ខេត្តកណ្តាលជ្រើសរើសបានកីឡាករ កីឡាការិនីឆ្នើមៗ ក្នុងកីឡាសិស្សមធ្យមសិក្សា ត្រៀមប្រជែងមេដាយថ្នាក់ជាតិ នាខែមិថុនា ២០២៥

កណ្តាល៖ មន្ទី​អប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល​បាន​ជ្រើសរើស​បាន​ធនធាន​កីឡាករ កីឡាការិនី​ឆ្នើម​ៗ​ពី​ការ​រៀបចំ​ការ​ប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា ជើងឯក​ខេត្តកណ្តាល បន្ទាប់​ពី​ដំណើរការ​រយៈពេល​៧​ថ្ងៃ និង​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥​។

ជាមួយនឹង​ការ​រកបាន​កីឡាករ កីឡាការិនី​ឆ្នើម​ៗ​នេះ មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល​នឹង​ត្រៀម​បញ្ជូន​ចូលរួម​ប្រកួតប្រជែង​មេដាយ ក្នុង​ការ​ប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ថ្នាក់​ជាតិ ក្រោម​ការ​រៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ខែមិថុនា ឆ្នាំ​២០២៥ ខាង​មុខ​។

លោក ចេ​ង សំ​អុល ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល បាន​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ខេត្តកណ្តាល ប្រចាំឆ្នាំ​២០២៤-២០២៥​នេះ គឺ​ប្រភេទ​កីឡា​ដែល​ដាក់​ឱ្យ​ប្រកួតប្រជែង​ចំនួន​៥​រួម​មាន កីឡាបាល់ទាត់ កីឡាបាល់បោះ កីឡាបាល់ទះ កីឡាអត្តពលកម្ម និង​កីឡា​ប៊ូល​-​ប៉េតង់​។ សរុប​ក្រុម​ចូលរួម​មាន​ចំនួន​៥៥​ក្រុម ក្នុង​នោះ​កីឡាការិនី​១៨​ក្រុម សរុប​រួម​កីឡាករ​កីឡាការិនី​ចូលរួម​មាន ៦៧៤​នាក់​។

ឯកឧត្តម ហាក់ សុខ​មក​រា អភិបាលរង​ខេត្តកណ្តាល​បាន​គូសបញ្ជាក់​ថា ការ​ប្រកួត​កីឡា​សម្រាប់​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ប្រចាំឆ្នាំ​សិក្សា​២០២៤-២០២៥ នា​ពេល​នេះ គឺ​ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេស និង​ជ្រើសរើស​យក​កីឡាករ កីឡាការិនី ដែល​ឆ្នើម​ៗ និង​មាន​ទេព​កោសល្យ​ល្អ​មក​ប្រមូលផ្តុំ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​សិក្សា​២០២៤-២០២៥ នា​ពេល​ខាង​មុខ​។ ឯកឧត្តម​បន្ថែម​ថា វិស័យ​កីឡា​របស់​ខេត្តកណ្តាល​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ នេះ​គឺជា​ការ​យកចិត្តទុកដាក់​ពី​រដ្ឋបាល​ក្រុង​ស្រុក និង​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​មធ្យមសិក្សា ក្នុង​ខេត្ត​ទាំងអស់ ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​។

ឯកឧត្តម​លើក​ឡើង​ទៀត​ថា វិស័យ​កីឡា ក៏​បាន​ចូលរួម​យ៉ាង​សកម្ម ដើម្បី​ត្រៀម​ឆ្ពោះទៅ​ការ​ប្រកួត​កីឡា នានា ដោយ​បាន​រៀបចំ​ផែនការ​ប្រកួត​កីឡា​ច្រើន​ប្រភេទ និង​បាន​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្តី​ពី​ការ​អប់រំ​កាយ និង​កីឡា ក្រោម​ពាក្យស្លោក «​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំជីវិត​» ព្រមទាំង​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អនុវត្ត «​ស្តង់ដា​សាលារៀន​គំរូ​» ផង​ដែរ​។

ឯកឧត្តម​អភិបាលរង​បាន​រំលេច​ថា បើ​យើង​ឆ្លុះ​បញ្ចាំង​មក​ការ​ប្រកួត​របស់​យើង​វិញ ឃើញ​ថា ក្មួយ​ៗ​កីឡាករ កីឡាការិនី​ទាំងអស់​បាន​យក​ស្មារតី​សាមគ្គីភាព មក​អនុវត្ត​ក្នុង​ការ​ប្រកួត​នេះ​បាន​ល្អ​ប្រសើរ ទាំង​សាមគ្គីភាព​ក្នុង​ក្រុម និង​រវាង​ក្រុម​មួយ​ទៅ ក្រុម​មួយទៀត​ធ្វើ​ឱ្យ​ការ​ប្រកួត​នេះ​បាន​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​។ ចំពោះ​ក្រុម​ដែល មិន​បាន​ទទួល​ជ័យជម្នះ​ក្នុង​ឱកាស​នេះ ពេល​ត្រឡប់​ទៅ​វិញ​ត្រូវ​ខិតខំ​ហ្វឹកហាត់​បន្ត ដើម្បី​ប្រកួត​ដ​ណ្តើ​យកជ័យ​ជម្នះ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​។ ឯ​ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ​នា​ពេល​នេះ​ត្រូវ​ស្គាល់​ពី​ភារកិច្ច របស់​ខ្លួន​គឺ​ត្រូវធ្វើ​ជា​តំណាង​ឱ្យ​ក្រុមកីឡា​ខេត្តកណ្តាល ដើម្បី​ទៅ​ចូលរួម​ប្រកួត​កីឡា​សិស្ស​មធ្យម សិក្សា​ថ្នាក់​ជាតិ នា​ខែមិថុនា​ខាង​មុខ​នេះ​។ ដូច្នេះ​ក្មួយ​ៗ​កីឡាករ កីឡាការិនី​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​ដើម្បី​យកជ័យ​ជម្នះ​ជូន​ខេត្ត​របស់​យើង​៕

Previous articleបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៤-២០២៥
Next articleឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ ការលេងកីឡាជាការកសាងមិត្តភាពសាមគ្គីភាព និងសុខភាព ក៏ដូចជាការលើកតម្កើងគុណភាព ក្នុងវិស័យកីឡា