NOCC ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍចលនាអូឡាំពិកនិងវិស័យកីឡាជាតិ ជាមួយសសរស្តម្ភសំខាន់ទាំងបី

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ចូលរួម​កសាង​អភិវឌ្ឍ​ចលនា​អូ​ឡាំ​ពិ​ក និង​វិស័យ​កីឡា​ជាតិ ជាមួយ​សសរស្តម្ភ​សំខាន់​ទាំង​បី​គឺ NOCC ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហព័ន្ធ​កីឡា​ជាតិ​។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ជំរុញ​អភិវឌ្ឍ​ចលនា​កីឡា និង​ជា​ប្រធាន NOCC នៅ​ក្នុង​មហាសន្និបាត​បូក​សរុប​ការងារ ឆ្នាំ​២០២៤ និង​ទិស​ដៅ​ការងារ ឆ្នាំ​២០២៥​របស់ NOCC កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ជា​សក្ខីភាព​ពី​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ថ្នាក់ដឹកនាំ និង​តំណាង​សហព័ន្ធ​កីឡា​ជាតិ​នានា​។

ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ដ្រី​បាន​ថ្លែង​ថា ការ​រៀបចំ​មហាសន្និបាត​នេះ គឺ​ដើម្បី​រំលេច​ឡើង​នូវ​សមិទ្ធផល​នានា ដែល​សម្រេច​បាន​តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មហា​គ្រួសារ​ចលនា​អូ​ឡាំ​ពិ​ក និង​កីឡា​ជាតិ​កន្លង​មក ហើយ​ត្រូវ​បន្ដ​សម្លឹង​ទៅ​មុខ​ឆ្ពោះទៅ​បំពេញបេសកកម្ម​ថ្មី​ៗ​បន្ថែម​ទៀត​របស់​ចលនា​អូ​ឡាំ​ពិ​ក​ជាតិ ក៏​ដូច​វិស័យ​កីឡា​ជាតិ​។ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន មាន​ប្រសាសន៍​ថា ៖«NOCC បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​កសាង​អភិវឌ្ឍ​ចលនា​អូ​ឡាំ​ពិ​ក និង​វិស័យ​កីឡា​ជាតិ ជាមួយ​សសរស្តម្ភ​សំខាន់​ទាំង​បី​គឺ NOCC ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហព័ន្ធ​កីឡា​ជាតិ​។ ដូចនេះ ដើម្បី​ជំរុញ​យន្តការ​គ្រប់គ្រង​ដឹកនាំ និង​អនុវត្ត​ការងារ​កីឡា​បាន​ជោគជ័យ​ត្រូវការ ស្មារតី​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ និង​ធ្វើការ​ជាមួយ​គ្នា​ក្នុង​សុខដុមរមនា​ការងារ​របស់​សសរស្តម្ភ​ទាំង​បី ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​សក្តានុពល​ភាព​វិស័យ​កីឡា​ជាតិ​»​។

ក្នុង​នាម​ចលនា​អូ​ឡាំ​ពិ​ក​កម្ពុជា ឯកឧត្តម​បណ្ឌិត ថោ​ង ខុន បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ដល់​ប្រព័ន្ធ​ការងារ​កីឡា​ដែល​បាន​ប្រទាក់ក្រឡា​គ្នា​ធ្វើ​កិច្ចសហការ​គ្នា​ល្អ និង​យ៉ាង​ជិត​ស្និទ្ធ ដោយ​តម្កល់​ឧត្តមគតិ​កីឡា​ជាតិ និង​ប្រទេស​ជាតិ​ជា​ធំ​របស់​សសរស្តម្ភ​ទាំង​បី​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ ក្រោម​ម្លប់​សន្ដិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម ទើប​យើង​អាច​មានឱកាស​បង្កើត​ព្រឹត្តិការណ៍​ជាតិ​ជា​ប្រវត្តិសាស្ត្រ​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ស្រប​ទៅ​នឹង​បាវចនា «​កីឡា​រស់​ក្នុង​សន្តិភាព​»​។

ឯកឧត្តម​បណ្ឌិត​ប្រធាន NOCC បន្ថែម​ថា «​មហាសន្និបាត​នេះ ក្រៅពី​ការ​រំលេច​ឡើង​នូវ​សមិទ្ធផល​ដ៏​វិសេសវិសាល​ក្នុង​ឆ្នាំ​២០២៤ ខ្ញុំ​ក៏​សូម​ឱ្យ​អង្គ​មហាសន្និបាត​រៀបចំ​ខ្លួន និង​ត្រៀមលក្ខណៈ​គ្រប់​ជ្រុងជ្រោយ​បន្ត​ជ្រោង​ទង់​កីឡា​ជាតិ​ឲ្យ​លេច​ត្រដែត​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ចុងឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ​, ការ​ប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​បា​រ៉ែ​ន ពិសេស​ការ​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៤ និង​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​៦ ឆ្នាំ​២០២៩ ដែល​នឹង​ក្លាយជា​កាលានុវត្តភាព​ថ្មី​មួយទៀត ក្នុង​ការ​ផ្សព្វផ្សាយ​កម្ពុជា​ទៅ​កាន់​ចលនា​អូ​ឡាំ​ពិ​ក និង​ចលនា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ពិភពលោក​»​។

តាម​រយៈ​ការ​កំណត់​ចក្ខុវិស័យ និង​គោលដៅ​ការងារ​កីឡា​ច្បាស់លាស់​ខាងលើ ឯកឧត្ដម​បាន​ចាត់ទុកជា​ការ​ជំរុញ​ល្បឿន​នៃ​ការ​បំពេញភារកិច្ច​កាតព្វកិច្ច​ក្នុង​ការ​កសាង​គុណភាព និង​ប្រសិទ្ធភាព​គុណ​ផល​កីឡា​ឱ្យ​មាន​សង្គតិភាព​នៅ​នឹង​និន្នាការ​រីក​ចម្រើន​នៃ​វិទ្យាសាស្ត្រ​កីឡា និង​បច្ចេកទេស​កីឡា ពិសេស​ក្នុង​និន្នាការ​សកល​នៃ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត «AI» ក្នុង​វិស័យ​កីឡា និង​ចលនា​អូ​ឡាំ​ពិ​ក​អន្តរជាតិ ស្រប​តាម​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤៕

Previous articleJonathan David បង្ហើបពីឈ្មោះលីគដែលខ្លួនចង់ទៅលេង
Next articleឯកឧត្តមបណ្ឌិត ថោង ខុន ផ្តល់អនុសាសន៍១០ចំណុច ក្នុងការបន្តជំរុញការអភិវឌ្ឍវិស័យកីឡាជាតិ និងចលនាអូឡាំពិកឱ្យកាន់តែរីកចម្រើន