លាំង​ច​លករ ជា​យុទ្ធសាស្ត្រ​ទៅ​អនាគត ដែល​ជា​តម្រូវការ​របស់​សហព័ន្ធ​។

ដើម្បី​ឱ្យ​ប្រភេទ​កីឡា​សីដក់ និង​ឈិ​ន​ឡូ​ន​កាន់តែ​មាន​វឌ្ឍនភាព​ទាំង​បរិមាណ និង​គុណភាព​បច្ចេកទេស​ខ្ពស់​អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ និង​ជា​ពិសេស​ត្រៀម​ចូលរួម​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៥ ឆ្នាំ​២០២៩ ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ ឯកឧត្តម​បណ្ឌិត មាស សា​រិ​ន បាន​ផ្តល់​អនុសាសន៍​៧​ចំណុច​សំខាន់​ៗ​រួម​មាន​៖

១-​ត្រូវ​ខិតខំ​យកចិត្តទុកដាក់ ក្នុង​ការ​បើក​វគ្គ​បណ្តុះបណ្តាល និង​បង្កើន​បរិមាណ​កីឡាករ កីឡាការិនី​វ័យក្មេង នៅ​តាម​បណ្តា​សមាគម​-​ក្លឹ​ប​កីឡា​សីដក់ និង​ឈិ​ន​ឡូ​ន ទូ​ទាំង​ប្រទេស​។

២-​ត្រូវ​មាន​ធនធាន និង​សម្ភារ​ហ្វឹកហាត់​ឱ្យ​បាន​គ្រប់គ្រាន់ មាន​ជា​អាទិ៍ សមាគម​-​ក្លឹ​ប​កីឡា​សីដក់ និង​ឈិ​ន​ឡូ​ន រាជធានី​-​ខេត្ត និង​ក្រសួង​ពាក់ព័ន្ធ​ចាំបាច់​ត្រូវ​មាន​ទីលាន ដើម្បី​ងាយស្រួល ក្នុង​ការ​ហ្វឹកហាត់ ក៏​ដូច​ជា​ចូលរួម​ការ​ប្រកួត​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ​។

៣-​ត្រូវ​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​របស់​សហព័ន្ធ និង​សមាគម​-​ក្លឹ​ប​កីឡា​សីដក់ និង​ឈិ​ន​ឡូ​ន​ទូ​ទាំង​ប្រទេស ដោយ​ផ្តោត​សំខាន់​លើ​ការ​បំពេញភារកិច្ច​របស់​គណៈកម្មការ​ជំនាញ​នីមួយ​ៗ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

៤-​ត្រូវ​ពង្រឹងសមត្ថភាព​មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្តាល និង​ចៅក្រម​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ទាំង​បរិមាណ និង​គុណភាព ដើម្បី​អាច​គ្រប់គ្រង និង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាន​គ្រប់​កម្រិត​។

៥- ត្រូវ​ខិតខំ​ស្វែងរក​ដៃគូរ​សហការ និង​ក្រុមហ៊ុន​ឧបត្ថម្ភ​បន្ថែម​ទៀត ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ឱ្យ​បាន​ច្រើន តាម​ដែល​អាច​ធ្វើ​បាន​។

៦-​ត្រូវ​ជំរុញ​ការ​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​ប្រកួត និង​សកម្មភាព​ការងារ​របស់​សហព័ន្ធ​ឱ្យ​បាន​ទូលំទូលាយ​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​វិស័យ​ឯកជន និង​សាធារណ​ជនជាតិ​-​អន្តរជាតិ​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​។

៧-​បំផុស​ចលនា​ឱ្យ​មហាជន​យល់​ពី​និយម​ន័យ “​កីឡា​រស់​ក្នុង​សន្តិភាព​” និង​ចូលរួម​លេង​កីឡា​ឱ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​សុខភាព និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​។

ជាមួយ​គ្នា​នេះ កញ្ញា សួង ចាន់​តូ​រ៉ា​ទី អគ្គលេខាធិការ សហព័ន្ធ​កីឡា​សីដក់ និង​ឈិ​ន​ឡូ​ន​កម្ពុជា​បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​សីដក់ ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២៤​នេះ​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​ចូលរួម​សរុប ចំនួន ៨០​នាក់ (​កីឡាការិនី ១៨​នាក់​) មក​ពី​៥​ក្លឹ​ប​ក្រសួង​ស្ថាប័ន ដោយ​សហព័ន្ធ​បាន​ដាក់​៣​វិញ្ញាសា​ឱ្យ​ប្រកួតប្រជែង​មេដាយ រយៈពេល​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​១៨-២០ ខែមករា ឆ្នាំ​២០២៥​។ ជា​លទ្ធផល​បច្ចេកទេស រួម​មាន​៖ ក្រសួងការពារជាតិ ឈរ​នៅ​លេខ​១ មេដាយមាស​១ ប្រាក់​២, លេខ​២ មជ្ឈមណ្ឌល​កីឡា​កង​យោធពលខេមរភូមិន្ទ ទទួល​បាន​មេដាយមាស​១ ប្រាក់​១ និង​សំរឹទ្ធ​១, លេខ​៣ សមាគម​សីដក់ និង​ឈិ​ន​ឡូ​ន​ក្រសួងមហាផ្ទៃ មេដាយមាស​១ និង​មេដាយ​សំរឹទ្ធ​២៕

Previous articleលោក កែវ សារ៉េត៖ FFC បើកការស៊ើបអង្កេតករណីការកំណត់លទ្ធផលទុកមុនរបស់ក្រុមជម្រើសជាតិកម្ពុជាប្រកួតជាមួយ សិង្ហបុរី ក្នុងពានជើងឯកអាស៊ាន
Next articleតើកៅអីរបស់លោក Ange Postecoglou កំពុងក្តៅមែន ឫទេ?