ឯកឧត្តមបណ្ឌិត ថោង ខុន ផ្តល់អនុសាសន៍១០ចំណុច ក្នុងការបន្តជំរុញការអភិវឌ្ឍវិស័យកីឡាជាតិ និងចលនាអូឡាំពិកឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ជំរុញ​អភិវឌ្ឍ​ចលនា​កីឡា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​ផ្តល់​អនុសាសន៍​សំខាន់​ៗ​ចំនួន ១០​ចំណុច ដើម្បី​បន្ត​ជំរុញ​ដំណើរការ​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ និង​ចលនា​អូ​ឡាំ​ពិ​ក​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​។

ការ​ផ្តល់​អនុសាសន៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ឱកាស​បិទ​មហាសន្និបាត​បូក​សរុប​ការងារ ឆ្នាំ​២០២៤ និង​ទិស​ដៅ​ការងារ ឆ្នាំ​២០២៥​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ទីស្នាក់ការ​របស់​ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៥​។ លទ្ធផល​នៃ​កិច្ច​ពិភាក្សា​ជាមួយ​មតិ​ផ្សំ និង​ធាតុ​ចូល​សំខាន់​ៗ សុទ្ធតែ​បង្ហាញ​នូវ​ឆន្ទៈ​ច្បាស់លាស់ ចក្ខុវិស័យ វែង​ឆ្ងាយ​របស់​ក្រុម​គ្រួសារ​ចលនា​អូ​ឡាំ​ពិ​ក​កម្ពុជា ដែល​បាន​តាំងចិត្ត ពួតដៃគ្នា ឆ្ពោះទៅ​រក​សុខដុម​នី​យ​កម្ម​ការងារ​កីឡា និង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ និង​ចលនា​អូ​ឡាំ​ពិ​ក ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​។ អនុសាសន៍​សំខាន់​ៗ​ចំនួន​១០​ចំណុច​របស់​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រួម​មាន​៖

១.​សូម​ទទួលយក​នូវ​ភាព​អស្ចារ្យ និង​មរតក SEA Games-ASEAN Para Games ឆ្នាំ​២០២៣ ធ្វើ​ជា​គុណ​តម្លៃ​នៃ​និមិត្តរូប​ដ៏​មាន​ប្រសិទ្ធភាព ជា​មេរៀន​បទ​ពិសោធន៍​ដ៏​ត្រឹមត្រូវ ក្នុង​ការ​ជំរុញ​ទឹកចិត្ត​ប្រតិបត្តិ​ករ​កីឡា​គ្រប់​ៗ​រូប និង​ជា​ឧបករណ៍​ចាំបាច់​ត្រូវ​បន្ត​ការ​ផ្សព្វផ្សាយ​ស្នាដៃ​ដ៏​អស្ចារ្យ​នេះ​ទៅ​លើ​ឆាក​ជាតិ និង​អន្តរជាតិ​។

២.​ពង្រឹងគុណភាព សមត្ថភាព គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ តាម​យន្តការ​គ្រប់គ្រង​ដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​សក្តិ​សិទ្ធិ​ភាព ដែល​ជា​វិធានការ​អាទិភាព​ត្រូវធ្វើ​កំណែទម្រង់​ឱ្យ​ចេញ​ជា​លទ្ធផល​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០២៥ ដោយ​គោរព​តាម​អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​។

៣. បង្កើន​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​កីឡា​ជំនាញ​កម្រិត​ខ្ពស់ ក្នុង​គោលដៅ​កសាង​សមត្ថភាព​ប្រកបដោយ​គុណវុឌ្ឍិ​ជំនាញ​វិជ្ជាជីវ​កីឡា​ដល់​ថ្នាក់ដឹកនាំ មន្ត្រី របស់​សហព័ន្ធ​កីឡា​ជាតិ និង​ផ្តល់​ការ បណ្តុះបណ្តាល​ជំនាញ​កីឡា និង​បច្ចេកទេស​កីឡា​កម្រិត​ខ្ពស់​ដល់​គ្រូបង្វឹក និង​កីឡាករ កីឡាការិនី ក្រុម​ជម្រើសជាតិ​។

៤.​អភិវឌ្ឍ​គុណវុឌ្ឍិ​កីឡា​កម្រិត​ខ្ពស់​របស់​អត្ត​ព​លិ​ក​ក្នុង​ការ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ ដោយ​ចាត់ទុកជា Games យុទ្ធសាស្ត្រ​របស់​កម្ពុជា ដោយ​ត្រូវ​រក្សា​ឧត្តមភាព​កីឡា​ជាតិ​បន្ត​ទៀត បន្ទាប់​ពី​ជោគជ័យ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។

៥.​មហា​គ្រួសារ​ចលនា​អូ​ឡាំ​ពិ​ក​និង​កីឡា​ជាតិ​ត្រូវ​បុ​រេ​សកម្ម​ក្នុង​ការ​ស្វ័​យ​សិក្សា ក៏​ដូច​ជា​សហការ​ជាមួយ​ចលនា​អូ​ឡាំ​ពិ​ក និង​ស្ថាប័ន​កីឡា​អន្តរជាតិ​ក្នុង​ការ​ទាញ​គុណប្រយោជន៍​ជា​អតិបរមា​ពី​ការ​ប្រើប្រាស់ បច្ចេកវិទ្យា “AI” ដើម្បី​ក្នុង​ការ​ជំរុញ​អភិវឌ្ឍ​ចលនា​អូ​ឡាំ​ពិ​ក និង​កីឡា​ជាតិ​។

៦. ចាប់ផ្តើម​រៀបចំ​ឯកសារ​បទដ្ឋាន​គតិយុត្តិ និង​ផែនការមេ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុវជន​អាស៊ី និង​កីឡា​យុ​ជន​អាស៊ី​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៩ ឱ្យ​បាន​រួចរាល់​នៅ​ឆ្នាំ​២០២៥​។

៧.​សូម​ខិតខំ​បន្តការងារ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​វិស័យ​កីឡា​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក្រោម​គម្រោង​គម្រោង​សាមគ្គី​អូ​ឡាំ​ពិ​ក “Olympic Solidarity” និង​គម្រោង​អភិវឌ្ឍ​ជាមួយ​ដៃគូ​អន្តរជាតិ រួម​ទាំង​វគ្គ​បច្ចេកទេស​គ្រូបង្វឹក​ជំនាញ​កម្រិត​ខ្ពស់​, វគ្គ​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ កីឡា​, វគ្គ​រដ្ឋបាល​កីឡា​, វគ្គ​គ្រប់គ្រង​កីឡា​កម្រិត​ខ្ពស់ និង​កម្រិត​ឧត្តម​សិក្សា​ផ្នែក​គ្រប់គ្រង​កីឡា​។

៨.​បន្ត​ខិតខំ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​មហាជន​ដូច​ជា ទិវា​រត់ប្រណាំង និង​ព្រឹត្តិការណ៍​កីឡា​នានា​ឱ្យ​កាន់តែ​ផុសផុល ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​។

៩.​សូម​បន្ត​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ប្រកបដោយ​វិបុលភាព បរិ​យា​បន្ន និង​បន្ត​រក្សា​វប្បធម៌​សន្ទនា រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ រួម​កែ​លម្អ​ចំណុច​ខ្វះខាត​ប្រកបដោយ​សុចរិត​ភាព ដើម្បី​បង្កើត​បរិយាកាស សុខដុមរមនា​ការងារ​ក្នុង​មហា​គ្រួសារ​ចលនា​អូ​ឡាំ​ពិ​ក​និង​កីឡា​ជាតិ​តែ​មួយ​។

១០.​មហា​គ្រួសារ​ចលនា​អូ​ឡាំ​ពិ​ក​និង​កីឡា​ជាតិ​ត្រូវ​បន្ត​ពង្រឹង​កិច្ចសហការ​ប្រតិបត្តិការ​អន្តរជាតិ ពិសេស ជាមួយ​ស្ថាប័ន​កីឡា​អន្តរជាតិ​ជា​ដៃគូ ដើម្បី​ធានា​នូវ​អនុលោម​ភាព ស្រប​តាម​ការ​គោលការណ៍ និង​គោលនយោបាយ​ចលនា​អូ​ឡាំ​ពិ​ក និង​កីឡា​អន្តរជាតិ​។

ឯកឧត្តម​បណ្ឌិត ថោ​ង ខុន បាន​គូសបញ្ជាក់​បន្ថែម​ថា មហាសន្និបាត​ប្រចាំឆ្នាំ​នេះ ពិតជា​មាន​តម្លៃ និង​ទទួល​បាន​ផ្លែផ្កា​ជា​វិជ្ជមាន ដើម្បី​ជា​ចក្ខុវិស័យ​តម្រង់​ទិស​ដល់​យើង​ទាំងអស់​គ្នា​ឱ្យ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​កីឡា និង​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ​ឱ្យ​កាន់តែ​រឹង​មាំ និង​រីក​ចម្រើន​រុងរឿង ដើម្បី​បន្ត​ពង្រឹង​សក្តានុពល និង​ឧត្តមភាព​កីឡា​ជាតិ​លើ​ឆាក​អន្តរជាតិ​៕

Previous articleNOCC ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍចលនាអូឡាំពិកនិងវិស័យកីឡាជាតិ ជាមួយសសរស្តម្ភសំខាន់ទាំងបី
Next articleក្រុមបាល់នារីកម្ពុជាធ្វើម្ចាស់ផ្ទះពូល G នៃពាន AFC Women’s Asian Cup 2026