ឯកឧត្តម ខូវ ឆាយ ដឹកនាំអ្នកប្រដាល់គុនខ្មែរ៤នាក់ ចេញទៅប្រកួត-ផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នឹង​ដឹកនាំ​កីឡាករ កីឡាការិនី​៤​រូប​ទៅ​ប្រកួត និង​ផ្សព្វផ្សាយ នៅ​ទីក្រុង​ឡុ​ង​បិ​ច រដ្ឋ​កាលី​ហ្វ​ញ៉ា សហរដ្ឋអាមេរិក​នា នៅ​៦​ល្ងាច​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៥ នៅ​អា​មេ​រិ​ក​ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​១៣ ខែមេសា ២០២៥ ម៉ោង​៨​ព្រឹក នៅ​កម្ពុជា​។

នេះ​ជា​ការ​គូសបញ្ជាក់​របស់​ឯកឧត្តម ខូ​វ ឆាយ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៥​នេះ​។ ឯកឧត្តម ខូ​វ ឆាយ បាន​បន្ថែម​ថា អ្នក​ប្រដាល់​គុន​ខ្មែរ​ទាំង​៤​រូប គឺ​កីឡាការិនី អេ យ៉ា​នុ​ត​, កីឡាករ ពេជ្រ សម្បត្តិ​, រឿង សោ​ភ័​ណ្ឌ និង​ធន់ រិ​ទ្ធី ដោយ​អ្នក​ទាំង​៤​នឹង​ត្រូវ​ប្រកួត​ជាមួយ​គូប្រកួត​ជា​ជនជាតិ​អា​មេ​រិ​ក​ទាំងអស់ ដែល​ពួក​គេ​សុទ្ធសឹងតែ​អ្នក​ប្រដាល់​កម្រិត​ខ្ពស់​ដូច​ៗ​គ្នា​តែ​ម្តង​។ អ្នក​ប្រដាល់​គុន​ខ្មែរ​ទាំង​៤​រូប​នឹង​ត្រូវ​ប្រកួត​ដណ្តើម ខ្សែក្រវាត់ ក្នុង​នោះ​កីឡាការិនី អេ យ៉ា​នុ​ត និង​កីឡាករ រឿង សោ​ភ័​ណ្ឌ ដណ្តើម​ខ្សែក្រវាត់ កម្ពុជា​-​អា​មេ​រិ​ក ដែល​នាំ​ពី​ខ្សែក្រវាត់​នេះ​នាំ​ចេញពី​កម្ពុជា​ទៅ ក្នុង​លក្ខខណ្ឌ ៣​ទឹក​។ ចំពោះ ធន់ រិ​ទ្ធី និង​ពេជ្រ សម្បត្តិ នឹង​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ WCK Kun Khmer ប្រចាំ​សហរដ្ឋអាមេរិក ក្នុង​លក្ខខណ្ឌ​៥​ទឹក ដោយ​ប្រើប្រាស់​ច្បាប់​ប្រដាល់​គុន​ខ្មែរ​ដូច​ៗ​គ្នា​។

ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​គូសបញ្ជាក់​ថា នេះ​ជា​បេសកកម្ម​ថ្មី​មួយទៀត ដែល​កីឡាករ កីឡាការិនី​ប្រដាល់​គុន​ខ្មែរ​ចេញ​ទៅ​ប្រកួត​ផ្សព្វផ្សាយ​នៅ​ទឹកដី​សហរដ្ឋអាមេរិក​។ នេះ​ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​កម្ពុជា អ្នក​ប្រដាល់​គុន​ខ្មែរ​ចេញ​ទៅ​ប្រកួត និង​ផ្សព្វផ្សាយ​គុន​ខ្មែរ ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។

ប្រធាន​សហព័ន្ធ​រូប​នេះ​បាន​សង្កត់ធ្ងន់​ទៀត​ថា ការ​រៀបចំ​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នៅ​អា​មេ​រិ​ក​នេះ គឺ​ចាប់​ដៃគូ​ជាមួយ​ស្ថាប័ន WCK ដែល​មាន​អាជ្ញា​បណ្ណ​រៀបចំ​ការ​ប្រកួត​នៅ​អា​មេ​រិ​ក ជា​ពិសេស​នៅ​រដ្ឋ​កាលី​ហ្វ​ញ៉ា​តែ​ម្តង ខណៈ​ការ​ប្រកួត​នេះ​គឺ​ប្រើ​ឈ្មោះ​គុន​ខ្មែរ​ទាំងស្រុង​តែ​ម្តង រាប់​ទាំង​ការ​តុបតែង​លម្អ ក្រោម​ការ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន វឌ្ឍនៈ​ប្រ៊ូ​វើ​រី ភេស្ជជៈ​គ្រុឌ​នេះ​តែ​ម្តង​៕

Previous articleរកឃើញបេក្ខភាពឆ្នើមៗ ត្រៀមជុំផ្តាច់ព្រ័ត្រ កីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កាន្ត ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី»
Next articleខ្សែក្រវាត់ WBC KUN KHMER ត្រូវបានលោកឧកញ៉ា ស្រី ចាន់ថន នាំយកមកកាន់កម្ពុជាប្រកបដោយមោទកភាពជាតិ