ឯកឧត្តម វ៉ាត់ ចំរើន ៖ ប្រធាន IOC អាណត្តិថ្មី មានអម្រែកត្រូវដោះស្រាយបញ្ហាប្រឈមជាច្រើន ក្នុងចលនាអូឡាំពិកពិភពលោក

ភ្នំពេញ៖ ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា (NOCC) ថ្លែង​ថា ប្រធាន​ថ្មី គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) នឹង​ត្រូវ​បោះ​ឆ្នោត​ឆ្នោត​ជ្រើសរើស នា​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៥ នៅ​ប្រទេស​ក្រិ​ក ដោយ​មាន​បេក្ខជន​ឆ្នើម​ៗ​ឈរឈ្មោះ ៧​រូប ហើយ​ប្រធាន​ថ្មី​នឹង​មាន​អ​ម្រែ​ក​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​ច្រើន ក្នុង​ការ​ស្តារ​ចលនា​អូ​ឡាំ​ពិ​ក​ពិភពលោក​។

ថ្លែង​ក្នុង​បទ​សម្ភាសន៍​ថ្មី​ៗ​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន បាន​គូសបញ្ជាក់​ថា ក្នុង​នាម​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដែល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) ហើយ​យើង​គោរព​ទៅ​តាម​ធម្មនុញ​របស់​អូ​ឡាំ​ពិ​ក​អន្តរជាតិ​យ៉ាង​ខ្ជាប់ខ្ជួន​។ ក្នុង​ពេល​នេះ ពិភពលោក​ទាំងមូល​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំ​កំពូល​របស់​ចលនា​អូ​ឡាំ​ពិ​ក​អន្តរជាតិ ដែល​លោក Thomas Bach ប្រធាន IOC នឹង​ត្រូវ​បញ្ចប់​អាណត្តិ​១២​ឆ្នាំ​របស់​គាត់ ដែល​មាន​ក្នុង​អាណត្តិ IOC មាន​រយៈពេល ៨​ឆ្នាំ​បូក​៤ ដែល​លោក​បាន​ដឹកនាំ​គ្រប់គ្រង​ចលនា​អូ​ឡាំ​ពិ​ក​ពិភពលោក​ទាំងមូល​។

ប្រតិបត្តិ​ករ​ចលនា​កីឡា​អូ​ឡាំ​ពិ​ក​កម្ពុជា​រូប​នេះ​បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា ៖«​នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៥ គឺជា​ពេលវេលា ដែល​គេ​ជ្រើសរើស​ប្រធាន IOC ថ្មី ខណៈ Thomas Bach ប្រធាន IOC អាណត្តិ​ចាស់​មិន​អាច​ឈរឈ្មោះ​បាន​ទៀត​ទេ ពីព្រោះ​១​អាណត្តិ​បូក​៤​នេះ គឺ​ចប់​តែ​ម្តង ដោយ​នេះ​ជា​លក្ខខណ្ឌ​របស់​ធម្មនុញ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​។ សម្រាប់​អាណត្តិ​ថ្មី ឆ្នាំ​២០២៥​តទៅ​នេះ គឺជា​លើក​ដំបូង ដែល​មាន​សមាសភាព​ជា​ឥស្សរជន​កំពូល​ៗ ៧​រូប ដែល​ឈរឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ឱ្យ ដោយ​កាលពីមុន​ៗ​មក គឺ​មាន​តែ​២-៣​រូប​ប៉ុណ្ណោះ ដែល​ឈរឈ្មោះ​ក្នុង​បេក្ខភាព​ប្រធាន IOC​។ លើក​នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ សម្រាប់​ដំណែង​ប្រធាន IOC ដែល​មាន​បេក្ខភាព​ច្រើន​ដល់​ទៅ​៧​រូប ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ គឺ​លោកស្រី Kirsty Coventry លោកស្រី Kirsty Coventry (​ស៊ី​ម​បា​វ៉េ​) ជា​សមាជិក IOC និង​ជា​រដ្ឋមន្ត្រីក្រសួង​យុវជន កីឡា សិល្បៈ និង​ទេសចរណ៍ ដែល​ជា​អតីត​ម្ចាស់​មេដាយមាស​កីឡាហែលទឹក អូ​ឡាំ​ពិ​ក​ហ្គេ​ម​។ ក្នុង​ចំណោម​បេក្ខភាព​ប្រជែង​ដំណែង​ប្រធាន IOC ទាំង​៧​រូប គឺ​សុទ្ធសឹងតែ​ជា​បុគ្គល​មាន​ឧត្តមភាព ដែល​មាន​បទ​ពិសោធ​ខ្លាំង​ៗ និង​យូរអង្វែង នៅ​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​ក្នុង​ចលនា​អូ​ឡាំ​ពិ​ក​»​។

បេក្ខជន​ឈរឈ្មោះ​ទាំង​៧​រូប រួម​មាន​៖ ១.​ព្រះ​អង្គ​ម្ចាស់​ហ្ស​ក​ដា​នី Feisal Al Hussein ប្រធាន​គណៈកម្មាធិការ​ជាតិ (NOC) ហ្ស​ក​ដា​នី និង​ជា​សមាជិក​ប្រតិបត្តិ​ក្រុមប្រឹក្សា​កីឡា​អាស៊ី (OCA), ២.​លោក Juan Antonio Samaranch Jr. សមាជិក NOC អេ​ស្ប៉ា​ញ ដែល​ជា​កូនប្រុស​អតីត​ប្រធាន IOC លោក Juan Antonio Samaranch​។ ៣.​លោក Morinari Watanabe (​ជប៉ុន​) សមាជិក IOC និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​អន្តរជាតិ​។ ៤. លោក David Lappartient ប្រធាន​សហភាព​កីឡា​ទោចក្រយាន (UCI) និង​ជា​ប្រធាន NOC បារាំង​។ ៥.​លោកស្រី Kirsty Coventry (​ស៊ី​ម​បា​វ៉េ​) ជា​សមាជិក IOC និង​ជា​រដ្ឋមន្ត្រីក្រសួង​យុវជន កីឡា សិល្បៈ និង​ទេសចរណ៍ ដែល​ជា​អតីត​ម្ចាស់​មេដាយមាស​កីឡាហែលទឹក អូ​ឡាំ​ពិ​ក​ហ្គេ​ម​។ ៦. លោក Johan Eliasch (​ស៊ុ​យ​អែ​ត​-​អង់គ្លេស​) សមាជិក IOC និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ស្គី​អន្តរជាតិ និង​ទី​៧. លោក Sebastian Coe (​អង់គ្លេស និង​ជា​សមាជិក IOC និង​ជា​ប្រធាន​សហព័ន្ធ​កីឡាអត្តពលកម្ម​ពិភពលោក​។

ឯកឧត្តម វ៉ា​ត់ ចំរើន បាន​គូសបញ្ជាក់​ទៀត​ថា ក្នុង​ចំណោម​បេក្ខជន​ឈរឈ្មោះ​ទាំង​៧​រូប​នេះ គឺ​លោក Sebastian Coe (​អង់គ្លេស​) ជា​សមាជិក IOC និង​ជា​ប្រធាន​អត្តពលកម្ម​ពិភពលោក ដែល​លោក​គឺជា​អតីត​ប្រធាន​រៀបចំ​អូ​ឡាំ​ពិ​ក​ហ្គេ​ម ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស នៅ​ឆ្នាំ​២០១២ ហើយ​លោក​ក៏​ជា​អតីត​ម្ចាស់​មេដាយមាស រត់ប្រណាំង ដែល​លោក​មាន​ប្រជាប្រិយភាព​ជាងគេ ក្នុង​បេក្ខជន​ឈរឈ្មោះ​ទាំង​៧​រូប​។ «​ប៉ុន្តែ​អ្វី​ៗ គឺ​ស្ថិត​នៅ​លើ​សន្លឹក​ឆ្នោត​ចំនួន ១១០​សន្លឹក ដែល​ជា​សមាជិក IOC ហើយ​ក្នុង​ចំនួន​សន្លឹក​ឆ្នោត ១១០​នេះ គឺ​មាន​តំណាង​អាស៊ី​អាគ្នេយ៍ ២​សន្លឹក​ដែរ​។ ក្នុង​នាម NOCC ដែល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់ IOC នឹង​អបអរសាទរ និង​រង់ចាំ​មើល​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី IOC ដែល​គ្រោង​នឹង​ធ្វើ​ឡើង នា​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៥ នៅ​ប្រទេស​ក្រិ​ក​»​។

អគ្គលេខាធិការ NOCC មាន​ប្រសាសន៍​ថា ៖«​យើង​នឹង​មាន​ជំនឿ​ចិត្ត​ខ្ពស់ ពីព្រោះ​ថា ឥស្សរជន​ឈរឈ្មោះ​ទាំង​៧​រូប សុទ្ធតែ​ជា​អ្នក​ខ្លាំង​ៗ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត គឺ​ប្រធាន​ថ្មី នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ ដែល​បញ្ហា​ប្រឈម​ទី​១ គាត់​នឹង​ត្រូវ​ប្រឈម​ជាមួយ លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ កីឡា​អូ​ឡាំ​ពិ​ក (Olympic Games) ឆ្នាំ​២០២៨ នៅ​រដ្ឋ Los Angeles​។ ប្រធាន IOC ថ្មី ក៏​ត្រូវ​ប្រឈម​បញ្ហា​ជា​ច្រើន​ទៀត ដើម្បី​រក្សា​ឱ្យ​បាន​នូវ​សមត្ថភាព​របស់​ចលនា​អូ​ឡាំ​ពិ​ក​ពិភពលោក ជា​ពិសេស​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ដែល​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​រៀង​រាល់​៤​ឆ្នាំ​ម្តង​។ ឧទាហរណ៍​ថា ៤​ឆ្នាំ​មុន គិតដល់​ត្រឹម​ឆ្នាំ​២០២៤ ជា​ពេលវេលា​មួយ ដែល​គេ​រកបាន​ចំណូល​បាន ៦.៧ ប៊ី​លាន​ដុល្លារ ក្នុង​ការ​ជួយ​ដល់​ចលនា​អូ​ឡាំ​ពិ​ក ដូច្នេះ​ប្រធាន​ថ្មី IOC ត្រូវ​ប្រកួតប្រជែង ក្នុង​ការ​ស្វែងរក​ចំណូល​ឱ្យ​បាន​ច្រើន​ជាង​ចំណូល​នេះ ឬ​អាច​ប្រហាក់ប្រហែល​គ្នា​នឹង​ចំនួន​ថវិកា​នេះ មិន​អាច​ក្រោម​ចំនួន​ចំណូល​នេះ​ទេ​»​។

«​ដូច្នេះ ក្រៅពី​ការ​ធ្វើការ​ជាមួយ​សហរដ្ឋអាមេរិក អាណត្តិ IOC ក្រោយ​នេះ ប្រធាន IOC ត្រូវ​ធ្វើការ​ឱ្យ​បាន​ជោគជ័យ​នូវ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក រដូវក្តៅ ពីរ​ដង និង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក រដូវរងារ ពីរ​ដង​ទៀត ដោយ​ត្រូវធ្វើ​កិច្ចការ​ជាមួយ​អូស្ត្រាលី ដែល​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ នៅ​ទីក្រុង Brisbane នា​ឆ្នាំ​២០៣២ បន្ទាប់​ពី​អូ​ឡាំ​ពិ​ក​ហ្គេ​ម នៅ​សហរដ្ឋអាមេរិក​។ កិច្ចការ​ទាំងនេះ គឺជា​ស្ថានភាព​មួយ ដែល​ចលនា​អូ​ឡាំ​ពិ​ក​ស្តារ​ប្រជាប្រិយភាព និង​គុណភាព​អូ​ឡាំ​ពិ​ក​ហ្គេ​ម ឡើង​វិញ បន្ទាប់​ពី​មាន​វិបត្តិ ក្នុង​សម័យ​ជំងឺ​កូ​វី​ដ​-១៩ ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​ប៉ះពាល់​នានា​ដល់​ចលនា​អូ​ឡាំ​ពិ​ក​»​។ ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បន្ថែម​។

ចំពោះ​បញ្ហា​សំខាន់​មួយទៀត ត្រូវ​បាន​ប្រតិបត្តិ​ករ​កីឡា​ដ៏​សកម្ម​រូប​នេះ​អះអាង​ថា ចលនា​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ស្វែងរក​សុខ​សន្តិភាព​របស់​ពិភពលោក ពីព្រោះ​អូ​ឡាំ​ពិ​ក​មាន​ទ្រឹស្តី​មួយ គឺ «​កីឡា​នាំ​មក​នូវ​សន្តិភាព​»​។ អ៊ីចឹង IOC គឺជា​ដៃគូ​របស់​អង្គការសហប្រជាជាតិ ក្នុង​ការ​គាំទ្រ​ចលនា​ស្វែងរក​សន្តិភាព​ពិភពលោក និង​ការ​ដោះស្រាយ​បញ្ហា​វិវាទ​ផ្សេង​ៗ​ទៀត ដោយ​ចំណុច​ទាំង​អស់នេះ គឺ​ប្រធាន​ថ្មី IOC ត្រូវ​ប្រកួតប្រជែង ហើយ​ដំណែង​ប្រធាន​ថ្មី​នេះ​ក៏​នឹង​ត្រូវ​លុប​បំបាត់​នូវ​ការ​រើសអើង ក្នុង​សង្គ្រាម​ជាដើម ជា​ពិសេស​គឺ​ប្រធាន​ថ្មី​នឹង​ត្រូវ​ទាញ​ប្រទេស​ធំ​ៗ​ឱ្យ​វិល​ត្រឡប់​មក​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឡើង​វិញ ជាក់ស្តែង​ដូច​ជា​ប្រទេស​រុ​ស្ស៊ី មក​ចូលរួម​ប្រកួត​ឱ្យ​បាន ដែល​គេ​ដាក់​សមីការ​ឱ្យ​ប្រធាន​អាណត្តិ​ថ្មី IOC​។ សមីការ​នេះ​ត្រូវ​បាន​គេ​ដាក់​ឱ្យ​បេក្ខជន​ឈរឈ្មោះ​អាណត្តិ​ថ្មី អាច​បញ្ចុះបញ្ចូល ឬ​រៀបចំ​យ៉ាងម៉េច​ឱ្យ​កីឡា​រុ​ស្ស៊ី ដែល​មាន​ភាព​ខ្លាំងក្លា​ខាង​កីឡា​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក រៀង​រាល់​៤​ឆ្នាំ​ម្តងនេះ​ជា​ផ្លូវការ​ឡើង​វិញ​។ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ហ្គេ​ម ២-៣ លើក​ចុង​ក្រោយ​នេះ ប្រទេស​រុ​ស្ស៊ី​មិន​បាន​ចូលរួម​ប្រកួត​ឡើយ ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​២០១៦ ឆ្នាំ​២០២០ និង​ឆ្នាំ​២០២៤ នៅ​ប្រទេស​បារាំង គឺ​រុ​ស្ស៊ី​មិន​បាន​ចូលរួម​ក្រោម​រូបភាព​ប្រទេស​នោះ​ទេ ដោយ​ចូលរួម​ប្រកួត​ក្នុង​នាម​ជា​អត្ត​ព​លិ​ក​ឯករាជ្យ​ប៉ុណ្ណោះ ដោយសារ​តែ​បញ្ហា​ដូ​ពីង និង​បញ្ហា​នយោបាយ​។ ដូច្នេះ​ប្រធាន​ថ្មី IOC សម្រាប់​ឆ្នាំ​២០២៥​តទៅ​ត្រូវ​មាន​អ​ម្រែ​ក​ច្រើន ក្នុង​ការ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ​។

ទោះ​យ៉ាងណា ឯកឧត្តម​អគ្គលេខាធិការ NOCC ពាន​ដក់​ក្តី​សង្ឃឹម​ខ្ពស់​ថា ចលនា​អូ​ឡាំ​ពិ​ក នៅ​តែ​ជា​ចលនា​មួយ​ស្អាតស្អំ ដែល​ប្រជាជាតិ​ទាំងអស់​នៅ​លើ​ពិភពលោក​ត្រូវការ និង​ចង់បាន​នូវ​សុខដុមរមនា​សម្រាប់​មនុស្សជាតិ​នៅ​លើ​សកលលោក​យើង​នេះ ពីព្រោះ​ចលនា​កីឡា​អូ​ឡាំ​ពិ​ក មិន​ត្រឹមតែ​ជា​ធ្វើ​ឡើង​សម្រាប់​តែ​សុខភាព​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ គឺជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​មាន​សុខដុមរមនា​សង្គម ការ​អភិវឌ្ឍ​សង្គម និង​ការ​រួមចំណែក​ជួយ​ដល់​សង្គម​ជាតិ​ជា​ច្រើន​ទៀត​។ ដូច្នេះ បេក្ខភាព​ប្រធាន​ថ្មី IOC ក្នុង​ចំណោម​៧​រូប​ខាងលើ​នេះ​នឹង​ដឹកនាំ​គ្រប់គ្រង​ចលនា​អូ​ឡាំ​ពិ​ក​ពិភពលោក ក្នុង​រយៈពេល​៨​ឆ្នាំទៅ​មុខ​ទៀត​។ ក្នុង​នាម គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ជំរុញ​ការ​អភិវឌ្ឍ​ចលនា​កីឡា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​នឹង​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រធាន​ថ្មី IOC ហើយ​កម្ពុជា​នឹង​អាច​មានដំណើរ​ទស្សនកិច្ច​មួយ​ជាមួយ​ប្រធាន​ថ្មី IOC ក្នុង​ឆ្នាំ​២០២៥​នេះ​ដែរ​៕

Previous articleអ្នកចាត់ការក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាអំពាវនាវដល់ប្រជាពលរដ្ឋ បរិច្ចាគឈាម នាថ្ងៃទី១៨ខែកុម្ភៈ ក្នុងព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌
Next articleMan Utd កំពុងចាប់អារម្មណ៍ខ្សែការពារសញ្ជាតិប្រេស៊ីលរបសក្លឹប Flamengo