អ្នកចាត់ការក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាអំពាវនាវដល់ប្រជាពលរដ្ឋ បរិច្ចាគឈាម នាថ្ងៃទី១៨ខែកុម្ភៈ ក្នុងព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌

ភ្នំពេញ៖ ប្រធាន​ចាត់ការ​ទូទៅ​ក្រុមកីឡា​បាល់ទាត់​ពិធីករ​កីឡា​កម្ពុជា លោក គុ​ជ ឆៃ​យ៉ា បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប​ចូលរួម​បរិច្ចាគ​ឈាម ក្នុង​ព្រឹ​ត្ត​ការណ៍​បរិច្ចាគ​ឈាម ១០០០​សាក់ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ពេញ​១​ថ្ងៃ នា​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​កីឡា​កង​យោធពលខេមរភូមិន្ទ (​ស្តា​ត​ចាស់​) ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​សប្បុរសធម៌ ដើម្បី​រួមចំណែក​ជួយ​ដល់​សង្គម​ជាតិ ស្រប​ពេល​ដែល​តម្រូវការ​ឈាម​មានការ​កើនឡើង​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

លោក គុ​ជ ឆៃ​យ៉ា បាន​គូសបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ​ខាង​មុខ​នេះ ការ​ទទួល​ការ​បរិច្ចាគ​ឈាម​ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ហើយ​នៅ​វេលា​ម៉ោង​៦​ល្ងាច​តទៅ​នឹង​មានការ​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​រវាង​ក្រុមបាល់ទាត់​ពិធីករ​កីឡា​កម្ពុជា​ជាមួយ​ក្រុមបាល់ទាត់​ប្រដាល់​គុន​ខ្មែរ ដើម្បី​ជា​ចលនា​បំផុសស្មារតី ក្នុង​ការ​ចូលរួម​បរិច្ចាគ​ឈាម​ជួយ​ជីវិត​មនុស្ស​ផង​ដែរ​។ លោក​បាន​សង្កត់ធ្ងន់​ថា ការ​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​គោលបំណង​លើកកម្ពស់​ដល់​វិស័យ​កីឡា​កម្ពុជា​ឱ្យ​មាន​សកម្មភាព​កាន់តែ​ផុសផុល និង​រីក​ចម្រើន ក៏​ដូច​ជា​ក្នុង​ន័យ​ចូលរួម​បំផុសស្មារតី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​កីឡាករ​បាន​យល់​ដឹង ក្នុង​ការ​ចូលរួម​ផ្តល់​ឈាម​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត ខណៈ​តម្រូវការ​ឈាម​កាន់តែ​កាន់តែ​ខ្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ គោល​គំនិត​នៃ​ការ​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់ និង​រួម​គ្នា​បរិច្ចាគ​ឈាម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

គួរ​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៤ ក្រុមបាល់ទាត់​ពិធីករ​កីឡា​កម្ពុជា​បាន​ចូលរួម​បរិច្ចាគ​ឈាម​មុន​រួច​មក​ហើយ ដោយឡែក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៥ ក្រុមបាល់ទាត់​គុន​ខ្មែរ ដឹកនាំ​ដោយ ឯកឧត្តម ខូ​វ ឆាយ ក៏​បាន​ចូលរួម​បរិច្ចាគ​ឈាម នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ដើម្បី​ជា​កា​រួមចំណែក​ជួយ​ដល់​កិច្ច​ការងារ​សង្គម ក៏​ដូច​ជា​កិច្ចការ​មនុស្សធម៌​ជួយ​ដល់​សង្គម​ជាតិ​ផង​ដែរ​។

ជាមួយ​គ្នា​នេះ បើ​តាម​ការ​គូសបញ្ជាក់​របស់​វេជ្ជបណ្ឌិត​បានឱ្យ​ដឹង​ថា ការ​បរិច្ចាគ​ឈាម​ចំណាយពេល​ត្រឹមតែ ១០​ទៅ ១៥​នាទី​ប៉ុណ្ណោះ ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព​យើង​ឡើយ ផ្ទុយ​ទៅ​វិញ ការ​បរិច្ចាគ​ឈាម​នេះ​មិន​ត្រឹមតែ​បាន​ជួយ​សង្គ្រោះ​អាយុជីវិត​អ្នក​ត្រូវការ​ឈាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ចូលរួម​ចំណែក​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​អ្នក​ត្រូវការ​ឈាម​។ អ្នក​ដែល​បាន​បរិច្ចាគ​ឈាម​ទៀងទាត់​ជួយ​ឱ្យ​អ្នក​ផ្តល់​ឈ្នះ​មាន​សុខភាព​ល្អ ដោយ​ជួយ​កាត់​បន្ថយ​ជំងឺមហារីក​នានា​, ជួយ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​សុខភាព​បេះដូង​, ជួយ​ទប់ស្កាត់​កា​ឡើង​ទម្ងន់​, ជួយ​ទប់ស្កាត់​ការ​ដាច់​សរសៃឈាម​ខួរក្បាល​, ជួយ​កាត់​បន្ថយ​ជាតិ​ដែក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ថ្លើម និង​លំពែង​សម្រាប់​ស្ត្រី​។ សម្រាប់​ស្ត្រី​អាច​បរិច្ចាគ​ឈាម​រៀង​រាល់ ៤​ខែ​ម្ដង រីឯ​សម្រាប់​បុរស​អាច​បរិច្ចាគ​ឈាម​រៀង​រាល់ ៣​ខែ​ម្ដង​៕

Previous articleAlphonso Davies នឹងបន្តស្នាក់នៅជាមួយក្លឹប Bayern ដល់ឆ្នាំ២០៣០
Next articleឯកឧត្តម វ៉ាត់ ចំរើន ៖ ប្រធាន IOC អាណត្តិថ្មី មានអម្រែកត្រូវដោះស្រាយបញ្ហាប្រឈមជាច្រើន ក្នុងចលនាអូឡាំពិកពិភពលោក