ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមកសាងអភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាជាតិ ជាមួយសសរស្តម្ភសំខាន់ទាំងបីគឺ NOCC ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ។
នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញអភិវឌ្ឍចលនាកីឡា និងជាប្រធាន NOCC នៅក្នុងមហាសន្និបាតបូកសរុបការងារ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥របស់ NOCC កាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងសហព័ន្ធកីឡាជាតិនានា។
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រីបានថ្លែងថា ការរៀបចំមហាសន្និបាតនេះ គឺដើម្បីរំលេចឡើងនូវសមិទ្ធផលនានា ដែលសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងរបស់មហាគ្រួសារចលនាអូឡាំពិក និងកីឡាជាតិកន្លងមក ហើយត្រូវបន្ដសម្លឹងទៅមុខឆ្ពោះទៅបំពេញបេសកកម្មថ្មីៗបន្ថែមទៀតរបស់ចលនាអូឡាំពិកជាតិ ក៏ដូចវិស័យកីឡាជាតិ។ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ៖«NOCC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាជាតិ ជាមួយសសរស្តម្ភសំខាន់ទាំងបីគឺ NOCC ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ។ ដូចនេះ ដើម្បីជំរុញយន្តការគ្រប់គ្រងដឹកនាំ និងអនុវត្តការងារកីឡាបានជោគជ័យត្រូវការ ស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងធ្វើការជាមួយគ្នាក្នុងសុខដុមរមនាការងាររបស់សសរស្តម្ភទាំងបី ដែលជាមូលដ្ឋានគ្រឹះនៃជោគជ័យក្នុងការអភិវឌ្ឍសក្តានុពលភាពវិស័យកីឡាជាតិ»។
ក្នុងនាមចលនាអូឡាំពិកកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ប្រព័ន្ធការងារកីឡាដែលបានប្រទាក់ក្រឡាគ្នាធ្វើកិច្ចសហការគ្នាល្អ និងយ៉ាងជិតស្និទ្ធ ដោយតម្កល់ឧត្តមគតិកីឡាជាតិ និងប្រទេសជាតិជាធំរបស់សសរស្តម្ភទាំងបីធ្វើឱ្យព្រឹត្តិការណ៍ប្រកួតកីឡាទាំងកម្រិតជាតិ និងអន្តរជាតិទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្រោមម្លប់សន្ដិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ទើបយើងអាចមានឱកាសបង្កើតព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្ត្របានជោគជ័យជាបន្តបន្ទាប់ស្របទៅនឹងបាវចនា «កីឡារស់ក្នុងសន្តិភាព»។
ឯកឧត្តមបណ្ឌិតប្រធាន NOCC បន្ថែមថា «មហាសន្និបាតនេះ ក្រៅពីការរំលេចឡើងនូវសមិទ្ធផលដ៏វិសេសវិសាលក្នុងឆ្នាំ២០២៤ ខ្ញុំក៏សូមឱ្យអង្គមហាសន្និបាតរៀបចំខ្លួន និងត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយបន្តជ្រោងទង់កីឡាជាតិឲ្យលេចត្រដែតលើឆាកអន្តរជាតិបន្ថែមទៀត ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ចុងឆ្នាំ២០២៥ នៅប្រទេសថៃ, ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ពិសេសការត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ និងការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ ដែលនឹងក្លាយជាកាលានុវត្តភាពថ្មីមួយទៀត ក្នុងការផ្សព្វផ្សាយកម្ពុជាទៅកាន់ចលនាអូឡាំពិក និងចលនាប៉ារ៉ាឡាំពិកពិភពលោក»។
តាមរយៈការកំណត់ចក្ខុវិស័យ និងគោលដៅការងារកីឡាច្បាស់លាស់ខាងលើ ឯកឧត្ដមបានចាត់ទុកជាការជំរុញល្បឿននៃការបំពេញភារកិច្ចកាតព្វកិច្ចក្នុងការកសាងគុណភាព និងប្រសិទ្ធភាពគុណផលកីឡាឱ្យមានសង្គតិភាពនៅនឹងនិន្នាការរីកចម្រើននៃវិទ្យាសាស្ត្រកីឡា និងបច្ចេកទេសកីឡា ពិសេសក្នុងនិន្នាការសកលនៃប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត «AI» ក្នុងវិស័យកីឡា និងចលនាអូឡាំពិកអន្តរជាតិ ស្របតាមបដិវត្តន៍ឧស្សាហកម្មទី៤៕