មន្ទីរអប់រំខេត្តកណ្តាលចាប់ផ្តើមដំណើការប្រកួតជើងឯកកីឡាបឋមសិក្សា ២០២៥ ដោយទទួលបានការចូលរួមយ៉ាងផុសផុល

ភ្នំពេញ៖ មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល​បាន​ដំណើរការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០២៥ នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៥​នេះ​លើ​ប្រភេទ​កីឡាបាល់ទះ​មុនគេ នៅ​វិទ្យាល័យ​ហ៊ុន សែន សេរីភាព ទីក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ជាមួយនឹង​ការ​ចុះ​ឈ្មោះ​ចូលរួម​យ៉ាង​ផុសផុល​គួរ​ឱ្យ​កត់សម្គាល់​។

លោក ពៅ វ​ណ្ណា ប្រធាន​ការិយាល័យ​កីឡា​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល បាន​គូសបញ្ជាក់​ថា ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា ជ្រើសរើស​ជើងឯក​ខេត្តកណ្តាល ប្រចាំឆ្នាំ​២០២៥​នេះ​មាន​សិស្សានុសិស្ស​ជា​កីឡាករ​កីឡាការិនី​ចូលរួម​ប្រកួត​សរុប ៥៧៤​នាក់ (​កីឡាការិនី ២១៥​នាក់​) ដោយ​ប្រកួត​លើ​៥​ប្រភេទ​កីឡា ដូច​ជា បាល់ទាត់ បាល់បោះ បាល់ទះ ប៊ូល​និង​ប៉េតង់ និង​អត្ត​ព​លិ​ក​កម្ម​។ តាម​រយៈ​ការ​ចូលរួម​យ៉ាង​ផុស​ផុស​ឆ្នាំ​២០២៥​នេះ លោក ពៅ វ​ណ្ណា បាន​បង្ហាញ​នូវ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា ខេត្តកណ្តាល​នឹង​ចម្រាញ់​បាន​ធនធាន​កីឡាករ កីឡាការិនី​វ័យក្មេង​ៗ​ឆ្នើម​ៗ ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ នា​ខែឧសភា ២០២៥ ក្រោម​ការ​រៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក ពៅ វ​ណ្ណា សង្ឃឹមថា មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល​នឹង​អាច​ការពារ​ដំណែង​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ចំណោម​២៥​រាជធានី​-​ខេត្ត ក្នុង​ការ​ប្រកួត​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ​ផង​ដែរ ខណៈ​ឆ្នាំ​២០២៥​នេះ ការ​ប្រកួត​ថ្នាក់​ខេត្ត​ខេត្តកណ្តាល​ទទួល​បានការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ឧបត្ថម្ភ​ផ្នែក​សម្លៀក​បំពាក់ ថវិកា និង​ភេសជ្ជៈ លោក​បាន​ចាត់​ទុក​ថា នេះ​ជា​សកម្មភាព​មួយ​ដែល​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​និង​លើកកម្ពស់​ជួយ​ដល់​វិស័យ​កីឡា ក្នុង​ខេត្ត​ឱ្យ​កាន់តែ​រីក​ចម្រើន​ផង​ដែរ​។

ប្រធាន​ការិយាល័យ​កីឡា​រូប​នេះ​បាន​គូសបញ្ជាក់​ថា ការ​ប្រកួត​ជ្រើសរើស​ជើងឯក​សិស្ស​បឋម​សិក្សា​រយៈពេល​៧​ថ្ងៃនេះ ប្រើប្រាស់​ថវិកា​ផ្ទាល់​របស់​មន្ទី​អប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល ដើម្បី​ចម្រាញ់​ជ្រើសរើស​កីឡាករ​កីឡាការិនី​សិស្ស​បឋម​សិក្សា​ឆ្នើម​ៗ តាម​ប្រភេទ​កីឡា​នីមួយ​ៗ​មក​ហ្វឹកហាត់​តំណាង​ខេត្តកណ្តាល ត្រៀម​ចូលរួម​ប្រកួតប្រជែង ការ​ប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​ទូ​ទាំង​ប្រទេស ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​រាជធានី​ភ្នំពេញ ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​រៀបចំ​លើ​១៣​ប្រភេទ​កីឡា​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ជ្រើសរើស​ជើងឯក​ទូ​ទាំង​ប្រទេស ប្រចាំឆ្នាំ​២០២៤ កន្លង​ទៅ ខេត្តកណ្តាល ដណ្តើម​បាន​ចំណាត់​លេខ​២ ឈ្នះ​មេដាយ​សរុប ១៦​គ្រឿង (​មេដាយមាស​៥ ប្រាក់​៣ និង​សំរឹទ្ធ ៨) ហើយ​លោក​បន្ថែម​ថា លោក ចេ​ង សំ​អ៊ុ​ល ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល និង​រូប​លោក​ផ្ទាល់ ក្នុង​នាម​ជា​អ្នក​ទទួល​បន្ទុក​ការិយាល័យ​ជំនាញ​កីឡា​នេះ​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ឱ្យ​ការ​ប្រកួត​ថ្នាក់​ជាតិ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ជា​ពិសេស​គឺ​អាច​ការពារ​បាន​ដំណែង​ឈរ​នៅ​លេខ​២ ក្នុង​ចំណោម​២៥​រាជធានី​-​ខេត្ត​ឱ្យ​នៅ​ដដែល​៕

Previous articleKalvin Phillips ទំនង់ជាវិលត្រលប់ទៅកាន់ក្លឹបចាស់វិញ
Next articleArsenal ចង់បានខ្សែបម្រើរបស់ក្លឹប Newcastle មកពង្រឹងក្រុម