ឯកឧត្តម យី វាសនា ៖ កម្ពុជាកសាងប្រវត្តិសាស្ត្រថ្មីជូនដល់អាស៊ី និងជាគំរូក្នុងនាមជាម្ចាស់ផ្ទះ កីឡាបាល់បោះជនពិការ លើកទី១

ភ្នំពេញ៖ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​កម្ពុជា​បាន​គូសបញ្ជាក់​ថា លោកស្រី Nimala Rawit ប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​ជន​ពិការ​ពិភពលោក​បាន​វាយតម្លៃ​ខ្ពស់​ថា កម្ពុជា​បាន​កសាង​ប្រវត្តិសាស្ត្រ​ថ្មី​ជូន​ដល់​អាស៊ី ហើយ​ជា​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​រៀបចំ​ឡើងជា​លើក​ទី​១​នេះ ខណៈ​ម្ចាស់ផ្ទះ​កម្ពុជា​បាន​ឈ្នះ​មេដាយ មាស​ទាំង​ពីរ​វិញ្ញាសា​ផ្នែក​បុរស និង​នារី​តែ​ម្តង​។

នេះ​ជា​ការ​គូសបញ្ជាក់​របស់​ឯកឧត្តម នៅ​ក្នុង​បទ​សម្ភាសន៍​ក្រោយ​បញ្ចប់​ការ​ប្រកួត​កីឡា​កីឡាបាល់បោះ​ជន​ពិការ​អាស៊ី លើក​ទី​១ (1st ASIAN PARA Throwball Championship) ឆ្នាំ​២០២៥ ដែល​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​យប់​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៥ នៅ​ទីលាន​មជ្ឈមណ្ឌល​ជាតិ​នៃ​ជន​ពិការ​តេ​ជោ​សែន រាជធានី​ភ្នំពេញ​។

ឯកឧត្តម យី វាសនា បាន​លើក​ឡើង​ទៀត​ថា លោកស្រី Nimala Rawit ប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​ជន​ពិការ​ពិភពលោក និង​ប្រតិភូ កីឡាករ កីឡាការិនី​មក​ពី​ប្រទេស​ទាំងអស់ ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡាបាល់បោះ​ជន​ពិការ​អាស៊ី លើក​ទី​១ (1st ASIAN PARA Throwball Championship) ឆ្នាំ​២០២៥ នៅ​កម្ពុជា​ដោយ​រលូន និង​ជោគជ័យ​។ នេះ​ជា​ភាព​អស្ចារ្យ​មួយ​របស់​ម្ចាស់ផ្ទះ កម្ពុជា ហើយ​ពួក​គាត់​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រាជា​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​យកចិត្តទុកដាក់ ក្នុង​ការ​ជំរុញ​ឱ្យ​ព្រឹត្តិការណ៍​ជា​លើក​ដំបូង​មួយ​នេះ​ទទួល​បាន​ដោយ​ជោគជ័យ​។

ឯកឧត្តម យី វាសនា បន្ថែម​ថា ការ​រៀបចំ​មាន​របៀប លំដាប់លំដោយ ហើយ​គំរូ​រៀបចំ​របស់​ម្ចាស់ផ្ទះ​កម្ពុជា​នឹង​ត្រូវ​បន្ត​ទៅ​ប្រទេស​ផ្សេង​ៗ​ទៀត ដែល​ប្រទេស​ផ្សេង​ៗ​នឹង​យក​គំរូ​តាម​។ ឯកឧត្តម យី វាសនា គូសបញ្ជាក់​ថា លោកស្រី Nimala Rawit បាន​វាយតម្លៃ​ខ្ពស់​ថា​កម្ពុជា​បាន​កសាង​ប្រវត្តិសាស្ត្រ​ថ្មី​ជូន​ដល់​អាស៊ី ហើយ​ជា​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​រៀបចំ​ឡើងជា​លើក​ទី​១ បើ​ទោះជា​មានការ​លំបាក ប៉ុន្តែ​យើង​បាន​ខិតខំ​ប្រែង​អស់ពី​លទ្ធភាព​។ ដូច្នេះ​កិច្ចសហការ​គ្រប់​ភាគី​ពាក់ព័ន្ធ រួម​ទាំង​អ្នក​ស្ម័គ្រចិត្ត​។ ប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​ជន​ពិការ​ពិភពលោក​ក៏​បាន​កោតសរសើរ​ចំពោះ​ការ​ហ្វឹកហាត់​របស់​អត្ត​ព​លិ​កម្ពុជា ដែល​ហ្វឹកហាត់​ត្រឹម​រយៈពេល​២​ខែ ប៉ុន្តែ​កម្ពុជា​ដណ្តើម​បាន​មេដាយមាស​ទាំង​២​វិញ្ញាសា​តែ​ម្តង​។

ប្រតិភូ​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ចំនួន ៦​ប្រទេស សរុប​១២២​នាក់ បាន​ស្នាក់​នៅ​ហូប​ចុក​ជុំ​គ្នា​នៅ​មជ្ឈមណ្ឌល​ជាតិ​នៃ​ជន​ពិការ​តេ​ជោ​សែន ទាំងអស់​គ្នា​តែ​ម្តង​។ ចំពោះ​ផ្នែក​គ្រប់គ្រង​ការ​ដឹកនាំ​បច្ចេកទេស​របស់​មន្ត្រី​ត្រូវ​បាន​ឯកឧត្តម​អគ្គលេខាធិការ​អះអាង​ថា ជា​ធម្មតា នៅ​ក្នុង​ពិភពលោក​តែងតែមាន​កំហុស​មួយ​ចំនួន​ជៀស​មិន​ផុត ដែល​មានការ​តវ៉ា ប៉ុន្តែ​ឈាន​ដល់​ការ​ប្រកួត​ថ្ងៃ​ទី​ពីរ មិន​មានការ​តវ៉ា​នោះ​ទេ ដោយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​តាម​លក្ខខណ្ឌ​បច្ចេកទេស​ស្តង់ដា​ពិភពលោក​តែ​ម្តង​។

តាម​រយៈ​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់បោះ​ជន​ពិការ​អាស៊ី​នេះ គឺជា​គុណ​តម្លៃ​មួយ​ដែល​គេ​យល់​ថា កម្ពុជា​ក្លាយជា​គំរូ ហើយ​យក​ទៅ​សិក្សា​បន្ត​ទៀត ហើយ​នៅ​អនាគត​គេ​នឹង​យក​សៀវភៅ​គោលការណ៍​សម្រាប់​ប្រភេទ​កីឡាបាល់បោះ​ជន​ពិការ​នេះ​។ ជាមួយនឹង​ពិធី​បិទ​ជា​ផ្លូវការ​នេះ ម្ចាស់ផ្ទះ​កម្ពុជា​បាន​ធ្វើ​ពិធី​ផ្ទេរ​ទង់​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី សម្រាប់​ការ​ធ្វើ​ម្ចាស់ផ្ទះ​បន្ត​ជា​លើក​ទី​២ នា​ឆ្នាំ​២០២៦​ខាង​មុខ​។

ឯកឧត្តម យី វាសនា បាន​សង្កត់ធ្ងន់​ទៀត​ថា ជា​គោលដៅ គឺ​កម្ពុជា​នឹង​ត្រៀមខ្លួន​ចេញ​ទៅ​ប្រកួត នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ឆ្នាំ​២០២៥ ដើម្បី​ការពារ​ដំណែង​ម្ចាស់​មេដាយមាស​ទាំង​២​វិញ្ញាសា​ក្រុម​បុរស និង​នារី ជាមួយនឹង​ក្តី​សង្ឃឹម​ខ្ពស់​ថា កម្ពុជា​នឹង​អាច​ការពារ​មេដាយមាស​បាន នៅ​ឆ្នាំ​២០២៦​បាន ដោយសារ​តែ​ការ​ប្រកួត​របស់​កម្ពុជា​មាន​ពិន្ទុ​លើ​ក្រុម​ជម្រើសជាតិ​ផ្សេង​ៗ​ទៀត​ដាច់​ឆ្ងាយ ខណៈ​សិត​ខ្លះ​កម្ពុជា​ឈ្នះ​ក្នុង​ពិន្ទុ​២៥ ទល់ ០៥។

គួរ​បញ្ជាក់​ថា ឆ្លងកាត់​ការ​ប្រកួត​រយៈពេល​២​ថ្ងៃ ជា​លទ្ធផល​បច្ចេកទេស គឺ​ម្ចាស់ផ្ទះ​កម្ពុជា​ដណ្តើម​បាន​មេដាយមាស​ទាំង​២​វិញ្ញាសា ដោយ​វិញ្ញាសា​ផ្នែក​បុរស​ក្រុម ចំណាត់ថ្នាក់​លេខ​១ មេដាយមាស កម្ពុជា លេខ​២ ស្រី​លង្កា និង​លេខ​៣ ឥណ្ឌា ខណៈ​វិញ្ញាសា​ក្រុម​ផ្នែក​នារី ចំណាត់ថ្នាក់​លេខ​១ មេដាយមាស ក្រុម​កម្ពុជា លេខ​២ ថៃ និង​លេខ​៣ ឥណ្ឌា​៕

Previous articleឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ ការលេងកីឡាជាការកសាងមិត្តភាពសាមគ្គីភាព និងសុខភាព ក៏ដូចជាការលើកតម្កើងគុណភាព ក្នុងវិស័យកីឡា
Next articleMan City ត្រៀមដាក់សំណើរតម្លៃ ១៥០លានអឺរ៉ូ ដើម្បីផ្ទេរយក Florian Wirtz