ឯកឧត្តម ហ៊ុន ម៉ានី ៖ ការបរិច្ចាគឈាមស្ម័គ្រចិត្តទទួលបាន ១២៥៧សាក់ក្នុងបាល់ទាត់សប្បុរសធម៌ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត»

ភ្នំពេញ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ប្រធានកិត្តិយស​ក្រុមបាល់ទាត់​ពិធីករ​កីឡា​កម្ពុជា​បាន​បង្ហាញ​ក្តី​រីករាយ ដែល​ឯកឧត្តម​បាន​ចូលរួម​បរិច្ចាគ​ឈាម​ជាមួយ​មហាជន ក្នុង​កម្មវិធី​បាល់ទាត់​សប្បុរសធម៌ ក្រោម​ប្រធានបទ «​យើង​រួម​គ្នា​បរិច្ចាគ​ឈាម ១០០០​សាក់ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​» បាន​លើក​ឡើង​ថា ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​របស់​បងប្អូន គឺ​ទទួល​បាន ១២៥៧​សាក់ ខណៈ​គោលដៅ​គឺ​យើង​ចង់បាន ១០០០​សាក់ ក្នុង​ជំហាន​ដំបូង​នេះ​។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ថ្លែងប្រាប់​អ្នក​សារព័ត៌មាន ក្នុង​ឱកាស​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​សប្បុរសធម៌ ក្រោម​ប្រធានបទ «​យើង​រួម​គ្នា​បរិច្ចាគ​ឈាម ១០០០​សាក់ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​» ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​កីឡា​កង​យោធពលខេមរភូមិន្ទ (​ស្តា​ត​ចាស់​)​។

ឯកឧត្តម ហ៊ុន ម៉ា​នី បាន​គូសបញ្ជាក់​ថា ការ​ប្រកួត​បាល់ទាត់​សប្បុរសធម៌ ដែល​ផ្តោត​សំខាន់​លើ​ការ​អំពាវនាវ​ដល់​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នេះ ពិតជា​មាន​សារៈសំខាន់ ដែល​យើង​បាន​ដាក់​គោលដៅ​ឱ្យ​បាន ១០០០​សាក់ ប៉ុន្តែ​ការ​បរិច្ចាគ​នេះ​បាន​កើនឡើង​ច្រើន ចំនួន ១២៥៧​សាក់ (​ទូរលេខ​បណ្តោះអាសន្ន​)​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ចាត់​ទុក​ថា ការ​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​របស់​បងប្អូន​មហាជន​ទាំងអស់ បូក​រួម​ក្រុម​គ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ពិតជា​មាន​តម្លៃ​ធំធេង​ណាស់ ក្នុង​ការ​ចូលរួម​ជួយ​សង្គ្រោះ​អាយុជីវិត ដែល​ត្រូវការ​ឈាម​។ ឯកឧត្តម ហ៊ុន ម៉ា​នី បន្ថែម​ថា ឆ្លងកាត់​តាម​ការ​ពិភាក្សា​របស់​ក្រុមបាល់ទាត់​ពិធីករ​កីឡា​កម្ពុជា​នឹង​រៀបចំ​ជា​ប្រចាំ ដោយ​ផ្តោតអារម្មណ៍​លើ​ការងារ​សប្បុរសធម៌​ក្នុង​ការ​ផ្តល់​ឈាម​ដែល​ជា​ការ​ចូលរួម​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​រាជរដ្ឋាភិបាល​កម្ពុជា​។

ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុមបាល់ទាត់​ពិធីករ​កីឡា​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម បាន​គូសបញ្ជាក់​ថា កម្មវិធី​បរិច្ចាគ​ឈាម​នេះ គឺជា​ការ​រៀបចំ​ឡើង​ដោយ​ក្រុមបាល់ទាត់​ពិធីករ​កីឡា​កម្ពុជា សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ក្នុង​គោលបំណង​បង្កើត​ទម្លាប់​នៃ​វប្បធម៌​នៃ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត និង​ជំរុញ​ការ​លើកកម្ពស់​ប្រជាជន​ទូទៅ​ចូលរួម​ធ្វើ​សកម្មភាព ជាមួយនឹង​សេវាកម្ម​ជាតិ​ផ្តល់​ឈាម​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ផ្តល់​ជូន​ឈាម​គ្រប់គ្រាន់​សម្រាប់​អ្នកជំងឺ​ដែល​កំពុង​ត្រូវការ​ឈាម និង​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​ដោយ​មិន​មានការ​រើសអើង​ជាតិ​សាសន៍ សាសនា ឬ​និន្នាការ​នយោបាយ ជា​ពិសេស​ផ្សារ​ភ្ជាប់​សកម្មភាព​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​។

លោក ស៊ី​ថូ ណា​ថា​ន់ ប្រធាន​ក្រុមបាល់ទាត់​ពិធីករ​កីឡា​កម្ពុជា បាន​រំលិច​ថា ការ​ចូលរួម​ប​ច្ចាគ​ឈាម​ពី​សប្បរ​សជន​ពិត​ណាស់ គឺ​បាន​រួមចំណែក​ជួយ​ទៅ​ក្នុង​សង្គម ព្រោះ​ឈាម​ដែល​យើង​ទាំងអស់​គ្នា​បរិច្ចាគ​នេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​យក​ទៅ​ជួយ​សង្គ្រោះ​អាយុជីវិត​ដល់​អ្នក​ដែល​ត្រូវការ​ឈាម​។

ដោយឡែក លោក វេជ្ជបណ្ឌិត សុខ​ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ពន្យល់​អំពី​សារសំខាន់​នៃ​ការ​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នេះ គឺ​បាន​ចូលរួម​សកម្មភាព​សប្បុរសធម៌​ជួយ​ដល់​សង្គម និង​ជួយ​ឱ្យ​យើង​បាន​ផ្លាស​ប្តូរ​ឈាម​កោសិកា​ថ្មី ជួយ​បង្កា​ជំងឺ​ជា​ច្រើន ជា​ពិសេស គឺ​ហ​និ​ភ័យ​ពី​ជំងឺមហារីក​ផង​ដែរ​។

យោ​យ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក​វេជ្ជបណ្ឌិត សុខ​ប៉ូ បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​ឈាម ចាប់ពី​៧​ព្រឹក​ដល់​ម៉ោង​៧:៣០​នាទី​ល្ងាច ហើយ​ទទួល​បាន ១២៥៧​សាក់ ក្នុង​នោះ​ទទួល​បាន​ឈាម O ចំនួន ៥៦០​សាក់ ក្រុម​ឈាម A ចំនួន ៣៣៤​សាក់ ក្រុម​ឈាម B ចំនួន​២៤០​សាក់ និង​ឈាម​AB ចំនួន​១២៣​សាក់​។ លោក​វេជ្ជបណ្ឌិត​បាន​អះអាង​ថា ការ​បរិច្ចាគ​ឈាម​របស់​បុរស និង​នារី​មិន​មាន​ផល​ប៉ះពាល់​សុខភាព​នោះ​ទេ ពោល​បើ​យើង​មិន​បរិច្ចាគ ក៏​កោសិកា​ឈាមក្រហមរ​ស់បាន​តែ ១២០​ថ្ងៃ​ប៉ុណ្ណោះ​។ គួរ​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​បាល់ទាត់ រវាង​ក្រុម​ពិធីករ​កីឡា​កម្ពុជា ជាមួយ ក្រុមបាល់ទាត់​គុន​ខ្មែរ​បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ៤​ទល់​៤៕

Previous articleកីឡាករវ័យក្មេងរបស់ Brighton ទៅចូលរួមជាមួយក្លឹប Al Jazira នៅ UAE Pro League
Next articleក្រុមសាលារៀនបញ្ញវន្តខ្មែរឈ្នះជើងឯកបាល់ទាត់នារីខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥