សហព័ន្ធប្រដាល់គុនខ្មែរមានបុព្ធសិទ្ធិ-ស្វ័យភាពពេញលេញមិនអនុញ្ញាតឱ្យសហព័ន្ធគុនខ្មែរអន្តរជាតិមកជ្រៀតជ្រែកជាដាច់ខាត

ភ្នំពេញ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ខ្លួន​មាន​បុ​ព្ធ​សិទ្ធិ និង​ស្វ័យភាព​ពេញលេញ ក្នុង​ការ​ផ្សព្វផ្សាយ និង​រៀបចំ​រាល់​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​គ្រប់​ទម្រង់ ទាំង​ក្នុង និង​ក្រៅប្រទេស ដោយ​មិន​អនុញ្ញាត​ឱ្យ​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​មក​ជ្រៀតជ្រែក​ជា​ដាច់ខាត​។

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ដែល​មាន​ឯកឧត្តម ខូ​វ ឆាយ ជា​ប្រធាន​បាន​ប្រកាស​ថា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ជម្រាប​ជូន​សាធារណ​ជនជាតិ​-​អន្តរជាតិ​មេត្តា​ជ្រាប​ថា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ជា​សហព័ន្ធ​កីឡា​ជាតិ​ដែល​មាន​ប្រវត្តិ និង​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៨០ ហើយ​បាន​និង​កំពុង​ដំណើរការ​អនុវត្ត​ការងារ​សកម្មភាព ឈរ​លើ​បេសកកម្ម​របស់​ខ្លួន​អស់​រយៈពេល ៨​អាណត្តិ​មក​ហើយ​។ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​មាន​សមាគម​កីឡាប្រដាល់​គុន​ខ្មែរ​ក្រសួង រាជធានី​-​ខេត្ត​ជា សមាជិក​ចំណុះ​ចំនួន​២៣ និង​ក្លឹ​ប​ចំណុះ​ឱ្យ​សមាគម ចំនួន​១៤៤​ក្លឹ​ប​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ក្នុង​ខ្លឹមសារ​ទៀត​ថា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​មិន​ស្ថិត​នៅ​ក្រោម​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​ឡើយ ហើយ​សហព័ន្ធ​មិន​ដែល​បាន​ធ្វើ​លិខិត​ជា​លាយ​ល័​ក្ខ​អក្សរ​ស្នើ​សុំ​ចូល​ជា​សមាជិក​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​ម្តងណា​ឡើយ​។

យោង​ប្រការ​៦ ជំពូក​ទី​៣ នៃ​លក្ខន្តិកៈ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​បេសកកម្ម របស់​សហព័ន្ធ មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ «​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​នៅ ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​លើ​សកលលោក​» ដែល​ត្រូវ​បាន​អនុម័ត​ដោយ​អង្គ​មហាសន្និបាត កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៥ ដោយ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ នេះ​បាន​សបញ្ជាក់​ឱ្យ​ឃើញ​ថា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​មាន​បុព្វសិទ្ធិ និង​ស្វ័យភាព​ពេញលេញ ក្នុង​ការ​ផ្សព្វផ្សាយ និង​រៀបចំ​រាល់​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ គ្រប់​ទម្រង់ ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ដោយ​មិន​អនុញ្ញាត​ឱ្យ​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​មក​ជ្រៀតជ្រែក​ជា​ដាច់ខាត​។

ជា​ថ្មី​ម្តងទៀត សេចក្តី​ប្រកាស​ព័​ត៌​មា​នេះ បញ្ជាក់​ទៀត​ថា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ សូម​ជម្រាប​ជូន​សាធារណ​ជនជាតិ​-​អន្តរជាតិ​មេត្តា​ជ្រាប​ថា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ មិនមែន​ជា​សមាជិក​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​នោះ​ទេ​។ រាល់​សេចក្តីសម្រេច ឬ​ការ​ចាត់តាំង​ណាមួយ ដែល​ចេញ​ដោយ​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ គឺ​មិន​មាន​អនុភាព​អនុវត្ត​លើ​សមាគម និង​ក្លឹ​ប ដែល​ជា​សមាជិក​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​៕

Previous articleBarca លែងចកបាន Viktor Gyokeres ដោយប្តូរទៅចាប់អារម្មណ៍កីឡាករ ២រូបនេះវិញ
Next articleAC Milan នឹងពិចារណាក្នុងការលក់ខ្សែការពារ Theo Hernandez