អគ្គនាយកកីឡា៖ ជើងឯកថ្នាក់ជាតិប្រដាល់គុនខ្មែរ ជាបុព្វសិទ្ធិស្របច្បាប់ផ្តាច់មុខរបស់សហព័ន្ធប្រដាល់គុនខ្មែរ ក្នុងការរៀបចំរៀងរាល់ឆ្នាំ

កំពង់ឆ្នាំង៖ ឯកឧត្តម ប៉ុន សុខ អគ្គនាយក​កីឡា ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែង​ថា ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ដែល​បើក​ជា​ផ្លូវការ កាលពី​យប់​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សន្ទុះ​ចូលរួម​យ៉ាង​ផុសផុល​ពី​គ្រប់​មជ្ឈដ្ឋាន គាំទ្រ​កីឡា​អត្តសញ្ញាណ​ជាតិ​របស់​យើង ដែល​កំពុង​មាន​ប្រជាប្រិយភាព និង​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​ន​នា​ពេល​បច្ចុប្បន្ន និង​ជា​បុព្វ​សិទ្ធ​ស្របច្បាប់​ផ្តាច់មុខ​របស់​សហព័ន្ធ ក្នុង​ការ​រៀបចំ​ព្រឹ​ត្ត​ការណ៍​ប្រកួត​បែប​នេះ​រៀង​រាល់​ឆ្នាំ​។

ថ្លែង​ក្នុង​ពិធី​បើក​ជា​ផ្លូវការ ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២៤ ពី​ថ្ងៃ​ទី​១៧-២០ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ភូមិ​អន្លង់​ត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឯកឧក​អគ្គនាយក​កីឡា​គូសបញ្ជាក់​ថា តាម​រយៈ​កិច្ច​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន​វឌ្ឍនៈ ប្រ៊ូ​វើ​រី ឯ​.​ក បាន​រៀបចំ​ឱ្យ​មាន ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២៤ គឺជា​ការ​បោះ​ជំហាន​ថ្មី​មួយទៀត ផ្តល់​ឱកាស​ឱ្យ​គ្រប់​សមាគម ក្លឹ​ប​ទូ​ទាំង​ប្រទេស អាច​បញ្ជូន​យុវ​កីឡា​ថ្នាល ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ ដែល​នេះ​គឺជា​យុទ្ធនាការ​កសាង​ធនធានមនុស្ស​នៅ​កម្រិត​មូលដ្ឋាន ដើម្បី​បន្ត​និរន្តរភាព និង​រក្សា​បាន​គុណ​ផល​កីឡា ធ្វើ​ឱ្យ​ប្រដាល់​គុន​ខ្មែរ នៅ​តែ​ជា​កីឡា​សក្តានុពល និង​ឈានមុខ​នៅ​កម្ពុជា ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​។

ឯកឧត្តម ប៉ុន សុខ បាន​លើក​ឡើង​ទៀត​ថា ជា​ការ​ពិត ការ​ប្រកួត​នេះ ផ្អែក​តាម​បេសកកម្ម និង​ផែនការ​សកម្មភាព​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដើម្បី​បំផុសគំនិត​យុវជន មហាជន សិស្សានុសិស្ស​ឱ្យ​ស្រឡាញ់ ចូល​ចិត្ត និង​លេង​កីឡាប្រដាល់ ជៀស​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ផ្សេង​ៗ​នៅ​ក្នុង​សង្គម ស្រប​តាម​យុទ្ធនាការ​អប់រំ “​ប្រជាជន​ម្នាក់ លេង​កីឡា​មួយ​មុខ​យ៉ាងតិច​ប្រចាំជីវិត​” និង​បាន​ផ្តល់​លទ្ធភាព​ឱ្យ​អត្ត​ព​លិ​ក​ប្រដាល់​គុន​ខ្មែរ​វ័យក្មេង បាន​បញ្ចេញ​ទេព​កោសល្យ ពង្រឹង​បច្ចេកទេស​ដែល​បាន​ហ្វឹកហាត់​កន្លង​មក ធ្វើ​យ៉ាងណា​សំដៅ​ឱ្យ​ការ​ប្រកួតប្រជែង​ឈរ​លើ​ស្មារតី​កីឡា គោរព​វិន័យ និង​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ប្រកបដោយ​ក្រមសីលធម៌​ល្អ ដោយ​យើង​ចាប់ផ្តើម​ពី​កម្រិត​ថ្នាល់​នេះ​ផ្ទាល់​តែ​ម្តង​។ ជាង​នេះ​ទៀត ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​នា​ពេល​នេះ គឺជា​ការ​អនុវត្ត​ផែនការ​សកម្មភាព នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ ក្នុង​ការ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​នានា ទាំង​ក្នុង​ប្រទេស និង​ជុំវិញ​ពិភពលោក​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​អគ្គនាយក​កីឡា​ក៏​បាន​ផ្តាំផ្ញើ​ដល់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ដែល​មាន​មន្ត្រី​បច្ចេកទេស ចៅក្រម អាជ្ញាកណ្តាល​របស់​សហព័ន្ធ យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា ឱ្យ​ដំណើរការ​ប្រកួត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មាន​តម្លាភាព យុត្តិធម៌ ប្រកបដោយ​វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​។ ដោយឡែក តំណាង​ប្រតិភូ​សមាគម គ្រូបង្វឹក ត្រូវ​អនុវត្ត​បទបញ្ជា​ការ​ប្រកួត ជៀសវាង​នូវ​បាតុភាព​អសកម្ម​និង​បង្កើត​ទម្លាប់​មិនល្អ ដែល​ជា​គម្រូ​អាក្រក់​ដល់​យុវ​កីឡាករ​យើង​។ បន្ថែម​ពីលើ​នេះ ឯកឧត្តម ប៉ុន សុខ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​តែង​គាំទ្រ​រាល់​គ្រប់​សកម្មភាព ក្នុង​ការ​ដឹកនាំ អភិរក្ស និង​អភិវឌ្ឍន៍​កីឡាប្រដាល់​គុន​ខ្មែរ​រហូត​មក​៕

Previous articleឯកឧត្តម ខូវ ឆាយ បង្ហាញគោលបំណងសំខាន់ៗក្នុងការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកថ្នាក់ជាតិ
Next articlePep Guardiola សម្លឹងឃើញជម្រើសដែលស័ក្តិសមនឹងមកជំនួសកន្លែង De Bruyne