កំពង់ឆ្នាំង៖ ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា ក្រសួងអប់រំ យុវជន និងកីឡាថ្លែងថា ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលបើកជាផ្លូវការ កាលពីយប់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញឱ្យឃើញពីសន្ទុះចូលរួមយ៉ាងផុសផុលពីគ្រប់មជ្ឈដ្ឋាន គាំទ្រកីឡាអត្តសញ្ញាណជាតិរបស់យើង ដែលកំពុងមានប្រជាប្រិយភាព និងរីកចម្រើនគួរជាទីមោទននាពេលបច្ចុប្បន្ន និងជាបុព្វសិទ្ធស្របច្បាប់ផ្តាច់មុខរបស់សហព័ន្ធ ក្នុងការរៀបចំព្រឹត្តការណ៍ប្រកួតបែបនេះរៀងរាល់ឆ្នាំ។
ថ្លែងក្នុងពិធីបើកជាផ្លូវការ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឯកឧកអគ្គនាយកកីឡាគូសបញ្ជាក់ថា តាមរយៈកិច្ចគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមការជួយឧបត្ថម្ភពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ឯ.ក បានរៀបចំឱ្យមាន ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ គឺជាការបោះជំហានថ្មីមួយទៀត ផ្តល់ឱកាសឱ្យគ្រប់សមាគម ក្លឹបទូទាំងប្រទេស អាចបញ្ជូនយុវកីឡាថ្នាល ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ធំៗ ដែលនេះគឺជាយុទ្ធនាការកសាងធនធានមនុស្សនៅកម្រិតមូលដ្ឋាន ដើម្បីបន្តនិរន្តរភាព និងរក្សាបានគុណផលកីឡា ធ្វើឱ្យប្រដាល់គុនខ្មែរ នៅតែជាកីឡាសក្តានុពល និងឈានមុខនៅកម្ពុជា ក្នុងការប្រកួតកម្រិតអន្តរជាតិ។
ឯកឧត្តម ប៉ុន សុខ បានលើកឡើងទៀតថា ជាការពិត ការប្រកួតនេះ ផ្អែកតាមបេសកកម្ម និងផែនការសកម្មភាពរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីបំផុសគំនិតយុវជន មហាជន សិស្សានុសិស្សឱ្យស្រឡាញ់ ចូលចិត្ត និងលេងកីឡាប្រដាល់ ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ស្របតាមយុទ្ធនាការអប់រំ “ប្រជាជនម្នាក់ លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត” និងបានផ្តល់លទ្ធភាពឱ្យអត្តពលិកប្រដាល់គុនខ្មែរវ័យក្មេង បានបញ្ចេញទេពកោសល្យ ពង្រឹងបច្ចេកទេសដែលបានហ្វឹកហាត់កន្លងមក ធ្វើយ៉ាងណាសំដៅឱ្យការប្រកួតប្រជែងឈរលើស្មារតីកីឡា គោរពវិន័យ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ល្អ ដោយយើងចាប់ផ្តើមពីកម្រិតថ្នាល់នេះផ្ទាល់តែម្តង។ ជាងនេះទៀត ការរៀបចំព្រឹត្តិការណ៍ប្រកួតនាពេលនេះ គឺជាការអនុវត្តផែនការសកម្មភាព នៃផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ក្នុងការត្រៀមខ្លួនចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិនានា ទាំងក្នុងប្រទេស និងជុំវិញពិភពលោក។
ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកកីឡាក៏បានផ្តាំផ្ញើដល់គណៈកម្មការរៀបចំការប្រកួត ដែលមានមន្ត្រីបច្ចេកទេស ចៅក្រម អាជ្ញាកណ្តាលរបស់សហព័ន្ធ យកចិត្តទុកដាក់ធ្វើយ៉ាងណា ឱ្យដំណើរការប្រកួតប្រព្រឹត្តទៅដោយរលូន មានតម្លាភាព យុត្តិធម៌ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ដោយឡែក តំណាងប្រតិភូសមាគម គ្រូបង្វឹក ត្រូវអនុវត្តបទបញ្ជាការប្រកួត ជៀសវាងនូវបាតុភាពអសកម្មនិងបង្កើតទម្លាប់មិនល្អ ដែលជាគម្រូអាក្រក់ដល់យុវកីឡាករយើង។ បន្ថែមពីលើនេះ ឯកឧត្តម ប៉ុន សុខ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលតែងគាំទ្ររាល់គ្រប់សកម្មភាព ក្នុងការដឹកនាំ អភិរក្ស និងអភិវឌ្ឍន៍កីឡាប្រដាល់គុនខ្មែររហូតមក៕