ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៨ រដូវកាល ២០២៤-២០២៥ បានឈានដល់វគ្គ៨ក្រុមចុងក្រោយ ឬវគ្គ១/៤ផ្តាច់ព្រ័ត្រថ្នាក់ជាតិ ដោយក្នុងការប្រកួតជើងទី១ កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ គឺក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត បានយកឈ្នះគូប្រជែងរៀងៗខ្លួន ដោយលទ្ធផល ២-០ ដូចៗគ្នា ខណៈទ័ព និងវិសាខា រក្សាលទ្ធផលស្មើគ្នា ២-២។
នៅក្នុងការប្រកួតដ៏ស្វិតស្វាញ នៅជើងទី១នេះ ក្រុមព្រះខ័នរាជស្វាយរៀង ដែលជាក្រុមការពារដំណែងជើងឯកឆ្នាំចាស់ បានយកឈ្នះក្រុមម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ ២-០ ខណៈក្រុមភ្ញៀវបឹងកេត ក៏បានយកឈ្នះក្រុមអាយអេសអាយដង្កោសែនជ័យ ដោយលទ្ធផល ២-០ ដែរ។ ចំពោះក្រុមម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទ (ទ័ព) បានប្រឹងបំបែកសំណាញ់ទីរបស់ក្រុមភ្ញៀវ វិសាខា ឱ្យស្មើវិញ ២ទល់២ ក្រោយពីវិសាខា បានបើកការនាំមុខ ២-០ មុន នៅវគ្គទី១។ ៣ប្រកួតនេះនឹងត្រូវកាត់សេចក្តីនៅជើងទី២ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។ ដោយឡែកចំពោះ១ប្រកួតទៀត គឺណាហ្គាវើលដ៍ ត្រូវជួបជាមួយក្រុមភ្នំពេញក្រោន នៅវេលាម៉ោង ១៨:០០ ថ្ងៃទី២៧ ខែកុម្ភៈនេះ សម្រាប់ជំនួបជើងទី១ ខណៈជើងទី២ ១ប្រកួតនេះនឹងផ្លាស់ប្តូរទឹកដីគ្នាវិញ នាថ្ងៃទី១៤ ខែមីនាខាងមុខ។
ក្រោយបញ្ចប់ការប្រកួតទាំងពីរជើង នៅវគ្គ៨ក្រុមចុងក្រោយថ្នាក់ជាតិនេះ គឺ៤ក្រុមជ័យលាភីនឹងបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលគ្រោងនឹងប្រកួតក្នុងថ្ងៃតែមួយ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ហើយ២ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះនឹងត្រូវប្រកួតផ្លាស់ប្តូរទឹកដីគ្នាម្តងទៀត នៅជើងទី២ នាថ្ងៃទី០៧-០៨ ខែឧសភា ឆ្នាំ២០២៥។ ក្រុមឈ្នះៗទាំងពីរនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមម្ចាស់ជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៨ រដូវកាល ២០២៤-២០២៥នេះ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។
បើតាមកំណត់បង្ហាញប្រវត្តិសំខាន់ៗរបស់ក្រុមទាំង៨នៃគណៈកម្មការរៀបចំពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្លឹបបាល់ទាត់ទាំង៨ ក្នុងការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៨ រដូវកាល ២០២៤/២៥ (ថ្នាក់ជាតិ) មានដូចជា ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, បឹងកេត, ណាហ្គាវើលដ៍, កងយោធពលខេមរភូមិន្ទ, អាយ អេស អាយ ដង្កោសែនជ័យ និងគិរីវង់សុខសែនជ័យ។ អង្គរថាយហ្គឺរជាក្រុមកំពូលតារាងលីគកំពូលទាំង៦ (Top 6) តែមួយគត់មិនបានឡើងមកកាន់វគ្គ ៨ក្រុមចុងក្រោយ។
១. ព្រះខ័នរាជស្វាយរៀង ជាក្រុមការពារតំណែងជើងឯក និងជាក្រុមជើងឯកពាន សម្ដេចតេជោ ច្រើនជាងគេរហូតដល់ ៥សម័យកាល។ ឆ្នាំនេះជាបេសកកម្មរបស់ពួកគេ ដើម្បីការពារតំណែងជើងឯក និងចង់ក្ដោបពានក្នុងឆ្នាំនេះបន្តទៀត។
២. វិសាខា ជាក្រុមជើងឯក ៣សម័យជាប់គ្នាពោលគឺឆ្នាំ២០២០, ២០២១ និង២០២២។ រដូវកាលមុន វិសាខា ជាក្រុមចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីឈ្នះបឹងកេតដោយទាត់បាល់ ១១ម៉ែត្រ កាត់សេចក្ដី ៤-៣។
៣. កងយោធពលខេមរភូមិន្ទ ជាក្រុមជើងឯក ៣សម័យ ឆ្នាំ២០១០ ២០១៦ និង២០១៨។ ការឈ្នះជើងឯកឆ្នាំចុងក្រោយ គឺក្រោមការដឹកនាំរបស់លោក ភា សុភក្ត្រា នេះតែម្តង។
៤. ភ្នំពេញក្រោន ជាក្រុមជើងឯក ២សម័យ ឆ្នាំ២០០៨ និង ២០០៩។ ក្រុមជួរមុខនៅកម្ពុជាមួយនេះខកខានឈ្នះជើងឯក រយៈពេល ១៦ឆ្នាំមកហើយ បន្ទាប់ពីឡើងវគ្គផ្ដាច់ព្រ័ត្រចាញ់ព្រះខ័នរាជស្វាយរៀងរដូវកាលមុន។
៥. បឹងកេត ជាក្រុមជើងឯកឆ្នាំ២០១៩ ពេលផ្ដួលក្រុមស្វាយរៀងដោយបាល់ ១១ម៉ែត្រ កាត់សេចក្ដី។
៦. ណាហ្គាវើលដ៍ ជាក្រុមជូរចត់មួយនៅពានសម្ដេចនេះ ដោយសារឡើងវគ្គផ្ដាច់ព្រ័ត្រដល់៧ដង ទើបឈ្នះជើងឯកម្ដងនៅឆ្នាំ២០១៣។ ជាមួយគ្នានោះ តាំងពីឆ្នាំ ២០២០ មកណាហ្គាវើលដ៍ មិនទាន់ដែលឡើងវគ្គ ៤ ក្រុម (Semi Final) ម្ដងណាទេ។
៧. គិរីវង់សុខសែនជ័យ រដូវកាលមុនគួរកត់សម្គាល់ ដោយយកឈ្នះ កងយោធពលខេមរភូមិន្ទនៅវគ្គ ១/៨ ផ្តាច់ព្រ័ត្រ ក្នុងគ្រាប់បាល់ ១១ម៉ែត្រ កាត់សេចក្ដី បន្ទាប់ពីស្មើទាំងពីរជើង ៤-៤។ ៨. អាយ អេស អាយ ដង្កោសែនជ័យ ជាក្រុមទើបឡើងមកថ្មី ២រដូវកាលនេះ។
រដូវកាលមុន ឡើងដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ បន្ទាប់ពីចាញ់ បឹងកេត ៨-២ ក្នុងគ្រាប់បាល់សរុបទាំងពីរជើង៕