ក្រុមបាល់នារីកម្ពុជាធ្វើម្ចាស់ផ្ទះពូល G នៃពាន AFC Women’s Asian Cup 2026

ភ្នំពេញ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ វគ្គ​ជម្រុះ ពូ​ល G ពី​ថ្ងៃ​ទី​២៣ ខែមិថុនា ដល់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ នៃ​ពានរង្វាន់​បាល់ទាត់​នារី​អាស៊ី ឆ្នាំ​២០២៦ (AFC Women’s Asian Cup 2026) ដែល​ជុំ​ផ្តាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​ប្រទេស​អូស្ត្រាលី​។

ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា ស្ថិត​នៅ​ក្នុង​ពូ​ល G នេះ បន្ទាប់​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​បាន​រៀបចំ​កម្មវិធី​ចាប់ឆ្នោត​បែងចែក​ពូ​ល កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។ លទ្ធផល​នៃ​ការ​ចាប់ឆ្នោត គឺ​ក្រុម​នារី​កម្ពុជា​ស្ថិត​នៅ​ពូ​ល G ជាមួយ​ក្រុម​ជម្រើសជាតិ ហ្វី​លី​ពី​ន ហុងកុង និង​អា​រ៉ា​ប៊ី​សា​អូឌីត​។ ការ​ប្រកួត​បាល់ទាត់​នារី ពានរង្វាន់​អាស៊ី​នេះ​មាន​៣៤​ក្រុម​ចូលរួម ហើយ​ត្រូវ​បាន​បែងចែក​ជា ៨​ពូ​ល ដោយ​ពូ​ល A និង B មាន ៥ ក្រុម​ដូច​គ្នា ហើយ​ពូ​ល C, D, E, F, G និង​H មាន ៤​ក្រុម​ដូច​ៗ​គ្នា​។

គួរ​បញ្ជាក់​ថា ចំពោះ​៣​ប្រកួត​របស់​ក្រុម​ម្ចាស់ផ្ទះ កម្ពុជា រួម​មាន​៖ ប្រកួត​ទី​១ ត្រូវ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម​នារី​ហុងកុង នា​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៥, ប្រកួត​ទី​២ ក្រុម​នារី​កម្ពុជា​ជួប​ក្រុម​នារី ហ្វី​លី​ពី​ន នា​ថ្ងៃ​ទី​០២ ខែកក្កដា ២០២៥ និង​ប្រកួត​ទី​៣ ដែល​ជា​ប្រកួត​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល G គឺ​ក្រុម​នារី​ម្ចាស់ផ្ទះ​កម្ពុជា​ត្រូវ​ប៉ះ ក្រុម​នារី អា​រ៉ា​ប៊ី​សា​អូឌីត នា​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៥៕

Previous articleឯកឧត្តមបណ្ឌិត ថោង ខុន ផ្តល់អនុសាសន៍១០ចំណុច ក្នុងការបន្តជំរុញការអភិវឌ្ឍវិស័យកីឡាជាតិ និងចលនាអូឡាំពិកឱ្យកាន់តែរីកចម្រើន
Next articleបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤-២០២៥