ឯកឧត្តម ខូវ ឆាយ បង្ហាញគោលបំណងសំខាន់ៗក្នុងការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកថ្នាក់ជាតិ

កំពង់ឆ្នាំង៖ ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​បង្ហាញ​ពី​គោលបំណង​សំខាន់​ៗ៣​ចំណុច ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២៤ ដែល​លើក​មក​ធ្វើ​ពី​ថ្ងៃ​ទី​១៧-២០ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ភូមិ​អន្លង់​ត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។

គោលបំណង​សំខាន់​ៗ​ចំនួន​៣ ដែល​ឯកឧត្តម ខូ​វ ឆាយ បាន​លើក​ឡើង រួម​មាន​៖ ទី​១.​ផ្តល់​ឱកាស​ដល់​យុវជន សិស្សានុសិស្ស បាន​ចូលរួម​ប្រកួតប្រជែង ដើម្បី​ជ្រើសរើស​កីឡាករ កីឡាការិនី​គុន​ខ្មែរ​ថ្នាល​ដែល​មាន​ទេព​កោសល្យ ចូលរួម​ប្រកួត​តំណាង​ជាតិ ក៏​ដូច​ជា​បង្កើន​ចំនួន​កីឡាករ កីឡាការិនី​ឆ្នើម ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​។ ទី​២.​ផ្តល់​ឱកាស​ដល់​មន្ត្រី​បច្ចេកទេស​សហព័ន្ធ​កីឡា​ជាតិ បាន​អនុវត្ត​ការងារ​ជាក់ស្តែង ដើម្បី​ទទួល​បាន​ចំណេះដឹង និង​បទ​ពិសោធន៍​បច្ចេកទេស​ជំនាញ​កាន់តែ​ល្អ​ប្រសើរ​។ ទី​៣.​លើកកម្ពស់​គុណភាព​នៃ​ការ​រៀបចំ​ការ​ប្រកួត​ត្រៀមលក្ខណៈ​ឆ្ពោះទៅ​ការ​ប្រកួត​អន្តរជាតិ​នានា​។

បន្ថែម​ពីលើ​នេះ ប្រធាន​សហព័ន្ធ​រូប​នេះ​គូសបញ្ជាក់​ទៀត​ថា ការ​ប្រកួត​កីឡា​នេះ ឈរ​លើ​ស្មារតី​កីឡា និង​ការ​ទទួលខុសត្រូវ ការ​គោរព​វិន័យ គោរព​បទបញ្ជា​បច្ចេកទេស ចេះ​យោគយល់ អធ្យាស្រ័យ ផ្សារ​ភ្ជាប់​ភាព​ជិត​ស្និ​ទ​ស្នាល រឹតចំណង​មិត្តភាព សាមគ្គីភាព ដែល​ជា​គំរូ​មួយ​ដ៏​ល្អ​ប្រសើរ សម្រាប់​យុវជន​ជំនាន់​ក្រោយ និង​ជៀស​ផុត​ពី​អំពើ​អសកម្ម​ផ្សេង​ៗ នៅ​ក្នុង​សង្គម​។

ប្រធាន​សហព័ន្ធ​លើក​ឡើង​ថា ព្រឹត្តិការណ៍​ប្រកួត​កម្រិត​ខ្ពស់​បំផុត​របស់​ថ្នាក់​ជាតិ​មួយ​នេះ គឺ​យោង​តាម​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៤​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​បានការ​អនុញ្ញាត​ជា​គោលការណ៍​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​សហការ​ជាមួយ​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង និង​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុមហ៊ុន​វឌ្ឍនៈ ប្រ៊ូ​វើ​រី ឯ​.​ក បាន​រៀបចំ​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២៤ ពី​ថ្ងៃ​ទី​១៧-២០ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ខេត្តកំពង់ឆ្នាំង​។

ក្នុង​នាម​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ឯកឧត្តម ខូ​វ ឆាយ បង្ហាញ​នូវ​មនោសញ្ចេតនា​រីករាយ​ស្វាគមន៍ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​ដ៏​កក់ក្តៅ​របស់ ឯកឧត្តម ប៉ុន សុខ អគ្គនាយក​កីឡា តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន​វឌ្ឍនៈ ប្រ៊ូ​វើ​រី ឯ​.​ក ប្រតិភូ​តំណាង​សមាគម​ក្រសួង រាជធានី​-​ខេត្ត និង​កីឡាករ កីឡាការិនី​ទាំងអស់ ដែល​បាន​ឆ្លៀតឱកាស​ដ៏​មមាញឹក​អញ្ជើញ​ចូលរួម​អបអរសាទរ​ក្នុង​ពិធី «​បើក​» ការ​ប្រកួត​ដែល​ញុំ​ា​ង​ឱ្យ​ពិធី​នេះ ប្រព្រឹត្ត​ទៅ​ប្រកបដោយ​បរិយាកាស​រីករាយ និង​អធិកអធម​ក្រៃ​លែង​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡាប្រដាល់​ជើងឯក​ថ្នាក់​ជាតិ​នេះ មាន​សមាគម​កីឡាប្រដាល់​គុន​ខ្មែរ​ក្រសួង រាជធានី​-​ខេត្ត​ចូលរួម​សរុប​ចំនួន​១៥ ដោយ​មាន​កីឡាករ ១០៦​នាក់ និង​កីឡាការិនី ៣៣​នាក់ សរុប ១៣៩​នាក់ ប្រកួត​លើ ១៩​វិញ្ញាសា​ក្រោម​អាយុ​១៨​ឆ្នាំ ក្នុង​នោះ​មាន​ផ្នែក​នារី ៨​វិញ្ញាសា ដោយ​មាន​មេដាយ សរុប​ចំនួន ៧៦ គ្រឿង​៕

Previous articleក្លឹបយក្សចំនួន ៣នៅ Premier League ចាប់អារម្មណ៍ចង់បានកីឡាករ Gittens
Next articleអគ្គនាយកកីឡា៖ ជើងឯកថ្នាក់ជាតិប្រដាល់គុនខ្មែរ ជាបុព្វសិទ្ធិស្របច្បាប់ផ្តាច់មុខរបស់សហព័ន្ធប្រដាល់គុនខ្មែរ ក្នុងការរៀបចំរៀងរាល់ឆ្នាំ