កីឡាករជម្រើសជាតិបាល់ទាត់ វីរៈ ដារ៉ា មិនជាប់ពាក់ព័ន្ធនឹងករណីសង្ស័យរៀបចំលទ្ធផលទុកមុននោះទេ

ភ្នំពេញ៖ កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា វី​រៈ ដា​រ៉ា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​សង្ស័យ​លើ​ការ​ប្រព្រឹត្ត​នូវ​ទ​ង្វើ​រៀបចំ​កំណត់​លទ្ធផល​ទុកជា​មុន ដោយ​ករណី​សង្ស័យ​នេះ​នៅ​ក្នុង​ការ​ប្រកួត​ជា​ផ្លូវការ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤ ក្នុង​ព្រឹត្តិការណ៍ ASEAN Championship Mitsubishi Electric Cup នៅ​ទីលាន​នៃ​កីឡដ្ឋាន​ជាតិ (National Stadium) ប្រទេស​សិង្ហ​បុរី​។

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​បាន​ចេញ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២៥​។ សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​បញ្ជាក់​ថា ក្រោយ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​តាមដាន និង​ស៊ើបអង្កេត​តាម​សមត្ថកិច្ច​ជំនាញ​រួចរាល់ និង​រួម​ផ្សំ​ដោយ​ការ​ស្រាវជ្រាវ​របស់​គណៈកម្មការ​សុចរិត​ភាព​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទៅ​តាម​នីតិវិធី​ជាក់លាក់ និង​ដោយ​ការ​យកចិត្តទុកដាក់​ជាមួយនឹង​អង្គភាព​ជំនាញ​ក្រៅប្រទេស​មួយ​ចំនួន​កន្លង​មក​បាន​បង្ហាញ​លទ្ធផល​ជា​អវិជ្ជមាន​រួម​គ្នា​ថា​៖ កីឡាករ​ជម្រើសជាតិ វី​រៈ ដា​រ៉ា ពុំ​មាន​អ្វី​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សង្ស័យ​ទាំង​អស់នោះ​ទេ​។

ខ្លឹមសារ​ប​ស់សេចក្តី​ព័ត៌មាន​នេះ​បានឱ្យ​ដឹង​ទៀត​ថា ផ្ទុយ​ទៅ​វិញ កំហុស​ដែល​កើតឡើង នា​ពេល​នោះ គឺជា​កំហុស​បច្ចេកទេស​នៃ​ការ​លេង​ដោយ​អ​ចេតនា​ប៉ុណ្ណោះ​។ សូម​បញ្ជាក់​បន្ថែម​ថា រាល់​ករណី​មន្ទិល​សង្ស័យ​ទាំងឡាយ​ណា​ដែល​កើត​មាន​អំឡុង​ពេល​ដំណើរការ​នៃ​ការ​ប្រកួត សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​តែ​បន្ត​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ ដើម្បី​រក្សា​បាន​នូវ​សុចរិត​ភាពរ​នៅ​ក្នុង​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​។

ទន្ទឹម​នឹង​ការ​ចាត់វិធានការ និង​ដើម្បី​ទប់ស្កាត់​បញ្ហា​ដូច​ខាងលើ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ ដែល​បាន​ប្រកាស​ជូន​ក្នុង​មហាសន្និបាត​លើក​ទី​១៩ របស់​ខ្លួន កាលពី​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២៥ លើ​ការ​បែងចែក ភាគលាភ​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​នៃ​ការ​រៀបចំ​ប្រកួត​របស់​ក្រុម​ជម្រើសជាតិ បន្ទាប់​ពី​ដក​ចំណាយ​លើ​ប្រតិបត្តិ​ការណ៍ និង​ពន្ធ ផ្តល់​ជូន​ផ្នែក​ពាក់ព័ន្ធ​ចំនួន ០៤ គឺ​៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ២៥% សមាគម​ក្លិប (​កីឡាករ​ជាប់​ក្នុង​ក្រុម​ជម្រើសជាតិ​) ២៥% ក្រុម​ជម្រើសជាតិ ២៥% សុខុមាលភាព ២៥%៕

Previous articleMan Utd ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Jean-Phillippe Mateta របស់ Crystal Palace
Next articleឯកឧត្តម ហេង សុខឃន ៖ ជើងឯកថ្នាក់ជាតិប្រដាល់ឃីកបុកស៊ីង សម្រួចលើការផលិតធនធានថ្នាលយុវជនបន្តវេន សម្រាប់ជាតិ