ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) ថ្លែងថា ប្រធានថ្មី គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នឹងត្រូវបោះឆ្នោតឆ្នោតជ្រើសរើស នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសក្រិក ដោយមានបេក្ខជនឆ្នើមៗឈរឈ្មោះ ៧រូប ហើយប្រធានថ្មីនឹងមានអម្រែកត្រូវដោះស្រាយបញ្ហាប្រឈមជាច្រើន ក្នុងការស្តារចលនាអូឡាំពិកពិភពលោក។
ថ្លែងក្នុងបទសម្ភាសន៍ថ្មីៗនេះ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាសមាជិកពេញសិទ្ធិរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ហើយយើងគោរពទៅតាមធម្មនុញរបស់អូឡាំពិកអន្តរជាតិយ៉ាងខ្ជាប់ខ្ជួន។ ក្នុងពេលនេះ ពិភពលោកទាំងមូលកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលរបស់ចលនាអូឡាំពិកអន្តរជាតិ ដែលលោក Thomas Bach ប្រធាន IOC នឹងត្រូវបញ្ចប់អាណត្តិ១២ឆ្នាំរបស់គាត់ ដែលមានក្នុងអាណត្តិ IOC មានរយៈពេល ៨ឆ្នាំបូក៤ ដែលលោកបានដឹកនាំគ្រប់គ្រងចលនាអូឡាំពិកពិភពលោកទាំងមូល។
ប្រតិបត្តិករចលនាកីឡាអូឡាំពិកកម្ពុជារូបនេះបានសង្កត់ធ្ងន់ដូច្នេះថា ៖«នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ គឺជាពេលវេលា ដែលគេជ្រើសរើសប្រធាន IOC ថ្មី ខណៈ Thomas Bach ប្រធាន IOC អាណត្តិចាស់មិនអាចឈរឈ្មោះបានទៀតទេ ពីព្រោះ១អាណត្តិបូក៤នេះ គឺចប់តែម្តង ដោយនេះជាលក្ខខណ្ឌរបស់ធម្មនុញអូឡាំពិកអន្តរជាតិ។ សម្រាប់អាណត្តិថ្មី ឆ្នាំ២០២៥តទៅនេះ គឺជាលើកដំបូង ដែលមានសមាសភាពជាឥស្សរជនកំពូលៗ ៧រូប ដែលឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ ដោយកាលពីមុនៗមក គឺមានតែ២-៣រូបប៉ុណ្ណោះ ដែលឈរឈ្មោះក្នុងបេក្ខភាពប្រធាន IOC។ លើកនេះជាប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់ដំណែងប្រធាន IOC ដែលមានបេក្ខភាពច្រើនដល់ទៅ៧រូប ក្នុងនោះមានស្ត្រីម្នាក់ គឺលោកស្រី Kirsty Coventry លោកស្រី Kirsty Coventry (ស៊ីមបាវ៉េ) ជាសមាជិក IOC និងជារដ្ឋមន្ត្រីក្រសួងយុវជន កីឡា សិល្បៈ និងទេសចរណ៍ ដែលជាអតីតម្ចាស់មេដាយមាសកីឡាហែលទឹក អូឡាំពិកហ្គេម។ ក្នុងចំណោមបេក្ខភាពប្រជែងដំណែងប្រធាន IOC ទាំង៧រូប គឺសុទ្ធសឹងតែជាបុគ្គលមានឧត្តមភាព ដែលមានបទពិសោធខ្លាំងៗ និងយូរអង្វែង នៅក្នុងការគ្រប់គ្រងដឹកនាំក្នុងចលនាអូឡាំពិក»។
បេក្ខជនឈរឈ្មោះទាំង៧រូប រួមមាន៖ ១.ព្រះអង្គម្ចាស់ហ្សកដានី Feisal Al Hussein ប្រធានគណៈកម្មាធិការជាតិ (NOC) ហ្សកដានី និងជាសមាជិកប្រតិបត្តិក្រុមប្រឹក្សាកីឡាអាស៊ី (OCA), ២.លោក Juan Antonio Samaranch Jr. សមាជិក NOC អេស្ប៉ាញ ដែលជាកូនប្រុសអតីតប្រធាន IOC លោក Juan Antonio Samaranch។ ៣.លោក Morinari Watanabe (ជប៉ុន) សមាជិក IOC និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិ។ ៤. លោក David Lappartient ប្រធានសហភាពកីឡាទោចក្រយាន (UCI) និងជាប្រធាន NOC បារាំង។ ៥.លោកស្រី Kirsty Coventry (ស៊ីមបាវ៉េ) ជាសមាជិក IOC និងជារដ្ឋមន្ត្រីក្រសួងយុវជន កីឡា សិល្បៈ និងទេសចរណ៍ ដែលជាអតីតម្ចាស់មេដាយមាសកីឡាហែលទឹក អូឡាំពិកហ្គេម។ ៦. លោក Johan Eliasch (ស៊ុយអែត-អង់គ្លេស) សមាជិក IOC និងជាប្រធានសហព័ន្ធកីឡាស្គីអន្តរជាតិ និងទី៧. លោក Sebastian Coe (អង់គ្លេស និងជាសមាជិក IOC និងជាប្រធានសហព័ន្ធកីឡាអត្តពលកម្មពិភពលោក។
ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ទៀតថា ក្នុងចំណោមបេក្ខជនឈរឈ្មោះទាំង៧រូបនេះ គឺលោក Sebastian Coe (អង់គ្លេស) ជាសមាជិក IOC និងជាប្រធានអត្តពលកម្មពិភពលោក ដែលលោកគឺជាអតីតប្រធានរៀបចំអូឡាំពិកហ្គេម ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នៅឆ្នាំ២០១២ ហើយលោកក៏ជាអតីតម្ចាស់មេដាយមាស រត់ប្រណាំង ដែលលោកមានប្រជាប្រិយភាពជាងគេ ក្នុងបេក្ខជនឈរឈ្មោះទាំង៧រូប។ «ប៉ុន្តែអ្វីៗ គឺស្ថិតនៅលើសន្លឹកឆ្នោតចំនួន ១១០សន្លឹក ដែលជាសមាជិក IOC ហើយក្នុងចំនួនសន្លឹកឆ្នោត ១១០នេះ គឺមានតំណាងអាស៊ីអាគ្នេយ៍ ២សន្លឹកដែរ។ ក្នុងនាម NOCC ដែលជាសមាជិកពេញសិទ្ធិរបស់ IOC នឹងអបអរសាទរ និងរង់ចាំមើលព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានថ្មី IOC ដែលគ្រោងនឹងធ្វើឡើង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសក្រិក»។
អគ្គលេខាធិការ NOCC មានប្រសាសន៍ថា ៖«យើងនឹងមានជំនឿចិត្តខ្ពស់ ពីព្រោះថា ឥស្សរជនឈរឈ្មោះទាំង៧រូប សុទ្ធតែជាអ្នកខ្លាំងៗ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺប្រធានថ្មី នាពេលខាងមុខឆាប់ៗនេះនឹងត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ ដែលបញ្ហាប្រឈមទី១ គាត់នឹងត្រូវប្រឈមជាមួយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលត្រៀមធ្វើម្ចាស់ផ្ទះ កីឡាអូឡាំពិក (Olympic Games) ឆ្នាំ២០២៨ នៅរដ្ឋ Los Angeles។ ប្រធាន IOC ថ្មី ក៏ត្រូវប្រឈមបញ្ហាជាច្រើនទៀត ដើម្បីរក្សាឱ្យបាននូវសមត្ថភាពរបស់ចលនាអូឡាំពិកពិភពលោក ជាពិសេសព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលត្រូវប្រារព្ធធ្វើឡើងរៀងរាល់៤ឆ្នាំម្តង។ ឧទាហរណ៍ថា ៤ឆ្នាំមុន គិតដល់ត្រឹមឆ្នាំ២០២៤ ជាពេលវេលាមួយ ដែលគេរកបានចំណូលបាន ៦.៧ ប៊ីលានដុល្លារ ក្នុងការជួយដល់ចលនាអូឡាំពិក ដូច្នេះប្រធានថ្មី IOC ត្រូវប្រកួតប្រជែង ក្នុងការស្វែងរកចំណូលឱ្យបានច្រើនជាងចំណូលនេះ ឬអាចប្រហាក់ប្រហែលគ្នានឹងចំនួនថវិកានេះ មិនអាចក្រោមចំនួនចំណូលនេះទេ»។
«ដូច្នេះ ក្រៅពីការធ្វើការជាមួយសហរដ្ឋអាមេរិក អាណត្តិ IOC ក្រោយនេះ ប្រធាន IOC ត្រូវធ្វើការឱ្យបានជោគជ័យនូវព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ពីរដង និងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងារ ពីរដងទៀត ដោយត្រូវធ្វើកិច្ចការជាមួយអូស្ត្រាលី ដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះ នៅទីក្រុង Brisbane នាឆ្នាំ២០៣២ បន្ទាប់ពីអូឡាំពិកហ្គេម នៅសហរដ្ឋអាមេរិក។ កិច្ចការទាំងនេះ គឺជាស្ថានភាពមួយ ដែលចលនាអូឡាំពិកស្តារប្រជាប្រិយភាព និងគុណភាពអូឡាំពិកហ្គេម ឡើងវិញ បន្ទាប់ពីមានវិបត្តិ ក្នុងសម័យជំងឺកូវីដ-១៩ ដែលធ្វើឱ្យមានបញ្ហាប៉ះពាល់នានាដល់ចលនាអូឡាំពិក»។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែម។
ចំពោះបញ្ហាសំខាន់មួយទៀត ត្រូវបានប្រតិបត្តិករកីឡាដ៏សកម្មរូបនេះអះអាងថា ចលនាអូឡាំពិកអន្តរជាតិស្វែងរកសុខសន្តិភាពរបស់ពិភពលោក ពីព្រោះអូឡាំពិកមានទ្រឹស្តីមួយ គឺ «កីឡានាំមកនូវសន្តិភាព»។ អ៊ីចឹង IOC គឺជាដៃគូរបស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រចលនាស្វែងរកសន្តិភាពពិភពលោក និងការដោះស្រាយបញ្ហាវិវាទផ្សេងៗទៀត ដោយចំណុចទាំងអស់នេះ គឺប្រធានថ្មី IOC ត្រូវប្រកួតប្រជែង ហើយដំណែងប្រធានថ្មីនេះក៏នឹងត្រូវលុបបំបាត់នូវការរើសអើង ក្នុងសង្គ្រាមជាដើម ជាពិសេសគឺប្រធានថ្មីនឹងត្រូវទាញប្រទេសធំៗឱ្យវិលត្រឡប់មកចូលរួមប្រកួតកីឡាអូឡាំពិកឡើងវិញ ជាក់ស្តែងដូចជាប្រទេសរុស្ស៊ី មកចូលរួមប្រកួតឱ្យបាន ដែលគេដាក់សមីការឱ្យប្រធានអាណត្តិថ្មី IOC។ សមីការនេះត្រូវបានគេដាក់ឱ្យបេក្ខជនឈរឈ្មោះអាណត្តិថ្មី អាចបញ្ចុះបញ្ចូល ឬរៀបចំយ៉ាងម៉េចឱ្យកីឡារុស្ស៊ី ដែលមានភាពខ្លាំងក្លាខាងកីឡាឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រៀងរាល់៤ឆ្នាំម្តងនេះជាផ្លូវការឡើងវិញ។ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកហ្គេម ២-៣ លើកចុងក្រោយនេះ ប្រទេសរុស្ស៊ីមិនបានចូលរួមប្រកួតឡើយ ពោលគឺចាប់តាំងពីឆ្នាំ២០១៦ ឆ្នាំ២០២០ និងឆ្នាំ២០២៤ នៅប្រទេសបារាំង គឺរុស្ស៊ីមិនបានចូលរួមក្រោមរូបភាពប្រទេសនោះទេ ដោយចូលរួមប្រកួតក្នុងនាមជាអត្តពលិកឯករាជ្យប៉ុណ្ណោះ ដោយសារតែបញ្ហាដូពីង និងបញ្ហានយោបាយ។ ដូច្នេះប្រធានថ្មី IOC សម្រាប់ឆ្នាំ២០២៥តទៅត្រូវមានអម្រែកច្រើន ក្នុងការធ្វើកិច្ចការទាំងអស់នេះ។
ទោះយ៉ាងណា ឯកឧត្តមអគ្គលេខាធិការ NOCC ពានដក់ក្តីសង្ឃឹមខ្ពស់ថា ចលនាអូឡាំពិក នៅតែជាចលនាមួយស្អាតស្អំ ដែលប្រជាជាតិទាំងអស់នៅលើពិភពលោកត្រូវការ និងចង់បាននូវសុខដុមរមនាសម្រាប់មនុស្សជាតិនៅលើសកលលោកយើងនេះ ពីព្រោះចលនាកីឡាអូឡាំពិក មិនត្រឹមតែជាធ្វើឡើងសម្រាប់តែសុខភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺជាចំណែកដ៏សំខាន់ក្នុងការជួយឱ្យមានសុខដុមរមនាសង្គម ការអភិវឌ្ឍសង្គម និងការរួមចំណែកជួយដល់សង្គមជាតិជាច្រើនទៀត។ ដូច្នេះ បេក្ខភាពប្រធានថ្មី IOC ក្នុងចំណោម៧រូបខាងលើនេះនឹងដឹកនាំគ្រប់គ្រងចលនាអូឡាំពិកពិភពលោក ក្នុងរយៈពេល៨ឆ្នាំទៅមុខទៀត។ ក្នុងនាម គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រធានថ្មី IOC ហើយកម្ពុជានឹងអាចមានដំណើរទស្សនកិច្ចមួយជាមួយប្រធានថ្មី IOC ក្នុងឆ្នាំ២០២៥នេះដែរ៕