ការសម្តែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលិញ នៅចិនពិតជាផ្តល់នូវគុណតម្លៃធំធេងទាក់ទងនឹងសិល្បៈក្បាច់គុននៃវប្បធម៌

ចិន៖ ការ​សម្ដែង​ក្បាច់គុន​ល្បុក្កតោ និង​ក្បាច់គុន​សៅ​លិញ ក្នុង​ព្រឹត្តិការណ៍​ពិធី​បិទ «​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្ដូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា​-​ចិន ២០២៤» និង​ពិធី​បើកផ្លូវ​ការ «​ឆ្នាំ​ទេសចរណ៍ កម្ពុជា​-​ចិន ២០២៥» នៅ​ទីក្រុង​ចឹ​ង​ចូ​វ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ត្រូវ​បាន​អ្នកជំនាញ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ចាត់​ទុក​ថា​ជា​ការ​ផ្តល់​នូវ​គុណ​តម្លៃ​ដ៏​ធំធេង​សម្រាប់​កម្ពុជា​ទាក់ទង​នឹង​សិល្បៈ​ក្បាច់គុន ដែល​ជា​វប្បធម៌​កម្ពុជា​។

លោក អ៊ួ តារា អគ្គលេខាធិការ​រង សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់ ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​នេះ​ថា បេសកកម្ម​របស់​គ្រូបង្វឹក កីឡាករ កីឡាការិនី​គុន​ល្បុក្កតោ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​ពិធី​បិទ «​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្ដូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា​-​ចិន ២០២៤» និង​ពិធី​បើកផ្លូវ​ការ «​ឆ្នាំ​ទេសចរណ៍ កម្ពុជា​-​ចិន ២០២៥» នៅ​ឯ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ពេល​ថ្មី​ៗ​នេះ គឺ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ក្រសួងទេសចរណ៍ ហើយ​សហព័ន្ធ​ជា​អ្នក​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​ចំណែក​ក្នុង​ព្រឹត្តិការណ៍​នេះ​។

លោក អ៊ួ តារា បាន​សង្កត់ធ្ងន់​ថា ៖«​ដោយឡែក​នៅ​ក្នុង​ក្រប​ខណ្ឌ​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​វិញ គឺ​តាម​រយៈ​ការ​ព្រឹត្តិការណ៍​សម្តែង​ក្បាច់គុន​នេះ ពិត​ផ្តល់​នូវ​គុណ​តម្លៃ​សម្រាប់​កម្ពុជា ទាក់ទង​នឹង​សិល្បៈ​ក្បាច់គុន​។ កន្លង​មក អន្តរជាតិ​បាន​ស្គាល់​កម្ពុជា តាម​រយៈ​ប្រាសាទអង្គរវត្ត របាំ​អប្សរា និង​របាំ​ប្រពៃណី​ផ្សេង​ៗ​ទៀត​។ ចំណែកឯ​ក្បាច់គុន​ក៏​ជា​ចំណែក​មួយ​ដ៏​ធំ​នៃ​វប្បធម៌​របស់​កម្ពុជា​យើង​ដែរ ដែល​មាន​អំណះអំណាង​នៅ​តាម​ជញ្ជាំង​ប្រាសាទបុរាណ ហើយ​គុន​ល្បុក្កតោ​របស់​កម្ពុជា​ត្រូវ​បាន​ចុះបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​។ តាម​រយៈ​ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញ​ពី​ភាព​សម្បូរ​បែប​នៃ​វប្បធម៌​កម្ពុជា និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​ជ្រួតជ្រាប​បន្ថែម​អំពី​សិល្បៈ​ក្បាច់គុន​បុរាណ​ខ្មែរ ដែល​មាន​វ័យ​ចំណាស់ ដូច​ជា​ក្បាច់គុន កុង​ហ្វូ របស់​ជនជាតិ​ចិន​ដែរ​»​។

បន្ថែម​ពីលើ​នេះ លោក អ៊ួ តារា លើក​ឡើង​ទៀត​ថា តាម​រយៈ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ហើយ​ក្រៅពី​ទំនាក់ទំនង​ការទូត ក៏​មាន​ទំនាក់ទំនង​ផ្នែក​យោធា​ផង​ដែរ តាំងពី​បុរាណ​មក ដែល​គេ​បានឃើញ​មាន​សិលា​ចារិក​លើ​ជញ្ជាំង​ប្រាសាទ បាយ័ន​។ ក្រៅពី​ទំនង​ទំនង​យោធា​នេះ ក៏​គេ​ឃើញ​អ្នក​គុន​និយម​ចិន និង​អ្នក​គុន​និយម​ខ្មែរ មានការ​សំយោគ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​។ ដូច្នេះ​ហើយ​ការ​បង្ហាញ​ក្បាច់គុន​រួម​គ្នា​នេះ ពិតជា​មាន​ខ្លឹមសារ​ល្អ ដែល​បាន​បញ្ជាក់​អំពី​ទំនាក់ទំនង​តាំងពី​អតីតកាល ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ក៏​ដូច​ជា​បច្ចុប្បន្នកាល នៅ​ក្នុង​គោលដៅ​រិ​ត​ចំណងមិត្តភាព និង​គោលដៅ​ទេសចរណ៍​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ចិន ផង​ដែរ​។

គួរ​បញ្ជាក់​ថា សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​សហការ​ជាមួយ​ក្រសួងទេសចរណ៍​បា​នប​ញ្ចូ​ន​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី ចំនួន​៧​រូប ដើម្បី​ចូលរួម​បង្ហាញ​គុន​ល្បុក្កតោ ក្នុង​ព្រឹត្តិការណ៍​ពិធី​បិទ «​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្ដូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា​-​ចិន ២០២៤» និង​ពិធី​បើកផ្លូវ​ការ «​ឆ្នាំ​ទេសចរណ៍ កម្ពុជា​-​ចិន ២០២៥» នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕

Previous articleកម្ពុជា​ទទួល​សិទ្ធិ​ធ្វើម្ចាស់ផ្ទះ​​រៀបចំ​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​​ពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers
Next articleព្រះខ័នរាជស្វាយរៀង បឹងកេត ឈ្នះគូប្រជែង ២-០ ដូចគ្នា ខណៈទ័ព និងវិសាខាស្មើគ្នា ជើងទី១ ពានសម្តេចតេជោ ហ៊ុន សែន វគ្គ១/៤ផ្តាច់ព្រ័ត្រ