កំពង់ឆ្នាំង៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបង្ហាញពីគោលបំណងសំខាន់ៗ៣ចំណុច ក្នុងការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ដែលលើកមកធ្វើពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
គោលបំណងសំខាន់ៗចំនួន៣ ដែលឯកឧត្តម ខូវ ឆាយ បានលើកឡើង រួមមាន៖ ទី១.ផ្តល់ឱកាសដល់យុវជន សិស្សានុសិស្ស បានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីគុនខ្មែរថ្នាលដែលមានទេពកោសល្យ ចូលរួមប្រកួតតំណាងជាតិ ក៏ដូចជាបង្កើនចំនួនកីឡាករ កីឡាការិនីឆ្នើម ឱ្យកាន់តែច្រើនបន្ថែមទៀត។ ទី២.ផ្តល់ឱកាសដល់មន្ត្រីបច្ចេកទេសសហព័ន្ធកីឡាជាតិ បានអនុវត្តការងារជាក់ស្តែង ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍បច្ចេកទេសជំនាញកាន់តែល្អប្រសើរ។ ទី៣.លើកកម្ពស់គុណភាពនៃការរៀបចំការប្រកួតត្រៀមលក្ខណៈឆ្ពោះទៅការប្រកួតអន្តរជាតិនានា។
បន្ថែមពីលើនេះ ប្រធានសហព័ន្ធរូបនេះគូសបញ្ជាក់ទៀតថា ការប្រកួតកីឡានេះ ឈរលើស្មារតីកីឡា និងការទទួលខុសត្រូវ ការគោរពវិន័យ គោរពបទបញ្ជាបច្ចេកទេស ចេះយោគយល់ អធ្យាស្រ័យ ផ្សារភ្ជាប់ភាពជិតស្និទស្នាល រឹតចំណងមិត្តភាព សាមគ្គីភាព ដែលជាគំរូមួយដ៏ល្អប្រសើរ សម្រាប់យុវជនជំនាន់ក្រោយ និងជៀសផុតពីអំពើអសកម្មផ្សេងៗ នៅក្នុងសង្គម។
ប្រធានសហព័ន្ធលើកឡើងថា ព្រឹត្តិការណ៍ប្រកួតកម្រិតខ្ពស់បំផុតរបស់ថ្នាក់ជាតិមួយនេះ គឺយោងតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៤របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ហើយសហព័ន្ធកីឡាប្រដាល់គុនខ្មែរសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង និងឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ឯ.ក បានរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង។
ក្នុងនាមគណៈកម្មការរៀបចំការប្រកួត ឯកឧត្តម ខូវ ឆាយ បង្ហាញនូវមនោសញ្ចេតនារីករាយស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏កក់ក្តៅរបស់ ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា តំណាងក្រសួងអប់រំ យុវជន និងកីឡា និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ឯ.ក ប្រតិភូតំណាងសមាគមក្រសួង រាជធានី-ខេត្ត និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញចូលរួមអបអរសាទរក្នុងពិធី «បើក» ការប្រកួតដែលញុំាងឱ្យពិធីនេះ ប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ និងអធិកអធមក្រៃលែង។
គួរបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់ជើងឯកថ្នាក់ជាតិនេះ មានសមាគមកីឡាប្រដាល់គុនខ្មែរក្រសួង រាជធានី-ខេត្តចូលរួមសរុបចំនួន១៥ ដោយមានកីឡាករ ១០៦នាក់ និងកីឡាការិនី ៣៣នាក់ សរុប ១៣៩នាក់ ប្រកួតលើ ១៩វិញ្ញាសាក្រោមអាយុ១៨ឆ្នាំ ក្នុងនោះមានផ្នែកនារី ៨វិញ្ញាសា ដោយមានមេដាយ សរុបចំនួន ៧៦ គ្រឿង៕