ព្រះខ័នរាជស្វាយរៀង បឹងកេត ឈ្នះគូប្រជែង ២-០ ដូចគ្នា ខណៈទ័ព និងវិសាខាស្មើគ្នា ជើងទី១ ពានសម្តេចតេជោ ហ៊ុន សែន វគ្គ១/៤ផ្តាច់ព្រ័ត្រ

ភ្នំពេញ៖ ការ​ប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៨ រដូវ​កាល ២០២៤-២០២៥ បាន​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ ឬ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ថ្នាក់​ជាតិ ដោយ​ក្នុង​ការ​ប្រកួត​ជើង​ទី​១ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៥ គឺ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង និង​ក្រុម​បឹង​កេ​ត បាន​យកឈ្នះ​គូប្រជែង​រៀង​ៗ​ខ្លួន ដោយ​លទ្ធផល ២-០ ដូច​ៗ​គ្នា ខណៈ​ទ័ព និង​វិសាខា រក្សា​លទ្ធផល​ស្មើគ្នា ២-២​។

នៅ​ក្នុង​ការ​ប្រកួត​ដ៏​ស្វិតស្វាញ នៅ​ជើង​ទី​១​នេះ ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង ដែល​ជា​ក្រុម​ការពារ​ដំណែង​ជើងឯក​ឆ្នាំ​ចាស់ បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ គិរីវង់​សុខ​សែន​ជ័យ ២-០ ខណៈ​ក្រុម​ភ្ញៀវ​បឹង​កេ​ត ក៏​បាន​យកឈ្នះ​ក្រុម​អាយ​អេស​អាយ​ដង្កោ​សែន​ជ័យ ដោយ​លទ្ធផល ២-០ ដែរ​។ ចំពោះ​ក្រុម​ម្ចាស់ផ្ទះ កង​យោធពលខេមរភូមិន្ទ (​ទ័ព​) បាន​ប្រឹង​បំបែក​សំណាញ់​ទី​របស់​ក្រុម​ភ្ញៀវ វិសាខា ឱ្យ​ស្មើ​វិញ ២​ទល់​២ ក្រោយ​ពី​វិសាខា បាន​បើក​ការ​នាំមុខ ២-០ មុន នៅ​វគ្គ​ទី​១​។ ៣​ប្រកួត​នេះ​នឹង​ត្រូវ​កាត់សេចក្តី​នៅ​ជើង​ទី​២ នា​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៥​។ ដោយឡែក​ចំពោះ​១​ប្រកួត​ទៀត គឺ​ណា​ហ្គា​វើ​ល​ដ៍ ត្រូវ​ជួប​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​វេលា​ម៉ោង ១៨:០០ ថ្ងៃ​ទី​២៧ ខែកុម្ភៈ​នេះ សម្រាប់​ជំនួប​ជើង​ទី​១ ខណៈ​ជើង​ទី​២ ១​ប្រកួត​នេះ​នឹង​ផ្លាស់​ប្តូរ​ទឹកដី​គ្នា​វិញ នា​ថ្ងៃ​ទី​១៤ ខែមីនា​ខាង​មុខ​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ទាំង​ពីរ​ជើង នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ថ្នាក់​ជាតិ​នេះ គឺ​៤​ក្រុម​ជ័យ​លា​ភី​នឹង​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​គ្រោង​នឹង​ប្រកួត​ក្នុង​ថ្ងៃ​តែ​មួយ នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥ ហើយ​២​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​នឹង​ត្រូវ​ប្រកួត​ផ្លាស់​ប្តូរ​ទឹកដី​គ្នា​ម្តងទៀត នៅ​ជើង​ទី​២ នា​ថ្ងៃ​ទី​០៧-០៨ ខែឧសភា ឆ្នាំ​២០២៥​។ ក្រុម​ឈ្នះ​ៗ​ទាំង​ពីរ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ ដណ្តើម​ម្ចាស់​ជើងឯក ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៨ រដូវ​កាល ២០២៤-២០២៥​នេះ នា​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥​។

បើ​តាម​កំណត់​បង្ហាញ​ប្រវត្តិ​សំខាន់​ៗ​របស់​ក្រុម​ទាំង​៨​នៃ​គណៈកម្មការ​រៀបចំ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន បានឱ្យ​ដឹង​ថា ក្លឹ​ប​បាល់ទាត់​ទាំង​៨ ក្នុង​ការ​ប្រកួត​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៨ រដូវ​កាល ២០២៤/២៥ (​ថ្នាក់​ជាតិ​) មាន​ដូច​ជា ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​, ភ្នំពេញ​ក្រោ​ន​, វិសាខា​, បឹង​កេ​ត​, ណា​ហ្គា​វើ​ល​ដ៍​, កង​យោធពលខេមរភូមិន្ទ​, អាយ អេស អាយ ដង្កោ​សែន​ជ័យ និង​គិរីវង់​សុខ​សែន​ជ័យ​។ អង្គ​រថា​យ​ហ្គឺ​រ​ជា​ក្រុម​កំពូល​តារាង​លី​គ​កំពូល​ទាំង​៦ (Top 6) តែ​មួយ​គត់​មិន​បាន​ឡើង​មក​កាន់​វគ្គ ៨​ក្រុម​ចុង​ក្រោយ​។

១. ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ជា​ក្រុម​ការពារ​តំណែង​ជើងឯក និង​ជា​ក្រុម​ជើងឯក​ពាន សម្ដេច​តេ​ជោ ច្រើន​ជាងគេ​រហូត​ដល់ ៥​សម័យកាល​។ ឆ្នាំ​នេះ​ជា​បេសកកម្ម​របស់​ពួក​គេ ដើម្បី​ការពារ​តំណែង​ជើងឯក និង​ចង់​ក្ដោប​ពាន​ក្នុងឆ្នាំនេះ​បន្ត​ទៀត​។

២. វិសាខា ជា​ក្រុម​ជើងឯក ៣​សម័យ​ជាប់​គ្នា​ពោល​គឺ​ឆ្នាំ​២០២០, ២០២១ និង​២០២២​។ រដូវ​កាល​មុន វិសាខា ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់​ពី​ឈ្នះ​បឹង​កេ​ត​ដោយ​ទាត់​បាល់ ១១​ម៉ែត្រ កាត់សេចក្ដី ៤-៣​។

៣. កង​យោធពលខេមរភូមិន្ទ ជា​ក្រុម​ជើងឯក ៣​សម័យ ឆ្នាំ​២០១០ ២០១៦ និង​២០១៨​។ ការ​ឈ្នះ​ជើងឯក​ឆ្នាំ​ចុង​ក្រោយ គឺ​ក្រោម​ការ​ដឹកនាំ​របស់​លោក ភា សុភ​ក្ត្រា នេះ​តែ​ម្តង​។

៤. ភ្នំពេញ​ក្រោ​ន ជា​ក្រុម​ជើងឯក ២​សម័យ ឆ្នាំ​២០០៨ និង ២០០៩​។ ក្រុម​ជួរ​មុខ​នៅ​កម្ពុ​ជាមួយ​នេះ​ខកខាន​ឈ្នះ​ជើងឯក រយៈពេល ១៦​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ចាញ់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​រដូវ​កាល​មុន​។

៥. បឹង​កេ​ត ជា​ក្រុម​ជើងឯក​ឆ្នាំ​២០១៩ ពេល​ផ្ដួល​ក្រុម​ស្វាយ​រៀង​ដោយ​បាល់ ១១​ម៉ែត្រ កាត់សេចក្ដី​។

៦. ណា​ហ្គា​វើ​ល​ដ៍ ជា​ក្រុម​ជូរ​ចត់​មួយ​នៅ​ពាន​សម្ដេច​នេះ ដោយសារ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដល់​៧​ដង ទើប​ឈ្នះ​ជើងឯក​ម្ដង​នៅ​ឆ្នាំ​២០១៣​។ ជាមួយ​គ្នា​នោះ តាំងពី​ឆ្នាំ ២០២០ មក​ណា​ហ្គា​វើ​ល​ដ៍ មិន​ទាន់​ដែល​ឡើង​វគ្គ ៤ ក្រុម (Semi Final) ម្ដងណា​ទេ​។

៧. គិរីវង់​សុខ​សែន​ជ័យ រដូវ​កាល​មុន​គួរ​កត់សម្គាល់ ដោយ​យកឈ្នះ កង​យោធពលខេមរភូមិន្ទ​នៅ​វគ្គ ១/៨ ផ្តាច់ព្រ័ត្រ ក្នុង​គ្រាប់​បាល់ ១១​ម៉ែត្រ កាត់សេចក្ដី បន្ទាប់​ពី​ស្មើ​ទាំង​ពីរ​ជើង ៤-៤​។ ៨. អាយ អេស អាយ ដង្កោ​សែន​ជ័យ ជា​ក្រុម​ទើប​ឡើង​មក​ថ្មី ២​រដូវ​កាល​នេះ​។

រដូវ​កាល​មុន ឡើង​ដល់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ បន្ទាប់​ពី​ចាញ់ បឹង​កេ​ត ៨-២ ក្នុង​គ្រាប់​បាល់​សរុប​ទាំង​ពីរ​ជើង​៕

Previous articleការសម្តែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលិញ នៅចិនពិតជាផ្តល់នូវគុណតម្លៃធំធេងទាក់ទងនឹងសិល្បៈក្បាច់គុននៃវប្បធម៌
Next articleArne Slot សម្លឹងឃើញកីឡាកររបស់ Brighton ជាជម្រើសមកជំនួស Darwin Núñez