គ្រូបង្គោលកម្ពុជា ៖ មិនមានការប្រកួតណាមួយដែលងាយស្រួលនោះទេ

ភ្នំពេញ៖ ថ្លែង​ក្នុង​ឱកាស​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​ជាមួយ​ក្រុម​វៀតណាម និង​ក្រុម​ជម្រើសជាតិ អា​រូបា លោក Koji Gyotoku បាន​លើក​ឡើង​ថា មិន​មានការ​ប្រកួត​ណាមួយ​ដែល​ងាយស្រួល​នោះ​ទេ​។

គ្រូ​បង្គោល​កម្ពុជា លោក Koji Gyotoku បាន​គូសបញ្ជាក់​ទៀត​ថា សម្រាប់​ការ​គិត​របស់​លោក គឺ​ការ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង ជា​បទ​ពិសោធ​មួយ​សម្រាប់​ក្រុម​យើង​។ អ្វី​ដែល​ជា​រឿង​សប្បាយចិត្ត​បំផុត​នោះ គឺ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រូវ​បាន​ក្រុម​ជម្រើសជាតិ​វៀតណាម​អញ្ជើញ​ទៅ​ប្រកួត​ជាមួយ​ក្នុង​លក្ខណៈ​មិត្តភាព​អន្តរជាតិ ពីព្រោះ​វៀតណាម ជា​ក្រុម​មួយ​ខ្លាំង​។

លោក Koji Gyotoku បាន​លើក​ឡើង​ទៀត​ថា សម្រាប់​ក្រុម​ជម្រើសជាតិ​អា​រូបា (Aruba) ដែល​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​កម្ពុជា នា​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​នោះ គឺ​លោក​មិន​គិត​ថា ការ​ប្រកួត​ណាមួយ​ជា​ការ​ប្រកួត​ដ៏​ងាយស្រួល​នោះ​ទេ បើ​ទោះបីជា បច្ចុប្បន្ន ក្រុម​ជម្រើសជាតិ អា​រូបា មាន​ចំណាត់ថ្នាក់​ពិភពលោក ក្រោម​កម្ពុជា​យ៉ាងណា​ក្តី​។ សម្រាប់​ក្រុម​អា​រូបា ដែល​យើង​មិនសូវ​បានឮ​ឈ្មោះ​នោះ​ទេ ហើយ​យើង​ក៏​មិនដឹង​ថា កម្រិត​ក្រុម​ជម្រើសជាតិ អា​រូបា ប៉ុណ្ណា​នោះ​ទេ​។ អ្វី​ដែល​យើង​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​មុនគេ គឺ​ការ​ប្រកួត​ជាមួយ​ក្រុម​វៀតណាម​ជា​មុន​សិន​។ សម្រាប់​ការ​ប្រកួត​ទាំង​ជាមួយ​ក្រុម​វៀតណាម និង​ក្រុម​អា​រូបា គឺ​មិន​ងាយស្រួល​នោះ​ទេ​។

សម្រាប់​សមាសភាព​កីឡាករ​កម្ពុជា ដែល​ត្រូវ​បាន​កោះហៅ​ប្រមូលផ្តុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ទាំង​ពីរ​ប្រកួត​នេះ ត្រូវ​បាន​លោក Koji Gyotoku គូសបញ្ជាក់​ថា កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ ដោយសារ​លោក​មិន​មាន​ពេល​គ្រប់គ្រាន់ ក្នុង​ការ​ត្រួតពិនិត្យ​តាមដាន​កីឡាករ​ច្រើន​នោះ​ទេ ដូច្នេះ​ការ​ជ្រើសរើស​កីឡាករ​អាច​មានការ​ចន្លោះ​ប្រហោង​ខ្លះ​។ ប៉ុន្តែ​ការ​កោះហៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា លើក​នេះ លោក​បាន​ត្រួតពិនិត្យ​តាមដាន ការ​ប្រកួត​លី​គ​កំពូល​កម្ពុជា​បាន​ច្រើន​ជាង​លើក​មុន ហើយ​លោក​បាន​ធ្វើតេស្ត​កីឡាករ​បាន​ច្រើន ទើប​លោក​សម្រេចចិត្ត​ជ្រើសរើស​សមាសភាព​កីឡាករ នា​ពេល​នេះ​។

សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ប្រមូលផ្តុំ​នេះ​មាន​ចំនួន ២៣​នាក់ ដែល​ជ្រើសរើស​ដោយ​គ្រូ​បង្គោល​ជនជាតិ​ជប៉ុន​វ័យ ៦០​ឆ្នាំ លោក Koji Gyotoku គឺ​មក​ពី​ក្លឹ​ប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង មាន ៦​នាក់​, ភ្នំពេញ​ក្រោ​ន ៥​នាក់​, វិសាខា ៦​នាក់​, ណា​ហ្គា​វើ​ល​ដ៍ ២​នាក់​, បឹង​កេ​ត ២​នាក់ និង​២​នាក់​ទៀត មក​ពី​ក្លឹ​ប​អង្គ​រថា​យ​ហ្គឺ​រ និង​ISI ដង្កោ​សែន​ជ័យ​។ សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​ចំនួន​២​ប្រកួត គឺ​ទី​១ ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ចេញដំណើរ​ទៅ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​វៀតណាម នៅ​ខេត្ត Binh Duong នា​ថ្ងៃ​ទី​១៩ ខែមីនា និង​ប្រកួត​ទី​២ ត្រៀម​ស្វាគមន៍​ក្រុម​ភ្ញៀវ ជម្រើសជាតិ Aruba នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នា​វេលា​ម៉ោង ៧:០០​យប់ ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៥៕

Previous articleសហព័ន្ធកីឡាហាប់គីដូបន្តដាក់គោលដៅធំៗ ឆ្នាំ២០២៥ ក្នុងការរៀបចំជើងឯកថ្នាក់ជាតិ និងប្រជែងមេដាយជូនជាតិ
Next articleមន្ទីរអប់រំខេត្តកណ្តាលរកឃើញជ័យលាភី៥ប្រភេទកីឡាសិស្សបឋមសិក្សាត្រៀមប្រជែងមេដាយកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ នាខែឧសភាខាងមុខ