ភ្នំពេញ៖ ខ្សែក្រវាត់ WBC KUN KHMER របស់ស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC) ជាមួយនឹងការរចនាដ៏ស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំងនោះត្រូវបានលោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្លឹបកីឡាប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) និងអនុប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិបាននាំយកមកដល់ទឹកដីកម្ពុជាប្រកបដោយមោទកភាពជាតិជាមួយនឹងការដង្ហែរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមដងមហាវិថីនានាយ៉ាងអធិកអធមឆ្ពោះមកកាន់ក្លឹប KKIF ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
លោកឧកញ៉ា ស្រី ចាន់ថន បានគូសបញ្ជាក់ថា នេះគឺជាការជោគជ័យថ្មី ហើយក៏ជាក្ដីស្រម៉ៃរបស់លោក ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលចង់ឃើញពាក្យ «គុនខ្មែរ ឬ Kun Khme» ព្រមទាំងទង់ជាតិកម្ពុជា នៅលើខ្សែក្រវាត់ WBC ដែលជាខ្សែក្រវាត់កម្រិតពិភពលោកដ៏ល្បីល្បាញ ហើយឥឡូវក្ដីស្រម៉ៃបែបនេះបានក្លាយជាការពិត បន្ទាប់ពី ចំណាយរយៈពេលមួយឆ្នាំ ដើម្បីផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក។ ប្រធានក្លឹប KKIF បន្ថែមថា «ទម្រាំទទួលបានជោគជ័យក្នុងការចរចា រហូតថ្នាក់ដឹកនាំស្ថាប័ន WBC សម្រេចដាក់បញ្ចូលពាក្យ «គុនខ្មែរ ឬ Kun Khmer» ក្នុងខ្សែក្រវាត់ជាផ្លូវការនេះបានឆ្លងកាត់លក្ខខណ្ឌជាច្រើន ដោយពិនិត្យលើសកម្មភាពគុនខ្មែរ ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសាលាចារឹក និងប្រវត្តិគុនខ្មែរផ្ទាល់ នៅតាមជញ្ជាំងប្រាសាទបុរាណ ជាមួយការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ពិសេសកត្ដាសុខសន្ដិភាពនៅកម្ពុជា ទើបស្ថាប័នពិភពលោកនេះ សម្រេចដាក់ពាក្យ «Kun Khmer» លើខ្សែក្រវាត់ WBC»។
លោកឧកញ៉ា និងក្រុមការងារក្លឹប KKIF បានចំណាយពេលជិត ១ឆ្នាំ ក្នុងការសិទ្ធិស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC) អំឡុងពេលលោកនាំយកកីឡាករគុនខ្មែរយើងទៅអាមេរិកដើម្បីសម្តែង និងផ្សព្វផ្សាយគុនខ្មែរលើកឆាកអន្តរជាតិ។ ខ្សែក្រវាត់ WBC Kun Khmer ជាមោទនភាពដ៏ធំធេងសម្រាប់គុនខ្មែរ ព្រោះ WBC ជាប្រភេទខ្សែក្រវាត់កម្រិតពិភពលោកដ៏ល្បីល្បាញ ហើយកីឡាករប្រដាល់លំដាប់ពិភពលោកជាច្រើន បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈការឈ្នះបានខ្សែក្រវាត់ WBC នេះ។ ដោយឡែក សម្រាប់វិស័យកីឡាប្រដាល់គុនខ្មែរទើបតែបានទទួលស្គាល់ផ្លូវការពីស្ថាប័ន WBC ហើយនេះជាមូលហេតុចម្បងដែលកម្ពុជាតាមរយៈលោកឧកញ៉ាអាចបង្កើតខ្សែក្រវាត់ WBC Kun Khmer ជាប្រវត្តិសាស្ត្រលើកដំបូង ដើម្បីបើកផ្លូវឱ្យកម្ពុជា មានសិទ្ធិរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់នេះជាផ្លូវការ ក្នុងការផ្សព្វផ្សាយ «គុនខ្មែរ» ទៅកាន់ពិភពលោកប្រកបដោយមោទកភាពជាតិ។
ដើម្បីអបអរសាទរជោគជ័យ នៃការដាក់ពាក្យ គុនខ្មែរ ឬ Kun Khmer»លើខ្សែក្រវាត់ស្ថាប័នពិភពលោកនេះ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ លោកឧកញ៉ា ស្រី ចាន់ថន គ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យមួយ នៅខេត្តព្រះសីហនុ ដែលជាការប្រកួតដណ្ដើមខ្សែក្រវាត់ WBC Kun Khmer លើកដំបូងរវាងកីឡាករគុនខ្មែរពីរនាក់ គឺកីឡាករកម្ពុជា ឈឿង ល្វៃ និងសុខធី ជាមួយកីឡាករបរទេស។ ព្រឹត្តិការណ៍លើកដំបូងនេះ សរុបមាន ៨គូ ដោយកីឡាករកម្ពុជា សុទ្ធតែត្រូវជួបកីឡាករបរទេស ប៉ុន្តែបេក្ខភាពដណ្ដើមខ្សែក្រវាត់ប្រដាល់សកល ២គូផងដែរ។ អ្វីដែលពិសេស គឺនឹងមានការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំស្ថាប័ន WBC ទៀតផង៕