រកឃើញបេក្ខភាពឆ្នើមៗ ត្រៀមជុំផ្តាច់ព្រ័ត្រ កីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កាន្ត ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី»

ភ្នំពេញ៖ ការ​ប្រកួត​កីឡា​អុកចត្រង្គ ពានរង្វាន់​អង្គរ​សង្ក្រាន្ត​បាន​បញ្ចប់​ការ​ប្រកួត​ដំណាក់កាល​ទី​២ កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ NOCC ដោយ​គណៈកម្មការ​បច្ចេកទេស​បាន​រក​ឃើញ​បេក្ខភាព​ឆ្នើម​ៗ ៨​នាក់​មក​ពី​តំបន់​ទាំង​៧ និង​បេក្ខភាព ២​នាក់​ជា​និស្សិត​មហាវិទ្យាល័យ សរុប ១០​នាក់ នឹង​ត្រូវ​ចូលរួម​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្រោម​ប្រធានបទ «​ញញឹម​សាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​» នា​ថ្ងៃ​ទី​១៤-១៦ ខែមេសា ឆ្នាំ​២០២៥ នៅ​ខេត្តសៀមរាប​។

បេក្ខភាព​ឆ្នើម​ៗ​ទាំង ១០​នាក់ រួម​មាន​៖ កីឡាករ យ៉ា​ន សុខ​លាង មក​ពី​រាជធានី​ភ្នំពេញ​, កីឡាករ សុខ លី​ម​ហេង មក​ពី​រាជធានី​ភ្នំពេញ កីឡាករ ម៉េ​ង សេរី​សម្បត្តិ មក​ពី​រាជធានី​ភ្នំពេញ កីឡាករ លឹ​ម ផល្លា មក​ពី​ខេត្ត​ប៉ៃលិន​កីឡាករ ហេង សៅ​ឌី មក​ពី​ខេត្តកណ្តាល កីឡាករ ហាក់ ឡាំ​បៀរ មក​ពី​ខេត្តកំពង់ចាម កីឡាករ ឈាវ បូ​រ៉ា មក​ពី​ខេត្តកំពង់ចាម និង​កីឡាករ ជា ស៊ី​ដេ​ត មក​ពី​ខេត្តបាត់ដំបង​។ ចំពោះ​បេក្ខភាព​ឆ្នើម​ៗ២​នាក់ ផ្នែក​និស្សិត​មហាវិទ្យាល័យ រួម​មាន​៖​កីឡាករ​ឃឹម ឃឹម និង​កីឡាករ ស្រី រតនា​។

ចំពោះ​បេក្ខភាព​ផ្នែក​ក​កុមារ ត្រៀម​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ​ដែរ រួម​មាន​៖ ចំណាត់ថ្នាក់​ក្រោយ​ការ​ប្រកួត ក្រុម ក ៖ លេខ​១ កីឡាករ យ៉ា​ន តា​យ​អ៊ី មក​ពី​វិទ្យាល័យ​កំ​បូល រាជធានី​ភ្នំពេញ ក្លឹ​ប​សេះ​ចម្បាំង លេខ​២ កីឡាករ ជឹ​ង ផេង​ឡេ​ង មក​ពីសា​លា​គោក​បី​ជាន់ រាជធានី​ភ្នំពេញ ខណៈ​ក្រុម ខ ៖ លេខ ១ កីឡាករ សេង វុ​ត្រា មក​ពីសា​លា​ចំណេះ​ទូទៅ​បេស​អេ​ដ រាជធានី​ភ្នំពេញ និង​លេខ ២ កីឡាករ ឈាវ បូ​រិ​ន្ទ មក​សាលា​អា​មេ​រិច​កាំ​ង​ហ្គោ​ល​ឌិន​ហ្គេ​ត រាជធានី​ភ្នំពេញ​។

ការ​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​នឹង​ត្រូវធ្វើ​ឡើង ពី​ថ្ងៃ​ទី​១៤-១៦ ឆ្នាំ​២០២៥ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​ខេត្តសៀមរាប ដោយ​បេក្ខភាព​ឆ្នើម​ៗ​ទាំង​១០​នាក់​នេះ​ត្រូវ​បែងចែក​ជា​ពីរ​ពូ​ល ហើយ​ត្រូវ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល និង​ខ្វែង​ពូ​ល រហូត​ដល់​ស្វែងរក​បេក្ខភាព​ជ័យ​លា​ភី​ជើងឯក ដែល​នឹង​ក្លាយជា «​ស្តេច​អុក​» ប្រចាំឆ្នាំ​២០២៥​ផង​ដែរ​។

គួរ​រម្លឹក​ថា បើ​តាម​ការ​គូសបញ្ជាក់​របស់​ឯកឧត្តម ហេង សុខ​គង់ រដ្ឋលេខាធិការ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​នវានុវត្តន៍ និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​ការ​ប្រកួត​អុកចត្រង្គ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០២៥​បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​អុកចត្រង្គ ពានរង្វាន់​អង្គរ​សង្ក្រាន្ត​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម ក្រោម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​លោក ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ផង​នោះ​បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​ប្រកួត​កីឡា​អុកចត្រង្គ​របស់​កុមា​រា កុមារី និង​និស្សិត​នានា ព្រមទាំង​ផ្នែក​មហាជន​។ ការ​ប្រកួត​នេះ​បាន​កិច្ចសហការ​ជាមួយ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ក្នុង​ន័យ​ជួយ​លើកកម្ពស់​ដល់​វិស័យ​កីឡា​អុកចត្រង្គ តាម​រយៈ​ការ​អភិរក្ស និង​អភិវឌ្ឍ​ប្រភេទ​កីឡា​អត្ត​សញ្ញាញ​ជាតិ​របស់​ខ្មែរ​មួយ​នេះ​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​៕

Previous articleChelsea ឆ្លើយតបទៅកាន់ក្លឹបដែលចង់បានកីឡាករ Enzo Fernandez
Next articleឯកឧត្តម ខូវ ឆាយ ដឹកនាំអ្នកប្រដាល់គុនខ្មែរ៤នាក់ ចេញទៅប្រកួត-ផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក