ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលើកទឹកចិត្តពិធីបិទការប្រកួត កីឡាបាល់ទាត់ ពានរង្វាន់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពិធី​បិទ​ការ​ប្រកួត​កីឡាបាល់ទាត់​ក្រសួងមហាផ្ទៃ រដូវ​កាល​ទី​២ ឆ្នាំ​២០២៥ កាលពី​យប់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៥ ខណៈ​ក្រុមបាល់ទាត់​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឈ្នះ​ជើងឯក ក្រោយ​ពី​បាន​យកឈ្នះ​ក្រុម​អន្តោប្រវេសន៍​មាន​ជ័យ ៣-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ គ្រង​ជើងឯក ទទួល​បាន​មេដាយមាស ពានរង្វាន់​១, ក្រុម​អន្តោប្រវេសន៍​មាន​ជ័យ ទទួល​បាន​លេខ​២ មេដាយ​ប្រាក់ ខណៈ​លេខ​៣ បាន​ទៅ​លើ​ក្រុម​ខុទ្ទកាល័យ​ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ក្រោយ​យកឈ្នះ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ៤-២​។ ចំពោះ​ក្រុម​ឌី​ជី​ថ​ល ទទួល​បាន​ពានរង្វាន់​ក្រុម Fair Play, លោក អ៊ុ​ង កន​យ៉ា​និ​ត គ្រូបង្វឹក​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ឈ្នះ​ពាន​គ្រូបង្វឹក​ល្អ​ជាងគេ​, កីឡាករ អ៊ុ​ក ម៉ិច ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ឈ្នះ​ពាន​អ្នកចាំទី​ល្អ​ជាងគេ​, កីឡាករ កែវ កុសល អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ឈ្នះ​ពាន​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​ជាងគេ​។

ឯកឧត្តម តឹង សុធី ស្នងការ​រង​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ដឹកនាំ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ថ្លែង​ថា អ្វី​ដែល​ជំរុញ​ឱ្យ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ បាន​ក្លាយជា​ម្ចាស់​ជើងឯក គឺ​ដោយសារ​ថ្នាក់ដឹកនាំ គ្រូបង្វឹក​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​តាម បច្ចេកទេស​បាល់ទាត់ ព្រោះ​ក្រុម​ចូលរួម​ទាំងអស់​សុទ្ធតែ​ចង់បាន​ពាន​។ ដូច្នេះ ការ​ត្រៀម​របស់​យើង​មាន​រយៈពេល​យូរ និង​មាន​សាមគ្គីភាព​ក្នុង​ក្រុម​បាន​ល្អ​ទាំង​កីឡាករ​គ្រូបង្វឹក គ្រូ​ជំនួយ និង​ថ្នាក់ដឹកនាំ ទើប​ក្រុម​យើង​បាន​លទ្ធផល​ល្អ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិ​ត ភី​រៈ អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ​បាន​វាយតម្លៃ​ថា ការ​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ក្រសួងមហាផ្ទៃ លើក​ទី​២ ដែល​ដំណើរការ​ប្រកួត​អស់​រយៈពេល​ជាង​២​ខែ​កន្លង​ទៅ​នេះ បាន​ដំណើរការ​មាន​ភាពល្អ​ប្រសើរ​ខ្លាំង​ជាង​ឆ្នាំ​២០២៤ ខណៈ​កីឡាករ​យល់​ដឹង​ច្រើន​អំពី​ច្បាប់​ល្បែង និង​ក្រុមបាល់ទាត់​ចូលរួម​មាន​ទាំង​គុណភាព និង​បច្ចេកទេស​មក​ជាមួយ​ផង​ដែរ​។ ឯកឧត្តម យិ​ត ភី​រៈ បាន​គូសបញ្ជាក់​ថា ដោយ​ទទួល​បានការ​ណែនាំ​បន្ថែម​ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា គឺ​ពានរង្វាន់​កីឡាបាល់ទាត់​ក្រសួងមហាផ្ទៃ​លើក​ទី​៣ ឆ្នាំ​២០២៦​នឹង​ពង្រីក​ឱ្យ​កាន់តែ​ធំ​ជាង​នេះ​បន្ថែម​ទៀត ដោយ​បន្ថែម​បញ្ចូល​ពី​ក្រុមបាល់ទាត់​រាជធានី​ខេត្ត និង​ក្រុម​ស្នងការ​រាជធានី ខេត្ត​ទៀត​ផង​ដែរ​។

ឯកឧត្តម​អគ្គលេខាធិការ​បន្ថែម​ថា ជាមួយនឹង​ទិស​ដៅ​ពង្រីក​ព្រឹត្តិការណ៍​ឱ្យ​កាន់តែ​ធំ​ប្រកបដោយ​គុណភាព​កាន់តែ​ល្អ​ប្រសើរ​នេះ គឺ​ដើម្បី​ជា​ការ​ផ្តល់​ឱកាស​ឱ្យ​ក្រុមបាល់ទាត់​រាជធានី និង​ស្នងការ​រាជធានី ខេត្ត ចូលរួម​ក្នុង​ពានរង្វាន់​ក្រសួងមហាផ្ទៃ នៅ​ឆ្នាំ​ក្រោយ​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​ក៏​បាន​អំពាវនាវ​ដល់​ក្រុមបាល់ទាត់​រាជធានី​ខេត្ត ខិតខំ​ដុសខាត់​សមត្ថភាព​ឱ្យ​បាន​ខ្លាំងក្លា ក្នុង​នោះ​បូក​រួម​នឹង​ក្រមសីលធម៌​វិន័យ​ផង​ដែរ ដើម្បី​ឱ្យ​ក្រុម​ចូលរួម​ទាំងអស់​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា ក្នុង​ន័យ​ជំរុញ​ឱ្យ​ការ​ប្រកួត​មួយ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​កាន់តែ​ល្អ​ប្រសើរ​។ ឯកឧត្តម យិ​ត ភី​រៈ បាន​សង្កត់ធ្ងន់​ថា ពានរង្វាន់​កីឡាបាល់ទាត់​ក្រសួងមហាផ្ទៃ នឹង​ផ្តល់​ឱកាស​ឱ្យ​អង្គភាព​ក្រោម​ចំណុះ​ក្រសួងមហាផ្ទៃ​ចូលរួម​ប្រកួត​ជា​រៀង​រាល់​ឆ្នាំ​នេះ គ្រោង​មានការ​ពង្រីក​ខ្លួន​ទៅ​ជា​ការ​ប្រកួត​ធំ ដូច​ការ​ប្រកួត​បាល់ទាត់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែរ​៕

Previous articleសាលាគុនមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ឈរលេខ១ការប្រកួតកីឡាគុនល្បុក្កតោ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤
Next articleVan Dijk នៅតែបន្តឆ្លើយយ៉ាងនេះពាក់ព័ន្ធនឹងរឿងកុងត្រាថ្មី